ទោះបីជាប្រទេសកម្ពុជាមានការវិត្តន៍ចាប់តាំងពីរកកើតទឹកដីរហូតមកដល់បច្ចុប្បន្នក៏ដោយ តែទំនៀមទំលាប់ ប្រពៃណីរបស់ប្រទេសមួយនេះនៅតែមានរហូតមកដល់សព្វថ្ងៃ។ជាការកត់សម្គាល់ដូចជា រូបនាគនៅតាមវត្តអារាម គេហដ្ចាន ឬនៅតាមរមណីយដ្ឋានជាដើម។ដើម្បីយល់កាន់តែច្បាស់ពីប្រពៃណីខ្មែរ ដែលតែងតែយករូបនាគមកតាំងនៅតាមក្លោងទ្វាវត្ត ឬផ្ទះនោះ? គួន សំបូរ និងចូលខ្លួនមកបង្ហាញពីមូលហេតុនៃការដាក់ ហើយនឹងការក៏កើតនៃជំនឿមួយនេះ។ជាបន្តសូមស្តាប់ដូចតទៅ៖
នាគគឺជារូបសត្វម្យ៉ាងមានទ្រង់ទ្រាយស្រដៀងនឹងសត្វពស់តែមានរូបរាងប្លែកជាងសត្វពស់។ តាមគំនូរ និងចម្លាក់ខ្លះ នាគមានក្បាល១ ក្បាល៣ក្បាល៥ ក្បាល៧ ក្បាល៩ក៏មាន ជួនកាលទៀតមានរូបរាងយ៉ាងចម្លែក ទាំងភ្នែក មុខមាត់ស្រកា ជួនក៏មានជើងទៀតផង។ ខ្មែរជឿថា នាគជាសត្វមានអានុភាព និងឫទ្ធានុភាពហើយអាចកាឡាខ្លួនជាមនុស្ស ឬពាក់កណ្តាលមនុស្សក៏បាន។អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមានមនុស្សជាច្រើនស្វែងរក ក៏ដូចជាបង្ហាញពីរូបរាងពិតប្រាកដរបស់សត្វនាគ តែទោះជាយ៉ាងណាក៏ដោយក៏មិនទាន់មានអំណះអំណាងណាមួយ ពីរូបរាងរបស់សត្វដែលប្រកបដោយមហិទ្ធិឫទ្ធិនេះឱ្យបានជាក់ច្បាស់នៅឡើយទេ។ ប៉ុន្តែ នៅក្នុងគំនិតរបស់មនុស្សភាគច្រើននៅតែជឿជាក់ថាសត្វដ៏អស្ចារ្យនេះ នៅមានជីវិតនៅលើផែនដីនៅឡើយដែលជួនកាលអាចទៅជ្រកនៅទីអាថ៌កំបាំងមួយពីភ្នែករបស់អ្នកដទៃហើយនឹងផុសចេញនៅថ្ងៃណាមួយមិនខាន។នាគ និងកំណើតខ្មែរតាមរយៈរឿងព្រេងដែលនិទានតៗគ្នា ដែលនិយាយអំពីដើមកំណើតខ្មែរ នៅលើដីសុវណ្ណភូមិប្រជាជនខ្មែរភាគច្រើនយល់ថា ពួកគេមានខ្សែស្រឡាយពីព្រះនាងនាគជាបុត្រីស្តេចភុជង្គនាគ និងបុរសជាមនុស្សលោកម្នាក់ឈ្មោះថាព្រះថោង ដែលរស់នៅលើទឹកដីគោកធ្លក រហូតបង្កើតបានជាប្រទេសមួយ ហៅថាកម្ពុជទេស ឬប្រទេសកម្ពុជាសព្វថ្ងៃនេះ។ ម្យ៉ាងវិញទៀតរឿងនិទាននេះក៏ត្រូវកត់បញ្ចូលទៅក្នុងកំណត់ត្រា របស់លោកកាងតៃដែលជាបេសកជនជាតិចិន មកស្រុកខ្មែរតាំងពីសតវត្សរ៍ទី៣ដែរ។
