របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ មួយដែលមានវ័យ ចំណាស់ ដ៏យូរលង់ ណាស់មកហើយនៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ។ ហើយក៏ជាទម្រង់សិល្បៈ ដែលមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈ ទស្សនីយភាព នៅកម្ពុជា។របាំព្រះរាជទ្រព្យមួយនេះ ស្ទើរតែបាត់បង់អស់ទៅវិញ នៅក្រោមរបបខ្មែរក្រហម ដែលបានគាស់រំលើងចោលស្ទើរតែទាំងស្រុង នូវគ្រូអ្នករបាំ និងគ្រូដូរ្យតន្ត្រី។ដើម្បីយល់កាន់តែច្បាស់ពីរបាំ ប្រពៃណីរបស់ខ្មែរយើងមួយនេះ ជាបន្តសូមស្តាប់គួន សំបូរពណ៌នា ដូចតទៅ៖
របាំព្រះរាជទ្រព្យរបស់កម្ពុជា គឺជាអ្នកថែរក្សាប្រពៃណីនាដកម្មបុរាណខ្មែរ ជាចំណែកមួយយ៉ាងជិតស្និទ្ធ នៃមហាក្សត្រអស់រយៈពេល ជាងមួយពាន់ឆ្នាំកន្លងមកហើយ។ របាំក្បាច់ខ្មែរបុរាណនៃ មួយនេះ មានភាពល្បីល្បាញ ខាងមានកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។
របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទដូចជា៖ តួនាង (ស្រី) តួនាយរង (ប្រុស) តួយក្ស (សភាវៈអាក្រក់) តួស្វា (សត្វ) តួនិមួយៗមានលក្ខណៈនិងមានពណ៌ដោយឡែកៗពីគ្នា មានការស្លៀកពាក់ ការលាបម្សៅ ការតុបតែងខ្លួន ទាំងក្បាំងមុខ និងកាយវិការផ្ទាល់ខ្លួនផងដែរ។ កាយវិការ និងក្បាច់រាំទាំងនេះអ្នករបាំត្រូវហាត់រៀនយ៉ាងសកម្ម និងមមាញឹក អស់រយៈពេលជាច្រើនឆ្នាំ ទើបចេះចាំ មានអត្ថន័យដូចជាការរំជួលចិត្តនានា ការភ័យភិត ស្នេហា ការសប្បាយរីករាយ ឬការខឹងសម្បាជាដើម។
ការសម្ដែងប្រព្រឹត្តទៅតាមចង្វាក់ភ្លេងនៃក្រុមតន្ត្រីគោរព ដោយពួកអ្នករបាំ កាច់ក្បាច់រាំតម្រូវតាមសំឡេងបកស្រាយសាច់រឿង និងមនោសញ្ចេតនាដោយនារីអ្នកច្រៀងមួយក្រុមតូច។ របាំព្រះរាជទ្រព្យស្ទើរតែបាត់បង់អស់នៅក្រោមរបបខ្មែរក្រហម ដែលបានគាស់រំលើងចោលស្ទើរតែទាំងស្រុង នូវគ្រូអ្នករបាំ និងគ្រូដូរ្យតន្ត្រី។ តាំងពីការដួលរលំនៃរបបប៉ុល ពត នៅឆ្នាំ១៩៧៩ មក ក្រុមរបាំព្រះរាជទ្រព្យត្រូវបានគេបណ្ដុះបណ្ដាលឡើងវិញ និងបានដំឡើងកម្រងអ្នករបាំ ពីដើមៗឡើងវិញ។ របាំបុរាណដែលជាផ្លូវការ ត្រូវបានផ្សារភ្ជាប់ជាថ្មីជាមួយមហាក្សត្រ និងសាសនា ចាប់ពីពេលនោះមកបានក្លាយទៅជាធាតុស្នូលមួយសម្រាប់កសាងប្រទេសជាតិ និងកសាងអត្តសញ្ញាណខ្មែរជាថ្មី។ សព្វថ្ងៃនេះ របាំព្រះរាជទ្រព្យបានរកឃើញឡើងវិញហើយ នូវរស្មីត្រចះត្រចង់របស់ខ្លួន។ ប៉ុន្តែមាននៅជួបឧបសគ្គជាច្រើន ដូចជា កង្វះខាតថវិកា និងរោងសម្ដែង ការប្រកួតប្រជែងពីសំណាក់ប្រព័ន្ធឃោសនាព័ត៌មាន ឬហានិភ័យនៃប្រជាប្រិយនីយកម្មសិល្បៈទាក់ទងនឹងវិស័យទេសចរណ៍។ នៅមានត្រឹមតែគ្រូអ្នករបាំ បីបួននាក់ប៉ុណ្ណោះ ជាអ្នកដែលបានរួចខ្លួននិងរស់រានមានជីវិត ហើយចេះដឹងពិតប្រាកដអំពីក្បាច់សិល្បៈទាំងអស់ រហូតធ្វើឱ្យរបាំនេះមានលក្ខណៈដ៏សំបូរបែបទៀតផង។
របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ មួយដែលមានវ័យ ចំណាស់ ដ៏យូរលង់ណាស់មកហើយនៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ។ ហើយក៏ជាទម្រង់សិល្បៈ ដែលមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈ ទស្សនីយភាព នៅកម្ពុជា។ កាលដើមឡើយ នាសម័យមហានគរ អ្នករាំរបាំងទាំងប្រុសទាំងស្រី ប្រចាំប្រាសាទមានតួនាទី សម្រាប់ រាំ ឧទ្ទិសដល់អទិទេព ឬរាំថ្វាយទេវៈរាជា គឺរក្សាសន្តិភាព ពីស្ថានមនុស្សលោក ទៅស្ថានទេវតា និងជាសិល្បការិនីសន្តិភាព ឬជាសន្តិភាវការិនីខាងផ្លូវដួងចិត្ត គំនិត ដែលធ្លាប់បានរាំផ្សព្វផ្សាយ សីលធម៌ និងគុណធម៌ ដើម្បីសេចក្តីសុខ សន្តិភាពខ្មែររាប់ពាន់ឆ្នាំមកហើយ។
