បើយោតាមក្រសួងវប្បធម៏ និងវិចិត្តសិល្បៈ បានឲ្យដឹងថា ល្ខោនបាសាក់សព្វថ្ងៃនេះមានប្រភពមកពីល្ខោនទ្រើងឃ្លោកហើយបានរីកចម្រើនឡើងដោយស្នាដៃបញ្ញវន្តមួយក្រុមដែលមានចំណេះជ្រៅជ្រះខាងអក្សរសិល្ប៍ និងសាសនា ខេត្តបាសាក់ព្រះត្រពាំង” កម្ពុជាក្រោម ដែលមានការដឹកនាំដោយ អតីតចៅអធិការវត្តខ្សាច់កណ្ដាលមានឈ្មោះថា លោកគ្រូសួរ ដែលខំតស៊ូរដើម្បីបង្កើតល្ខោនបាសាកនេះ។ ដើម្បីយល់កាន់តែច្បាស់ពី ប្រវត្តិនៃល្ខោនបាសាក់នេះ ជាបន្តសូមស្តាប់គួន សំបូរពណ៌នា ដូចតទៅ៖
ក្រោយពេលសឹកមកគោលបំណងថែរក្សាជំរុញលើកតម្លៃវប្បធម៌ជាតិរបស់ខ្លួនលោកគ្រូ “សួរ” ក៏បានប្រមែប្រមូលអ្នកសឹកពីបួស ដូចគ្នាព្រមដោយ កូនសិស្សពុទ្ធបរិស័ទផ្សេងៗទៀត បង្កើតជាល្ខោនមួយវង់ ។ប៉ុន្តែដោយកាលណោះនៅមានកង្វះខាតខាងផ្នែកសម្ភារៈនិងឆាកល្ខោននេះត្រូវគេនាំគ្នាសម្ដែងដោយផ្ទាល់ដីក្នុងរោងដែលសង់ឡើងដោយប្រក់ ឫកាប់មែកឈើយកមកធ្វើជាឆាក គ្របប្រហាក់ប្រហែលគ្នានឹងទ្រើងដែលគេដាំឃ្លោកទើបអ្នកស្រុកគេនិយមនាំគ្នាហៅល្ខោននេះថា ជាល្ខោនទ្រើងឃ្លោក ។ល្ខោនទ្រើងឃ្លោកនេះ មានវត្តមានរហូតដល់អំឡុងឆ្នាំ ១៩៥៣។
អ្នកខ្លះនិយមហៅ ល្ខោនទ្រើងឃ្លោកនេះថាជា “យូកេរ្តិ៍” វិញ។ពាក្យយូរកេរ្តិ៍នេះជាពាក្យដ៏មានតម្លៃសម្រាប់បញ្ជាក់ថាទម្រង់សិល្បៈនេះគឺជាមរតកតាំងពីយូរលង់មកហើយរបស់ជនជាតិខ្មែរ។ឈ្មោះនេះត្រូវបងប្អូនខ្មែរកម្ពុជាក្រោមប្រើប្រាស់រហូតមកដល់សព្វថ្ងៃសម្រាប់សំគាល់ទម្រង់ល្ខោនមួយដែលខ្មែរនៅកម្ពុជាយើងសព្វថ្ងៃនិយមហៅថា ល្ខោនបាសាក់នេះឯង ។
ល្ខោនទ្រើងឃ្លោកបានពង្រឹងប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័សព្រោះអ្នកសម្ដែងសុទ្ធតែជាអ្នកពូកែខាងអក្សរសិល្ប៍ពូកែប្រើពាក្យសម្ដីជាកំណាព្យកាព្យឃ្លោងពូកែការសម្ដែងដោយឥតព្រាងទុកជាហេតុនាំឲ្យទស្សនិកជនមានការកោតសរសើរ និងចូលចិត្តក្រៃលែង ។មិនតែប៉ុណ្ណោះល្ខោននេះបានទៅជាកម្មវត្ថុនៃការប្រឡងប្រជែងជាមួយនឹងល្ខោន “កៃលឿងវៀតណាម” ហើយក៏បានជះឥទ្ធិពលលើគ្នាទៅវិញទៅមក។ក្រោយមកក្នុងការដែលជនជាតិចិនមួយចំនួនធំជាអ្នកភៀសខ្លួនអំពីសង្គ្រាមនៅស្រុកចិនពិសេសក្នុងរយៈពេលនៃការបះបោររបស់ពួកម៉ាន់ជូ (Manchu) បានហូរច្រាលមកតាមសមុទ្រហើយបានចូលមកបោះទីតាំងនៅតំបន់កូសាំងស៊ីននេះរស់នៅលាយឡំជាមួយប្រជាជនខ្មែរ និងប្រជាជន វៀតណាម ។
