ទ្រនិងចាប៉ី ជាឧបករណ៍តន្ត្រីខ្មែរបុរាណ ដែលប្រើជាមួយក្រុមពិណក្នុងសម័យបុរេអង្គរ និង ជាឧបករណ៍ប្រពៃណីប្រើដោយខ្សែ ដោយមានប្រអប់ស្នូក ឬប្រអប់សំលេងធ្វើអំពីឈើ ឬត្រឡោកដូង។ថ្វីបើឧបករណ៍ទ្រនិងចាប៉ី ក្មេងៗសម័យបច្ចុប្បន្ននេះ មិននិយមចូលចិត្តពិតមែន ក៏ឧបករណ៍ទ្រទាំងពីរនេះ នៅតែជាឧបករណ៍តំណាងនូវវប្បធម៏ និងកាច្នៃប្រឌិតរបស់បុព្វបុរស់ខ្មែរយើងផងដែរ។ដើម្បីយល់កាន់តែច្បាស់ពីប្រភពឧបករណ៍តន្ត្រីខ្មែរបុរាណទាំងពីរនេះ ជាបន្តសូមស្តាប់គួន សំបូរពណ៌នា ដូចតទៅ៖
សម្លេង៖
ទ្រជាឧបករណ៍តន្ត្រីបុរាណ ដែលជនជាតិខ្មែរប្រើកូត ដែលធ្វើអំពីឈើគ្រញូង ខុសពីឧបករណ៍ចាប៉ីវិញ ដែលគេកេះនឹងដៃ ។ ឧបករណ៍ទាំងពីរប្រភេទនេះ ដែលប្រើជាមួយក្រុមពិណក្នុងសម័យបុរេអង្គរ និងអង្គរ ជាឧបករណ៍ប្រពៃណីប្រើដោយខ្សែ ដោយមានប្រអប់ស្នូក ឬប្រអប់សំលេងធ្វើអំពីឈើ ឬត្រឡោកដូង ដូចវត្តមានរបស់សិលាចារឹក និងចម្លាក់ថ្មជាសក្ខីកម្មស្រាប់ ។ ពេលដែលគេកូតទ្រ ឬដេញចាប៉ីម្ដងៗ គេឮសម្លេងស្រាល ហើយស្រទន់គួរឲ្យជក់ចិត្តជាពន់ពេក ជាពិសេសនៅពេលរាត្រី ។ ក៏ប៉ុន្ដែឧបករណ៍ចាប៉ី ក្មេងៗសម័យបច្ចុប្បន្ននេះ មិននិយមចូលចិត្តទេ បើចាស់ៗនៅតាមស្រែចមា្ករនៅចូលចិត្តស្ដាប់នៅឡើយ ។ រីឯទ្រវិញមានក្រុមភ្លេងខ្លះ យកទៅប្រគុំចូលជាមួយក្រុមភ្លេងសម័យទំនើប បង្កើតបានជាបទភ្លេងមួយបែបថ្មី ដែលពិរោះគួរឲ្យចង់ស្ដាប់ ហើយទ្រនេះនៅមានគេនិយមច្រើនទាំងនៅទីក្រុងទាំងនៅជនបទ ។
តើឧបករណ៍ទាំងពីរប្រភេទនេះមានប្រភពចេញពីណា ? បើតាមការស្រាវជ្រាវអំពីឧបករណ៍ភ្លេង នៅប្រទេសឥណ្ឌាបច្ចុប្បន្នបានបញ្ជាក់បង្ហាញនូវប្រភពឥណ្ឌា នៃឧបករណ៍ទាំងពីរខាងលើនេះ ដែលនាំចូលក្នុងប្រទេសខ្មែរនាសម័យនគរភ្នំ តាមរយៈឥណ្ឌូរូបនីយកម្ម ។ថ្វីត្បិតតែឧបករណ៍ទាំងពីរប្រភេទនេះ មានប្រភពចេញពីប្រទេសឥណ្ឌាក៏ពិតមែន ក៏ប៉ុន្ដែរូបភាពឧបករណ៍នេះបានផ្លាស់ប្ដូរទម្រង់ ដោយខ្មែរបានយកត្រឡោកដូងធ្វើជាប្រអប់ ហើយមានឆ្លាក់ក្បូរក្បាច់រចនាដ៏ល្អប្រណិតថែមទៀតផង ខុសពីឧបករណ៍ភ្លេងនៅឥណ្ឌាដែលគ្មានក្បាច់រចនាឡើយ ព្រោះប្រហែលជាស្ថិតក្រោមសម្ពាធសាសនាដ៏តឹងរឹង ។ បើនិយាយម្យ៉ាងទៀត ឧបករណ៍ភ្លេងឥណ្ឌា នៅតែរក្សាលក្ខណៈដើមរបស់វាដដែល ដោយគ្មានការប្រែប្រួលធំដុំអ្វីឡើយ ។ ឧបករណ៍ជាក់ស្ដែង ឧបករណ៍ភ្លេងមួយប្រភេទហៅថា កិន្នរ ដែលវត្តមានរបស់វាត្រូវបានគូសបញ្ជាក់ដោយសិលាចារឹក នៅសម័យអង្គរ នៅឥណ្ឌាឧបករណ៍នេះមានប្រអប់សម្លេងទៅដល់៣ ធ្វើអំពីឃ្លោក ។ រីឯនៅប្រទេសកម្ពុជាវិញ គេឃើញមានប្រអប់សម្លេងតែពីរ ឬមួយតែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត ខុសពីនៅឥណ្ឌា ដែលផែ្នកខាងលើនៃឧបករណ៍កិន្នរលំអដោយរោមសត្វស្លាប ឧបករណ៍កិន្នររបស់យើងហៅថាពិណ ដែលបានឲ្យកំណើតទៅឧបករណ៍ចាប៉ីខ្សែមួយខ្មែរ គ្មានរោមសត្វនៅខាងចុងដងឡើយ ។ គឺឧបករណ៍ចាប៉ីខ្សែមួយនេះហើយ ដែលគេហៅថា តុយលា ប្រើរហូតដល់សព្វថ្ងៃ នៅក្នុងភូមិភាគអូរិស្សា និងដែលត្រូវបានឆ្លាក់នៅលើប្រាសាទនៅស.វទី៨ នៅលើប្រាសាទនៅឥណ្ឌាខាងត្បូង ។