យើងអាចសាកល្បង សន្និដ្ឋានបានថា ទម្រង់ក្បាច់បុរាណខ្មែរ របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលពីដើមឡើយ អ្នកសម្តែងតួអង្គមានបួន ៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះ ដែលបានសម្តែងដោយប្រុសៗ។ក្រោយមកដោយមានការវិវត្តន៍របស់ទម្រង់សិល្បៈនេះ តួអង្គស្វាត្រូវបានសម្តែង ដោយប្រុសៗរហូតមកដល់សព្វថ្ងៃ។
របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តន៍នៃសាច់រឿងរៀបរាប់ បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួកដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។
សូមបញ្ជាក់ថា របាំព្រះរាជទ្រព្យ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ នៅថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣។ហើយរបាំងមួយនេះនៅតែតំណាងឲ្យភាពរុងរឿង នៃវប្បធម៏ប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជាយើង ពីព្រះរាជាមួយជំនាន់ទៅមួយជំនាន់។
បន្ថែមលើពីនេះ កម្ពុជាក៏សម្បូណ៌ទៅដោយសម្បត្តិធម្មជាតិផង និងស្នាដៃច្នៃប្រឌិតមិនចេះរីងស្ងួតរបស់ប្រជាជាតិនេះ។ ជាពិសេស សម្បត្តិបេតិកភណ្ឌវប្បធម៌ ពីបុរាណទាំងរូបី និងអរូបី ដែលជាស្នាដៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសយើងបានបន្សល់ទុកមក។បណ្តា បេតិកភណ្ឌវប្បធម៌ទាំងនោះរួមមាន ផ្នែករូបី ជាអាថ៌គឺ បណ្តាប្រាសាទ រមណីយដ្ឋានវត្តអារាម ផ្ទះបុរាណ រមណីយដ្ឋានប្រវត្តិសាស្ត្រ ទួលអង្គ...រួមមានរាប់រយរាប់ពាន់ ប្រមាណជិត ៤,០០០ កន្លែង រាយដេរដាសទូទាំងប្រទេស (នេះមិនទាន់គិតដល់ប្រាសាទរាប់សិប ឬរាប់រយផ្សេងទៀតដែលជាអតីតប្រាសាទបុរាណខ្មែរ ស្ថិតនៅក្នុងដែនដីប្រទេសជិតខាងទៀតផង)។ហើយមកដល់ពេលបច្ចប្បន្ននេះ ឯផ្នែកអរូបី រួមមានល្ខោនជាងម្ភៃទម្រង់ របាំបុរាណមានអាយុរាប់ពាន់ឆ្នាំ ពិសេសរបាំ ក្បាច់បុរាណខ្មែរ ឬហៅថារបាំអប្សរា ដែលជាបេតិកភណ្ឌអរូបីដ៏ប្រណិតគ្មានពីរត្រូវបានពិភពលោកទទួល ស្គាល់ និងបានចុះបញ្ជីជា“បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ” នាឆ្នាំ២០០៣ មានតន្ត្រី និងចម្រៀងខ្មែរបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ដូចជាតន្ត្រីអារក្ស ភ្លេងការ...មានរបៀបសរសេរកំណាព្យជាង៥០បែប និងបែបបទស្មូត្រកំណាព្យជាង៦០ប្រភេទ, មានអក្សរសាស្ត្រខ្មែរបច្ចុប្បន្ន ដែលមានដើមកំណើតពីបុរាណជាងពាន់ឆ្នាំអាចរក្សាទុកតាមរយៈការ សម្រិតសំរាំងកែលម្អបន្តិចម្តងៗ ប្រើប្រាស់ជាផ្លូវការរហូតមក។ ក្រៅពីនោះនៅមានល្បែងរបាំប្រជាប្រិយប្រពៃណី ការនិទានរឿង...។ល។ ជាច្រើនទៀត។ បើប្រៀបទៅនឹងប្រទេសមួយដ៏តូចប្រជាជនតិចដូចកម្ពុជា បច្ចុប្បន្ន បេតិកភណ្ឌទាំងអស់ដូចដែលបានរៀបរាប់ត្រួសៗមកខាងលើនេះពិតជារតន សម្បត្តិដ៏មហាសាលមិនអាចកាត់ថ្លៃបានសម្រាប់កូនខ្មែរគ្រប់រួប
៕
៕
No comments:
Post a Comment