ស្ថាបត្យកម្មថ្ម មានដូចជា ថ្មធម្មជាតិ ដែលគេបញ្ឈរ សម្រាប់សម្គាល់ថា ជាទីសក្ការៈបូជា ដ៏ស័ក្តិសិទ្ធិ ព្រមទាំងថ្មដែកផងនោះ គឺជាស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យនាសម័យបុរេប្រវត្តិសាស្ត្រតាំងពីយូយារណាស់មកហើយ។ទន្ទឹមនឹងនេះ យើងក៏បានឃើញដែរនូវរណ្តៅកប់សពដែលគេបានចោះក្នុងថ្ម និងវត្តមាននៃក្តាមឈូសថ្ម និងឈើជាដើម។ដើម្បីយល់កាន់តែច្បាស់ពីភាពអស្ចារ្យនេះ ជាបន្តសូមស្តាប់គួន សំបូរពណ៌នា ដូចតទៅ៖
តាមរយៈរបកគំហើញខាងបុរាណវិទ្យាបុរេប្រវត្តិសាស្ត្រគួបផ្សំទៅនឹងការវិភាគនៃកំណត់ហេតុចិននាសម័យប្រវត្តិសាស្ត្រយើងបានដឹងអំពីវិសាលភាពនៃទឹកដីខ្មែរនាដើមស.វទី១ នៃគ.សនិងកម្រិតវប្បធម៌ដ៏រុងរឿងរបស់ជនជាតិខ្មែរនៅលើជ្រោយឥណ្ឌូ-ចិន យើងនេះ។ហើយដោយសារយោងតាមទិន្នន័យវិទ្យាសាស្ត្រទាំងនោះ ដែលបុព្វការីជនខ្មែរបានបន្សល់ទុកពាសពេញទូទាំងភូមិភាគនេះ ជាពិសេសនៅប្រទេសលាវ/ឡាវ វៀតណាមកណ្តាលនិងត្បូង និងប្រទេសថៃបច្ចុប្បន្ន យើងអាចបញ្ជាក់បានថាស្ថិតក្នុងអម្បូរមន-ខ្មែរ ដូចតាខ្មែរនាសម័យមុនការបង្កើតរដ្ឋហ្វូ-ណន (នគរភ្នំ) បានស្គាល់វិស័យស្ថាបត្យកម្មប្រចាំជាតិរបស់ខ្លួនរួចទៅហើយ។
ជារួមនៅប្រទេសកម្ពុជាសព្វថ្ងៃ ក៏ដូចនៅលើទឹកដីកំណើតរបស់ពូជសាសន៍ខ្មែរដែរមុនការលេចធ្លោឡើងនូវប្រាង្គប្រាសាទ និងទីក្រុងបែបឥណ្ឌា ឬអ៊ឺរុបវិស័យស្ថាបត្យកម្មនាសម័យបុរេប្រវត្តិសាស្ត្រ ត្រូវចែកចេញជាពីរប្រភេទធំៗគឺថ្ម និង ឈើ។ស្ថាបត្យកម្មថ្ម មានដូចជា ថ្មធម្មជាតិ ដែលគេបញ្ឈរ សម្រាប់សម្គាល់ថា ជាទីសក្ការៈបូជា ដែលមានលក្ខណៈស័ក្តិសិទ្ធិ ព្រមទាំងថ្មដេកដូចជានៅភាគខាងជើងនៃប្រទេសលាវបច្ចុប្បន្នដែលតាមពិតទៅគឺគេដាក់គងលើគ្នា (មួយផ្ទាំងនៅពីលើ និងពីរទៀតនៅខាងក្រោមជាទម្រង់)ដើម្បីបញ្ចុះសព។ទន្ទឹមនឹងនេះ យើងក៏បានឃើញដែរនូវរណ្តៅកប់សពដែលគេបានចោះក្នុងថ្ម និងវត្តមាននៃក្តាមឈូសថ្ម និងឈើដូចករណីក្តារមឈូសនៅស៊ុនឡុក (កម្ពុជាក្រោម) និងក្តារមឈូសនៅខេត្តកញ្ជនៈបុរី (ប្រទេសសៀម)។
ប្រភេទស្ថាបត្យកម្មទី២ គឺផ្ទះសម្បែង និងភូមិរាងមូល ឬដែលមានរាងជាពងក្រពើដែលជាទីប្រជុំជន ឬទីក្រុងបុរាណ ធ្វើអំពីដីលើក ហើយមានគូរទឹកហ៊ុំព័ទ្ធជុំវិញដែលលោកភីលិប ហ្គ្រោលីយេ បានឲ្យឈ្មោះថា វប្បធម៌ភូមិមូលនៅមេមត់។ដូចនេះ យើងអាចយល់បានថា ក្នុងសម័យបុរេប្រវត្តិសាស្ត្រយ៉ាងហោចណាស់ក៏ចាប់តាំងពី ១៥០០ឆ្នាំ មុនគ.