ថ្វីត្បិតតែវត្តមានរបស់ពាក្យចាប៉ី មិនត្រូវបានជួបប្រទះលើផ្ទាំងសិលាចារឹកខ្មែរក្ដី ក៏ប៉ុន្ដែយើងបានជួបចម្លាក់របស់ឧបករណ៍ចាប៉ីជាច្រើនប្រភេទ នៅលើក្បាច់ចម្លាក់បុរាណជាពិសេសក្បាច់ផ្ដែរខ្មែរ នាដើមស.វទី៧ នៅក្រុមប្រាសាទសម្បូរព្រៃគុក ។ មួយវិញទៀតសហគមន៍ខ្មែរសុរិន្ទ រហូតដល់សព្វថ្ងៃនៅតែប្រើពាក្យ ពិណ-ប៉ី សម្រាប់ឧបករណ៍ចាប៉ីខ្សែមួយ ដែលជាប្រភេទពិណ ។ គឺប្រការទាំងនេះហើយ ដែលធ្វើឲ្យយើងនិយាយបានថា ជនជាតិថៃបានស្គាល់ឈ្មោះឧបករណ៍ភ្លេងឥណ្ឌា តាមរយៈខ្មែរចាប់តាំងពីស.វ ទី១៣ មក ។
តាមការស្រាវជ្រាវរបស់ខ្មែរយើង គឺឧបករណ៍ឥណ្ឌាកិន្នរ ខាងលើនេះពិតជាបានឲ្យកំណើតទៅ ពិណ ឬ ចាប៉ី នាសម័យអង្គរ ដែលមានប្រអប់បំពងសម្លេងពីរ ឬមួយយ៉ាងប្រាកដ ។ សូមជម្រាបផងដែរថា ចាប៉ីខ្សែមួយក៏ជាប្រភេទពិណមានខ្សែលួសតែមួយ រីឯប្រអប់បំពងសម្លេងមានរាងមូល ធ្វើអំពីផ្លែឃ្លោកមួយកំណាត់ ដែលទ្រភ្ជាប់ពីក្រោមផង ហើយមានប៉ោលសម្រាប់រិត ឬបន្ធូខ្សែនៅពេលដេញ ។ គឺដោយសារគុណសម្បត្តិនេះហើយ បានជាខ្មែរយើងឲ្យឈ្មោះថា ចាប៉ី ជាឯកតន្ត្រីដែលមានសូរសៀងពិរោះ កម្រិតកំពូល នេះបើយោងតាមវចនានុក្រមរបស់ព្រះសង្ឃរាជសម្ដេច ជួន ណាត ។
ឧបករណ៍ភ្លេងទាំងពីរប្រភេទនេះ ដែលបានហូរចូលមកប្រទេសកម្ពុជាតាំងពីសម័យនគរភ្នំ តាមរយៈពាណិជ្ជកម្មអន្តរជាតិ រវាងខ្មែរ និងឥណ្ឌានាដើមស.វទី១ ដែលមានអាយុកាលប្រមាណជាង ២០០០ ឆ្នាំមកហើយ ។ ជនជាតិខ្មែរក៏បានឆ្លាក់រូបវា នៅលើប្រាង្គប្រាសាទបុរាណផងដែរ ។
គួរបញ្ជាក់ថា សព្វថ្ងៃនេះជនជាតិឥណ្ឌានៅរដ្ឋរាជាស្ថាន នៅតែនិយមទ្រខ្សែ ៥ ជាប្រពៃណីប្រចាំស្រុកភូមិរបស់គេ ។ រីឯចាប៉ីដងវែងរបស់គេវិញ គេឲ្យឈ្មោះថា ចក្ខប៉ីវិញ គឺឈ្មោះសំស្ក្រឹតនេះហើយដែលបានឲ្យកំណើតទៅពាក្យចាប៉ីខ្មែរ បច្ចុប្បន្ន ។ យ៉ាងវិញទៀតឧបករណ៍ភ្លេងទាំងពីរប្រភេទនេះ ជនជាតិខ្មែរបានឆា្លក់ នៅលើប្រាង្គប្រាសាទថ្មដូចជាប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ មិនគ្រាន់តែបញ្ជាក់នូវភាពសម្បូរបែប ឬចំណាស់នៃឧបករណ៍ភ្លេងទាំងនោះតែប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់ឲ្យយើងដឹងនូវសារសំខាន់ នៃវិស័យតូរ្យតន្ត្រីក្នុងជីវភាពប្រចាំថ្ងៃរបស់ជនជាតិខ្មែរទៀតផង
៕
៕
No comments:
Post a Comment