និមិត្តរូបនៃនាគបើនិយាយចំពោះប្រជារាស្ត្រខ្មែរវិញនាគមានអត្ថន័យខ្ពង់ខ្ពស់ណាស់ ព្រោះជានិច្ចកាលខ្មែរតែងគោរពបូជាដល់សត្វនេះ។គេយល់ថា នាគគឺជានិមិត្តរូបនៃភាពត្រជាក់ត្រជុំ ជាស្ពានចម្លងពីឋានមនុស្សទៅឋានទេវតា និងជានិមិត្តរូបនៃការការពារនិងថែរក្សាសម្បតិ្តប្រកបដោយមហិទ្ធិឫទ្ធិ ហើយការការពារនោះកាន់តែស័ក្តិសិទ្ធិចំពោះសត្រូវដែលមើលមិនឃើញ ដែលព្យាយាមបៀតបៀនដោយអំពើធ្មប់ឬចំពោះខ្មោចព្រាយបិសាច ដែលប៉ុនប៉ងយាយី។ នៅក្នុងស្ថានភាព ដែលលំបាកទន់ខ្សោយឬក៏ត្រូវគេឈ្លានពាននោះ ប្រជារាស្ត្រខ្មែរជឿជាក់ថា នឹងមានពេលណាមួយនាគនឹងផុសឡើងនៅលើទឹកដីកម្ពុជា ហើយជួយឱ្យទឹកដីនេះ ប្រកបដោយ ភាពសម្បូរសប្បាយនិងកម្ចាត់អស់សត្រូវទាំងពួង ដ្បិតពួកគេមានខ្សែស្រឡាយ នឹងសត្វនាគម្លោះហើយទើបសត្វនាគ មិនចាកឆ្ងាយ ចោលទឹកដី និងកូនចៅរបស់ខ្លួនឡើយ។បើពិនិត្យទៅលើសំណង់សាសនា សំណង់សាធារណៈផ្សេងៗទៀតដូចជាប្រាសាទ ព្រះវិហារជាដើម នៅតាមដំបូល ជញ្ជាំង ឬសសរជាដើម គេតែងឆ្លាក់រូបនាគនៅក្នុងបំណងដើម្បីជួយការពារ មរតកទ្រព្យសម្បតិ្ត ឬការពារទីឋានដ៏ពិសិដ្ឋទាំងនោះពីមនុស្សអាក្រក់ ឬសភាវៈអាក្រក់ដែលមកបៀតបៀន។ចំណែកឯនាគដែលគេឆ្លាក់លម្អនៅតាមបង្កាន់ដៃ ក្បាលស្ពានឬនៅតាមផ្លូវដើរមួយចំនួនផ្សេងទៀតនោះ ក៏តំណាង ឱ្យការការពារនិងការភ្ជាប់ទំនាក់ទំនងរវាងឋានមនុស្ស និងទេវលោកដែលជាឋានសុខដែលមនុស្សគ្រប់រូប តែងតែប៉ងប្រាថ្នា។ ចំណែកឯសម្ភារៈប្រើប្រាស់និងគ្រឿងតុបតែងលម្អខ្លួនទាំងឡាយ ដែលមានឆ្លាក់រូបនាគ ដោយពួកគេមានជំនឿថាធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមាន មហិទ្ធិឫទ្ធិ និងកិត្តិយសហើយក៏ជានិមិត្តរូប នៃភាពត្រជាក់ត្រជុំ ដល់ពួកគេ ថែមទៀតផង។ក្រៅពីនេះនាគក៏មាននាទីជាក្បាច់លម្អផងដែរ ដែលខ្មែរតែងតែបង្ហាញ រូបនាគផ្សេងៗគ្នាខ្លះឆ្លាក់រំលេចជាក្បាច់ភ្ញីនិងរូបរាងផ្សេងៗគ្នាទៅតាមការចង់បាន។
នាគក្នុងជីវភាពប្រចាំថ្ងៃ បើយើងមើលពីជីវភាពប្រចាំថ្ងៃ របស់ខ្មែរវិញយើងឃើញមានពិធីជាច្រើន ដែលទាក់ទងនឹងនាគដែលពិធីទាំងនោះសុទ្ធសឹងតែជាពិធីនាំមកនូវសិរីសួស្តីជ័យមង្គល ដល់ក្រុមគ្រួសារដូចជាពិធីបំបួសនាគ ដែលគេធ្វើឡើង នៅពេលក្មេងប្រុសសាងផ្នួស ជាសាមណេរនៅក្នុងព្រះពុទ្ធសាសនា។ ចំពោះរឿងយល់សប្តិ បើសិនជាឃើញនាគ មានន័យថាជាប្រផ្នូលល្អហើយអ្នកនោះនឹងមាន ជោគល្អក្នុងរឿងការងារ និងគ្រួសារ ហើយបើអ្នកនោះសុបិន្តឃើញសត្វពស់មករួបរឹតខ្លួនវិញមានន័យថា ជិតដល់គូហើយ។ដូចនេះពស់ដែលនៅក្នុងយល់សប្តិនោះ គឺគ្មាននរណាដែលក្រៅ ពីគូររបស់អ្នកឡើយ។គួររំលឹកផងដែរថា កាលពីសម័យអង្គរ នៅសតវត្សរ៍ទី១៣ អ្នកកត់ត្រាជាតិចិនម្នាក់ឈ្មោះ ជីវតាក្វាន់ ក៏បានសរសេរអំពីរឿងមួយ ដែលថាជារៀងរាល់ យប់ព្រះមហាក្សត្រត្រូវយាងឡើង ទៅលើប្រាសាទមួយ(ប្រាសាទភិមានអាកាស?) នៅក្នុងព្រះមរមរាជវាំង ដើម្បីផ្ទុំជាមួយ ស្ត្រីដ៏ស្រស់ស្អាតម្នាក់ដែលកាឡាខ្លួនពីសត្វ នាគ ហើយបើយប់ណា ដែលព្រះអង្គមិនបានយាងឡើងទៅលើនោះទេគេមានជំនឿថាហេតុភេទអាក្រក់ នឹងកើតឡើងនៅក្នុងព្រះរាជវាំងនិងស្រុកទេសជាក់ជាមិនខាន។ រីឯពិធីរៀបអាពាហ៍ពិពាហ៍វិញ នៅពេលដែលកូនកំលោះតោងស្បៃនាងនាគ ដើម្បីចូលទៅគាល់មាតាបិតានៅ ឋានភុជង្គនាគ។ ចំពោះទំនៀមនៃការសាងសង់អ្វីមួយ គឺគេរើសពេលវេលា និងថ្ងៃជ័យ ចំណែកឯផ្ទះសំបែងនិងសំណង់ទាំងនោះទៀតសោត នៅមុនពេលសាងសង់គេធ្វើពិធី«សែនក្រុងពាលី» ដើម្បីជម្រាប និងសុំការអនុញ្ញាត ពីសត្វនាគមួយឈ្មោះថាពាលីដែលជាម្ចាស់ទឹកដីទទួលដឹង ពីការចាប់ផ្តើមសាងសង់ និងមុនពេលចូលមករស់នៅលើទីកន្លែងថ្មី គេធ្វើពិធីនេះម្តងទៀត ដើម្បីជម្រាបជាដំណឹងនិងសុំសេចក្តីសុខចម្រុងចម្រើន ចំពោះក្រុមគ្រួសារថ្មី ដែលរើមកនៅ លើផ្ទះនោះ។ម្យ៉ាងវិញទៀត នៅពេលសាងសង់ផ្ទះក្តី ឬសំណង់ផ្សេងៗក្តី គឺគេជ្រើសរើសនិងសន្មត់ថា សាងសង់នៅលើទឹកដីរបស់នាគ ម្លោះហើយការរើសទីតាំងឱ្យស្របទៅតាមត្បូងនាគ(ក្បាលនាគ) ខ្លួននាគ ពោះនាគ និងកន្ទុយនាគគឺជាទំនៀមមួយដែលគេធ្វើតៗគ្នាហើយទីតាំងទាំងនោះអាចប្រែប្រួលទៅតាមខែដែលនាគប្រែខ្លួន ដែលទំនៀមនេះមានចែងនៅក្នុងសៀវភៅក្បួនខ្នាត តាំងពីបុរាណ។ ធ្វើដូចនេះ គេយល់ថានឹងទទួលបាននូវភាពត្រជាក់ត្រជុំពីនាគ ដែលជាម្ចាស់ទឹកម្ចាស់ដី។
នាគ និងសិល្បៈនិមិត្ត រូបនៃនាគ មិនត្រឹមតែមាននៅក្នុងជំនឿរបស់ខ្មែរប៉ុណ្ណោះទេ សូម្បីតែក្នុងសិល្បៈ និងសាសនា ក៏សឹងតែមានគ្រប់ពេលវេលាផងដែរ។ការបង្ហាញនាគដែលមានរូបរាង និងលក្ខណៈខុសៗគ្នានេះ មិនមែន ជាការចៃដន្យទេពោលគឺខ្មែរធ្វើឡើងទៅតាមក្បួនខ្នាត និងទស្សនៈផ្សេងៗគ្នា។ ក្នុងសិល្បៈខ្មែរយើងឃើញនាគលេចឡើង ដំបូងបង្អស់ នៅកំឡុងសតវត្សរ៍ទី៧(រចនាបថសម្បូរ ព្រៃគុក)នៅលើផ្តែរនៃប្រាង្គកណ្តាល(S1) ក្រុមខាងត្បូង(ឬក្រុមប្រាសាទយាយពាន់)នៃក្រុមប្រាសាទសម្បូរព្រៃគុកខេត្តកំពង់ធំ។ តាំងពីពេលនោះមក នាគមានបង្ហាញកាន់តែញឹកញាប់នៅក្នុងរចនាបថក្រោយៗ រហូតមកដល់ចុងសម័យអង្គរ ពាក់កណ្តាលសតវត្សរ៍ទី១៤។ រូបរាងរបស់នាគ ដែលត្រូវគេឆ្លាក់លំអគឺមានការប្រែប្រួលពីរចនាបថមួយ ទៅរចនាបថមួយទៀត ទៅតាម សម័យកាលផ្សេងៗគ្នានិងទៅតាមឥទ្ធិពលសិល្បៈពីតំបន់ផ្សេងៗមកលើសិល្បៈខ្មែរ។