សពោលគឺក្នុងដំណាក់កាលបុព្វបុរសខ្មែរ បានចេះប្រើផ្ទាំងថ្មធម្មជាតិធំៗដើម្បីធ្វើជានិមិត្តសញ្ញាផ្សេងៗ និងដើម្បីមូលហេតុជំនឿសាសនា។ហើយទន្ទឹមនឹងនេះ ពួកគេក៏ចេះយកថ្មធម្មជាតិទាំងនោះមកកែច្នៃប្រឌិតនូវសំណង់ស្ថាបត្យកម្មដំបូងបង្អស់ដែរ។ នៅទីនេះយើងចង់និយាយដល់ថ្មបញ្ឈរ និងដេក ដែលមានលក្ខណៈជាសកលហើយដែលជាសម្មិទ្ធផលឲ្យក្លាយទៅជារបស់មនុស្សសុទ្ធសាធ ខុសពីថ្មធម្មជាតិធំៗនិងពើង ឬពយ ដែលជាថ្មធម្មជាតិ តែផ្នែកខាងលើលយចន្លោះមួយល្មមសមរម្យធ្វើជាជំរក។
ទោះនៅទីណាក៏ដោយ ក្នុងឧបទ្វីបឥណ្ឌូ-ចិនយើងនេះ សម្មិទ្ធផលទាំងនោះគឺជាសញ្ញាណសំណង់ស្ថាបត្យកម្មដំបូងបង្អស់របស់ ជាតិខ្មែរដែលបានរីកដុះដាលកាលមុនការសាងសង់នូវប្រាង្គប្រាសាទតាមលំនាំស្ថាបត្យកម្មឥណ្ឌាដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនាមកពីឥណ្ឌានាដើមសម័យ ប្រវត្តិសាស្ត្រ។
ខាងលើនេះ សឲ្យឃើញថាសមត្ថភាពសាងសង់របស់បុព្វការីជនខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រមានកម្រិតខ្ពស់រួចទៅហើយ ហើយនាសម័យនោះពួកគេក៏ពិតជាមានទំនាក់ទំនងផ្នែកវប្បធម៌ជាមួយនឹងតំបន់ផ្សេងៗឯទៀតក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ បើយើងពិនិត្យមើលសំណង់ស្ថាបត្យកម្មទាំងនោះដែលមានលក្ខណៈសកល យើងនឹងដឹងថា នៅប្រទេសអ៊ឺរុប គេឲ្យឈ្មោះថា វប្បធម៌ថ្ម។
ខាងលើនេះ សឲ្យឃើញថាសមត្ថភាពសាងសង់របស់បុព្វការីជនខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រមានកម្រិតខ្ពស់រួចទៅហើយ ហើយនាសម័យនោះពួកគេក៏ពិតជាមានទំនាក់ទំនងផ្នែកវប្បធម៌ជាមួយនឹងតំបន់ផ្សេងៗឯទៀតក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ បើយើងពិនិត្យមើលសំណង់ស្ថាបត្យកម្មទាំងនោះដែលមានលក្ខណៈសកល យើងនឹងដឹងថា នៅប្រទេសអ៊ឺរុប គេឲ្យឈ្មោះថា វប្បធម៌ថ្ម។
សូមរំលឹកថា មុនឆ្នាំ ១៩៨១ គ្មានការសិក្សាស្រាវជ្រាវអំពីវប្បធម៌ថ្មស៊ីជម្រៅណាមួយនៅប្រទេសកម្ពុជានៅឡើយ ទោះជាគេដឹងថាមូលដ្ឋានគ្រឹះនៃប្រព័ន្ធគំនិតខ្មែរ គឺស្ថិតលើជំនឿបែបជីវចលនិយម ជាពិសេសជំនឿលើថ្មធម្មធម្មជាតិ ដូចជាការគោរពបូជាថ្ម អ្នកតា ឬភ្នំជាដើមដែលដំណាងឲ្យបុព្វការីជន។បើនិយាយឲ្យចំទៅ មិនមែនគេមិនទទួលស្គាល់តួនាទីយ៉ាងសំខាន់នៃជំនឿលើថ្មរបស់ជនជាតិខ្មែរ ដែលជាជនជាតិចាស់នោះទេ។កង្វះខាតផ្នែកទិន្នន័យបុរាណវិទ្យាចំពោះយើងប្រហែលជាគេមិនបានយកចិត្តទុកដាក់លើភូមិសាស្ត្រជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាបុរាណរបស់ជនជាតិខ្មែរ ដែលបានផ្តល់កំណើតឲ្យជនជាតិនេះ។ត្បិតទឹកដីទាំងនោះត្រូវបានផ្តាច់បន្តិចម្តងៗចេញពីមាតុភូមិខ្មែរចាប់តាំងពីស.