ក្នុងពេលដែលហូរចុះមកជនជាតិចិនទាំងនោះបាននាំយកនូវទំនៀមទម្លាប់ប្រពៃណី និងសិល្បៈផ្សេងៗដូចជា “ល្ខោនហ៊ី” ជាដើមមកជាមួយផង ។ ទាំងល្ខោនទ្រើងឃ្លោកខ្មែរទាំងល្ខោនកៃលឿងវៀតណាមទាំងល្ខោនហ៊ីចិនបានប្រលងប្រជែងខំប្រឹងបញ្ចេញឥទ្ធិពលរៀងៗខ្លួនដណ្ដើមយកប្រជាប្រិយភាពស្រូបយកចំណង់និងចំណូលចិត្តទស្សនិកជនក្នុងតំបន់នោះ ។ទីបំផុតល្ខោនហ៊ីចិនបានទទួលជោគជ័យដ៏ធំធេង ។ ឃើញហេតុផលយ៉ាងនេះដើម្បីទាមទារប្រជាប្រិយភាពក្នុងចំណោមទស្សនិកជនចម្រុះជាតិសាសន៍នោះអ្នកដឹកនាំល្ខោនទ្រើងឃ្លោក បានចម្លងយកចំណុចសំខាន់ៗខ្លះពីល្ខោនហ៊ីចិនដែលខ្លួនយល់ថាមានសារសំខាន់សម្រាប់ល្ខោនខ្លួន។ ចាប់ពីពេលនោះមកល្ខោនទ្រើងឃ្លោកបានទទួលប្រជាប្រិយដ៏ធំធេងក្នុងតំបន់កូសាំងស៊ីននេះព្រោះពេលនោះទាំងអ្នកដឹកនាំវង់ល្ខោន ទាំងសិល្បករអ្នកសម្ដែងមានការឆ្លាតវាងវៃណាស់នៅទីណាកន្លែងណាដែលមានប្រជាជនខ្មែរជាអ្នកមើលភាគច្រើនគេតែងនាំគ្នាសម្ដែងជាភាសាខ្មែរសុទ្ធកន្លែងណាដែលមានប្រជាជនវៀតណាមមើលច្រើនការសម្ដែងតែងឆ្លូកគ្នាជាពីរភាសា គឺខ្មែរផង វៀតណាមផងកន្លែងណាដែលមានប្រជាជនចិនមើលច្រើន គេតែងនិយាយនិងច្រៀងភាសាខ្មែរផង និងភាសាចិនផងសម្របសម្រួលខ្លួនទៅតាមលក្ខណៈភូមិសាស្ត្រទឹកដីនិងប្រជាជននៅតាមតំបន់។
ចំពោះប្រវត្តិដែលល្ខោនទ្រើងឃ្លោក ឫយូរកេរ្តិ៍ជាមរតកដែលបានចាប់កំណើតនៅកម្ពុជាក្រោមហើយបានត្រូវគេប្ដូរឈ្មោះមកជាល្ខោនបាសាក់នៅកម្ពុជាយើងសព្វថ្ងៃនេះគឺដោយសារតែមានដំណើររឿងដូចខាងក្រោយនេះ៖
នៅក្នុងអំឡុងឆ្នាំ ១៩២០ មានបងប្អូនពីរនាក់ បងឈ្មោះ លី កាញ់ និងប្អូនឈ្មោះ លី សួន និងមានដើមកំណើតកើតជានៅស្រុកបាសាក់ដែនដីកម្ពុជាក្រោម ។ លី កាញ់ជាបងបានចាកចេញពីស្រុកកំណើតរបស់ខ្លួន ដើម្បីទៅរស់នៅប្រទេសបារាំង ។ ក្រោយមកដោយការខំប្រឹងប្រែងរកទទួលទានមានបាន លីកាញ់ ក៏ក្លាយជាអ្នកមានទ្រព្យសម្បត្តិធនធានបង្គួរនៅប្រទេសបារាំង។ថ្ងៃមួយ លីសួន ជាប្អូនផ្ញើសំបុត្រទៅសួរសុខទុក្ខ លី កាញ់ ជាបងហើយក៏បានសុំប្រាក់មួយចំនួនពីបងដើម្បីប្រកបរបរជំនួញជួញដូរនៅឯស្រុកកំណើត របស់ខ្លួន ។លី