នាគនៅក្នុងសំណង់សាសនានាគ មានឈ្មោះជាច្រើន ហើយការហៅឈ្មោះនោះគឺខ្មែរហៅទៅតាមចំនួនក្បាល ដែលចំនួនក្បាលនោះទៀតសោត សុទ្ធតែជាចំនួនសេសដ្បិតគេជឿថាចំនួនសេស គឺតំណាងឱ្យភាពមិនចេះស្លាប់។ នាគទាំងនោះមានក្បាល៣ (នាគកល្បៈ) ក្បាល៥(នាគអនន្ត) ក្បាល៧(នាគមុជ្ជលិន្ទ) និងក្បាល៩(នាគវ៉ាសុគីឬពាសស្រកី ឬសេសៈ) ចំណែកនាគ ដែលមានក្បាល១វិញ គេច្រើនតែប្រទះនៅសម័យថ្មីៗនេះដែលភាគច្រើនគេតែងឆ្លាក់លំអ នៅលើរបស់របរ ប្រើប្រាស់ផ្សេងៗ។ នាគទាំងប៉ុន្មានដែលលើកឡើងពីខាងដើមមកនេះ គឺជានាគ ដែលមានតួនាទីផ្សេងៗគ្នានៅក្នុងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដូចជានាគក្នុងព្រហ្មញ្ញសាសនា មាននាគកល្បៈ ក្នុងរឿងមហាភារតៈ ជានាគតំណាងឱ្យសភាវៈអាក្រក់នាគអនន្តជាគ្រែផ្ទុំរបស់ព្រះនារាយណ៍ នៅលើលំហអាកាស នាគវ៉ាសុគីឬនាគពាសស្រកីឬសេសៈ គឺជានាគដែលពពួកទេវតា និងអសុរៈយកមកធ្វើជាខ្សែពួរដើម្បីកូរសមុទ្រទឹកដោះ។ រីឯនាគនៅក្នុងព្រះពុទ្ធសាសនាមាននាគមុជ្ជលិនមានក្បាល៧ ដែលនៅចាំការពារ ព្រះសម្មាសម្ពុទ្ធពេលទ្រង់សមាធិចំនួន៧យប់ ៧ថ្ងៃ ដើម្បីការពារភ្លៀង ខ្យល់ និងកម្តៅ។ ជួនកាលនាគក៏ត្រូវបែងចែក ជា៤ពួក ផ្សេងគ្នាផងដែរគឺ ទី១ ហៅថានាគសួគ៌មានមុខងារជាអ្នកថែរក្សាវិមានទេវតា ទី២ គឺនាគអាកាសមានមុខងារជាអ្នកបណ្តាលឱ្យមានភ្លៀងធ្លាក់ ទី៣ គឺនាគលោកបាលមានមុខងារជាអ្នកថែរក្សាសមុទ្រ ទន្លេ និងទី៤ គឺនាគរក្សាកំណប់ទ្រព្យមានមុខងារជាអ្នកថែរក្សាទ្រព្យ ដែលកប់នៅក្នុងផែនដី។ សេចក្តីដូចបានបរិយាយខាងដើមនេះ គ្រាន់តែជា ឧទាហរណ៍នៃផ្នែកខ្លះៗ ស្តីអំពីនាគតែប៉ុណ្ណោះមិនបានបញ្ជាក់ ឱ្យបានគ្រប់ជ្រុងជ្រោយទាំងអស់ទេប៉ុន្តែគ្រាន់តែអាចឱ្យយើងយល់បានថា ជំនឿទៅលើសត្វនាគបានចាក់ឫសយ៉ាងជ្រៅនិងមានភាពស្មុគ្រស្មាញ នៅក្នុងផ្នត់គំនិតរបស់ខ្មែរគ្រប់រូប។ការបង្ហាញនៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃ សិល្បៈ ការតុបតែងលម្អឬស្ថាបត្យកម្មនោះ សុទ្ធតែមានវត្តមាននៃនាគជានិច្ចព្រោះប្រជារាស្ត្រខ្មែរយល់ថា ខ្លួនមានតំណពូជពង្សនិងមានទំនៀមភ្ជាប់ជាមួយនាគនេះ តាំងពីយូរលង់ណាស់មកហើយ
៕
៕
No comments:
Post a Comment