វទី ១៣-១៤ ដោយការកកើតឡើងនូវរដ្ឋលាវនិងថៃនៅលើសាកសពនៃភូមិសាស្ត្រជាប្រវត្តិសាស្ត្រចក្រភពកម្ពុជទេស។បើពិនិត្យពីសម័យមុនការលេចធ្លោរឿងនៃរដ្ឋទាំងពីរនេះ គេពិតជាយល់ឃើញថាការមកដល់នៃជនជាតិអម្បូរថៃ-លាវ ដែលមានប្រភពចេញពីភូមិភាគខាងត្បូងនៃប្រទេសចិនគឺជាបញ្ហាថ្មីថ្មោងក្នុងប្រវត្តិសាស្ត្រនៃភូមិភាគអាស៊ីអាគ្នេយ៍យើង នេះ។គឺប្រការនេះហើយ ដែលជម្រុញឲ្យយើងយល់ឃើញថាគេត្រូវតែបញ្ចូលរាល់ទិន្នន័យបុរាណវិទ្យាពាក់ព័ន្ធនឹងវប្បធម៌ថ្មដែលគេបានរកឃើញក្នុងប្រទេសទាំងពីរខាងលើនេះ ក្នុងខឿនវប្បធម៌ខ្មែរបុរាណមុនការបង្កើតរដ្ឋហ្វូ-ណន ឬរដ្ឋខ្មែរដំបូងបង្អស់។
អ្វីដែលយើងទើបលើកយកមកជម្រាបខាងលើនេះ គឺនៅធ្វើឡើងក្នុងគំនិតតែមួយគឺការជៀសវាងការបកស្រាយទិន្នន័យ បុរាណវិទ្យាខុស។ ការបកស្រាយរបៀបនេះច្បាស់ជានៅមានតាមអត្ថបទមួយចំនួន ដែលគេចាត់ទុកថា សម្មិទ្ធផលសង្គមទាំងនោះគឺជាសម្មិទ្ធផលរបស់មនុស្សចំណូលថ្មីក្នុងតំបន់ ទោះបីជាមានការបំភ្លឺឬហាមប្រាមរបស់លោក ហ្សក ស៊ឺដេស ក៏ដោយ ។
ម្យ៉ាងវិញទៀត បើតាមការសង្កេតរបស់យើង ការគោរពបូជាថ្មបានបង្ហាញនូវនិមិត្តរូបស៊ីជម្រៅរបស់ថ្មធម្មជាតិទាំងនោះដែលមានលក្ខណៈមិនខុសគ្នាអំពីជំនឿនៅអ៊ឺរ៉ុបប៉ុន្មានដែរមុនការមកដល់នៃគ្រិស្តសាសនា ដែលមានប្រភពចេញពីប្រទេសអ៊ីស្រាអែលតាមរយៈប្រទេសអ៊ីតាលី។ តែទោះជាយ៉ាងណាក៏ដោយក៏យើងបានឃើញវប្បធម៌លើថ្មនៅឥណ្ឌូ-ចិនរបស់អម្បូរខ្មែរមានលក្ខណៈផ្ទាល់របស់វាដែរ។
ដូចនេះ គេមិនអាចសរសេរអំពីវិស័យសិល្បៈស្ថាបត្យកម្មរបស់ខ្មែរក្នុងដំណាក់កាលដំបូង ដោយមិនផ្អែកលើទិន្នន័យបុរាណវិទ្យាដែលជាស្នាដៃរបស់បុព្វបុរសខ្មែរឡើយ។ ត្រូវជ្រាបថា សិល្បៈស្ថាបត្យកម្មគឺអ្វីៗដែលបានបង្កបង្កើតស្ថាបនាឡើង ដោយការកែច្នៃប្រឌិតរបស់មនុស្សដែលប្រកបដោយគតិ និងបញ្ញាញ្ញាណ ហើយតាមការតម្រូវការប្រើប្រាស់របស់សង្គមទោះបីជាវត្ថុធាតុដើមបានពីធម្មជាតិក្តី។
យើងសូមស្លេះតែប៉ុណេះ សប្តាហ៍ក្រោយយើងខ្ញុំនឹងលើកយកវិស័យស្ថាបត្យកម្មខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ ម្តង់ទៀត ដោយលើកយកការផ្លាស់ប្តូរទម្រង់ ឬទំហំនៃភូមិសាស្ត្រជាប្រវត្តិសាស្ត្រឬប្រព័ន្ធជំនឿសាសនា របស់អតីតព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសារសំខាន់នៃស្ថាបត្យកម្មខ្មែរ នេះផងដែរ
៕
No comments:
Post a Comment