កាញ់ក្នុងទឹកចិត្តអាណិតប្អូនក្នុងទឹកចិត្តស្រណោះស្រណោកស្រុកកំណើតជាទីរលឹករបស់ខ្លួននិងក្នុងស្មារតីចង់ថែរក្សាវប្បធម៌ពណ៌សម្បុរជាតិរបស់ខ្លួនដែលស្ថិតក្នុងមជ្ឈដ្ឋានចម្រុះជាតិសាសន៍ឲ្យគង់វង្សក៏បានផ្ញើប្រាក់មកឲ្យ លី សួន ជាប្អូនហើយបានសរសេរសំបុត្រប្រាប់ថាសូមប្អូនកុំធ្វើជំនួញដូរអ្វីក្រៅឲ្យសោះ លុយដែលបង ផ្ញើឲ្យនេះសូមប្អូនគិតយ៉ាងណាជួយពង្រីកនិងថែរក្សាសិល្បៈ យូរកេរ្តិ៍ ដែលមានកំណើតនៅឃ្លាំងនៅព្រះត្រពាំងហើយដែលយើងបានមើលទាំងអស់គ្នាជាញឹកញាប់កាលនៅពីតូចៗ នោះឲ្យគង់វង្សផង ។ដោយសារបណ្ដាំ និងជំនួយពី លី កាញ់ ជាបង លី សួន ក៏ក្លាយទៅជាថៅកែល្ខោនបាសាក់ដ៏ល្បីល្បាញដំបូងគេបង្អស់ដែលទស្សនិកជននិយមហៅឈ្មោះ គាត់ថា ថៅកែ “ឆាគ្រួន” ។
ក្នុងឆ្នាំ១៩៣០ ក្នុងពេលដែលទម្រង់នេះរីកចម្រើននៅកម្ពុជាក្រោម “វៀតណាមខាងត្បូង”ថៅកែក្រុមល្ខោនឈ្មោះលោក ឆាគ្រួននេះបាននាំក្រុមសិល្បៈល្ខោនរបស់ខ្លួនមកសម្ដែងធ្វើអាជីវកម្មនៅភ្នំពេញនិងខេត្តនានាក្នុងប្រទេសកម្ពុជា ។ ដំណើរបេសកកម្មទី១របស់ក្រុមល្ខោនលោក ឆាគ្រួនដែលបានមកសម្ដែងនៅ ប្រទេសកម្ពុជាមិនសូវទទួលបានជោគជ័យទេមូលហេតុមកពីទម្រង់ល្ខោននេះត្រូវប្រឡងប្រជែងជាមួយទម្រង់ដទៃទៀតដែលមានយ៉ាងសំបូរបែបនៅកម្ពុជាភាគកណ្ដាល ដូចជាល្ខោនមោជទ័យ “១៩២០-១៩៤០” និងល្ខោនមហោរីដែលកើតមានជាយូរលង់មកហើយ ។ពិតមែនតែលើកទី១នេះ ល្ខោនបាសាក់បានទទួលបរាជ័យប៉ុន្តែពេលនោះសិល្បករល្ខោនបាសាក់បានហាត់រៀននិងស្រូបយកនូវចំណេះថ្មីៗ មួយចំនួនពីទម្រង់ល្ខោននៅភ្នំពេញដូចជាភ្លេងមហោរី ឫចម្រៀងមហោរីជាដើម មុនពេលត្រឡប់ទៅស្រុកវិញ ។
ក្រោយពីពេលហាត់រៀននិងបានសម្ដែងច្រើនលើកច្រើនសារដោយបញ្ចូលបច្ចេកទេសថ្មីៗមួយចំនួនផង ល្ខោននេះ បានទទួលជោគជ័យកាន់តែធំធេង នៅតំបន់កូសាំងស៊ីន ។បន្ទាប់ពីនោះមកលោក ឆាគ្រួន ក៏នាំក្រុមរបស់គាត់តាមទូក ប៉ុកចាយដែលមានគ្រឿងប្រដាប់ដំឡើងឆាក និងសម្ភារៈតុបតែងលំអផ្សេងៗគឺឆាកចល័ត ដែលដំឡើងលើគោកក៏បាន ឫដំឡើងលើទូកក៏បានហើយនាំក្រុមសិល្បៈនេះមកសម្ដែងនៅរាជធានីភ្នំពេញ និងខេត្តឯ ទៀតជាលើកទី២ ។ លើកនេះល្ខោន លោក ឆាគ្រួន បានទទួលជោគជ័យយ៉ាងធំធេងក្នុងការប្រកួតប្រជែងជាមួយល្ខោន ប្រាមោជ្ជទ័យនិងល្ខោនមហោរីនៅភ្នំពេញ និងតំបន់ដទៃទៀតនៅប្រទេសកម្ពុជាពិសេសគឺខេត្តតាមមាត់ទន្លេ ។ ល្ខោនលោក ឆាគ្រួននេះស្រូបយកទស្សនិកជនយ៉ាងច្រើនគគ្រឹកគគ្រេងហើយបានធ្វើឲ្យល្ខោនប្រាមោជទ័យនិងល្ខោនមហោរីធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបាត់បង់ប្រជាប្រិយភាពហើយចំនួនទស្សនិកជនចេះតែថយចុះជាលំដាប់ ។ដោយសារមធ្យោបាយសម្ដែងថ្មីរហ័សរហួន ស្វាហាប់ការតុបតែងលំអឆាកសំលៀកបំពាក់ការលាបមុខ ឫគូរមុខដ៏ល្អទាំងល្បិចហោះហើរក៏ប៉ិនប្រសប់ពិសេសសំនៀងរដឺន ទាំងសម្ដីនិយាយ ទាំងចម្រៀងរបស់ខ្មែរបាសាក់ស្រទន់ពីរោះ ហើយពាក្យសម្ដី ប្រកបដោយអត្ថន័យ ខ្លឹមសារល្អព្រោះអ្នកសម្ដែងភាគច្រើនច្រើនជាអ្នកមានចំណេះជ្រៅជ្រះខាងអក្សរសិល្ប៍ និងសាសនាផងធ្វើឲ្យទស្សនិកជននៅកម្ពុជាកណ្ដាលនេះជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង រហូតដល់គេនាំគ្នាហៅ ឫឲ្យឈ្មោះទម្រង់ល្ខោននេះថា ជា “ល្ខោនបាសាក់” ដោយយកទីកន្លែងនៃទម្រង់សិល្បៈនេះរីកចម្រើន? មកដាក់ឈ្មោះឲ្យទម្រង់ល្ខោននេះតែម្ដង ។ គឺចាប់ពីពេលនោះមកហើយដែលល្ខោនទ្រើងឃ្លោក ឫ យូរកេរ្តិ៍ប្រែឈ្មោះជាល្ខោនបាសាក់ដែលយើងស្គាល់ និងបានឃើញរហូតដល់សព្វថ្ងៃនេះ ។
ដោយមូលហេតុសេដ្ឋកិច្ចក្នុងបំណងយកទម្រង់សិល្បៈធ្វើជំនួញពួកថៅកែជាច្រើននាក់នៃវង់ល្ខោននៅភ្នំពេញ បានរកវិធីធ្វើឲ្យវង់ល្ខោនលោក ឆាគ្រួនធ្លាក់ចូលក្នុងវិបត្តិរលាយក្រុមហើយការសម្ដែងចុះខ្សោយដោយប្រើទឹកលុយទិញដោយលួចលាក់នូវសិល្បករពូកែៗ គ្រូល្ខោនពូកែៗដើម្បីឲ្យបែកខ្ចាយចេញពីវង់ល្ខោន លោកថៅកែ ឆាគ្រួនដើម្បីចូលមកផ្ដល់ចំណេះ និងបម្រើនៅក្នុងក្រុមសិល្បៈរបស់ខ្លួនវិញ។ វង់សិល្បៈល្ខោនបាសាក់របស់លោក ឆាគ្រួនបានជួបប្រទះនឹងវិបត្តិយ៉ាងធំមែន ព្រោះគ្រូធំៗដូចជាលោកគ្រូខ្មៅលោកគ្រូខ្លា និងមិត្តភ័ក្ដិដទៃទៀតមួយចំនួនបានចាកចេញពីក្រុមលោក ឆាគ្រួន ហើយចូលទៅបង្ហាត់ចំណេះល្ខោនបាសាក់ទាំងផ្នែកតន្ត្រី ទាំងហួន ទាំងចម្រៀង ទាំងការសម្ដែងដោយឥតព្រាងទុកដល់ក្រុមដទៃទៀត ។
គឺចាប់ពីពេលនោះមកហើយដែលល្ខោនបាសាក់ចាប់សាយភាពខ្លាំងមែនទែននៅប្រទេសកម្ពុជាតាមរយៈការធ្វើសកម្មភាពទៅមកសម្ដែងចុះឡើងៗ គ្រប់ទីកន្លែងហើយមានក្រុមខ្លះបានទៅបោះទីតាំងនៅខេត្ត និងស្រុកនានាបានទៅបង្រៀន និងកសាងក្រុមជាច្រើនតាមមូលដ្ឋានផ្សេងៗគ្នា
៕
៕
No comments:
Post a Comment