ព្រះបាទជ័យវរ្ម័នទី៧ គឺជាស្តេចមួយអង្គដែលមានកិតិ្តនាមល្បីល្បាញ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ។ ព្រះអង្គគឺជាព្រះរាជាមួយអង្គដែលមានចិត្តស្ងៀមមិនបណ្តែតបណ្តោយចិត្តគំនិតអារម្មណ៍ឲ្យផ្លាស់ប្តូរ ហក់លោតទៅតាមមនោសញ្ចេតនា ភ្លើងកំហឹង ការប្រមាថឆេវឆាវនិងការលោភលន់ខ្វះពិចារណាឡើយ។ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ព្រឹត្តិការណ៍នគរចាម្ប៉ាវាយប្រហារចូលលុកប្រទេសកម្ពុជានិងការអស់ព្រះជន្មរបស់មហាក្សត្រជ្រែករាជ្យបានជំរុញអោយព្រះអង្គចេញមុខបង្កបង្កើតចលនាតស៊ូរំដោះជាតិ។ព្រះអង្គបានដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគមចាម្ប៉ាអស់រយៈពេល៤ឆ្នាំទើបទទួលបានជោគជ័យ។ដើម្បីដឹងកាន់តែច្បាស់ពីរឿងរាវនេះ គួន សំបូរ និងចូលខ្លួនមករៀបរាបដូចតទៅ៖
ព្រះរាជវង្សនិងជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧យើងស្គាល់បានមួយភាគធំដោយសារសិលាចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំសិលាចារឹកនៅប្រាសាទបន្ទាយឆ្មារក្នុងខេត្តបាត់ដំបង សិលាចារឹកនៅប្រាសាទបាយ័នប្រាសាទតាព្រហ្មនិងជាពិសេសដោយសារសិលាចារឹកនៅប្រាសាទភិមានអាកាសដែលចងក្រងតាក់តែងឡើងជាកំណាព្យកាព្យឃ្លោង ដោយព្រះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧គឺព្រះនាងឥន្ទ្រទេវី។
ព្រះរាជវង្សបើតាមការស្រាវជ្រាវរបស់លោក ហ្សក សឺដេស (George COEDES) ព្រះបាទជ័យវរ្ម័នទី៧ ប្រហែលជាប្រសូតយ៉ាងយូរណាស់ ក្នុងគ.ស១១២៥។ព្រះមាតាព្រះអង្គព្រះនាមជ័យរាជាចូឌាមណីព្រះបិតាព្រះអង្គព្រះនាមធរណិន្ទ្រវរ្ម័នទី២ដែលសោយរាជ្យបន្ទាប់ពីព្រះបាទសុរិយវរ្ម័នទី២។ ព្រះអង្គត្រូវជាចៅមីងរបស់ព្រះបាទជ័យវរ្ម័នទី៦។ ដូច្នេះយើងឃើញថាតាមរយៈមាតាព្រះអង្គជាប់ចុះមកពីព្រះរាជវង្សមហាក្សត្រខ្មែរជំនាន់មុនអង្គរ(ឬក្នុងសម័យនគរហ្វូណន់-ចេនឡា)។ចំណែកខ្សែស្រឡាយព្រះរាជវង្សឪពុកព្រះអង្គចុះមកពីព្រះសន្នគិវង្សមហិធរបុរៈ។តាមរយៈសិលាចារឹកដដែលយើងបានដឹងថា កាលបីតាព្រះអង្គព្រះបាទធរណិន្ទ្រវរ្ម័នទី២នៅសោយរាជ្យជាមហាក្សត្រកម្ពុជាព្រះបាទជ័យរ្ម័នទី៧បានទទួតំណែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរទៅធ្វើសង្គ្រាមតទល់នឹងនគរចាម្ប៉ា។កាលនោះព្រះអង្គបានព្រះជន្ម២៥ ព្រះវស្សា។បើតាមសិលាចារឹក យើងអាចស្មានបានថា កាលនោះព្រះអង្គមានមហេសីរួចស្រេចទៅហើយគឺព្រះនាងជ័យរាជទេវី ប្រហែលជាក្នុងគ.ស១១៤៥ហើយព្រះអង្គបានមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមស្រីឥន្ទ្រកុមារ។ព្រះបាទជ័យវរ្ម័នទី៧ត្រូវបែកព្រាត់ប្រាស់ពីប្រពន្ធ កូន ដោយក្តិវិយោគអួលណែនចុកចាប់រៀងរាល់ថែ្ងពុំដែលមានល្ហែល្ហើយឡើយ។ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃដោយការព្រាត់ប្រាស់នេះ ត្រូវបានព្រះនាងឥន្ទ្រទេវីជាបងស្រីបង្កើតរបស់មហេសីព្រះអង្គសរសេរវិញជាភួងកំនាព្យលើផ្ទាំងសិលាប្រាសាទភិមានអាកាស។
ព្រះនាងឥន្ទ្រទេវីបានរៀបរាប់អធិប្បាយថា៖ ព្រះមហេសីព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងជ័យរាជទេវីប្រៀបបានទៅជាព្រះនាងសិតា ដែលកំពុងព្រាត់ពីស្វាមីគឺព្រះរាម។ព្រះរាមគឺព្រះបាទជ័យវរ្ម័នទី៧ ឯស្តេចចាមប្រៀបបាននឹងក្រុរាពណ៍។នៅពេលដែលព្រះស្វាមីយាងចេញទៅធ្វើសង្គ្រាមនឹងខ្មាំងព្រះនាងជ័យរាជទេវីបានចូលទៅកាន់សីល កាន់ត្រណមគោរពទៅតាមក្បួនប្រពៃណីមិនហ៊ានធ្វេសប្រហែសសោះឡើយ។
ព្រះនាងតែងតែខិតខំសិក្សាស្វាធ្យាយធ៌ម បួងសួងបន់ស្រន់សុំឲព្រះស្វាមីបានជួបតែសេចក្តីសុខ និងជ័យជំនះឈ្នះអស់លើសត្រូវ។ព្រះនាងមានរូបកាយស្គាំងស្គម ហើយមិនយកព្រះទ័យទុកដាក់នឹងព្រះកេសាព្រះនាងឡើយ។កាលណាបើនឹកឃើញដល់ព្រះស្វាមីម្តងៗ ព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង។តែការឈឺចុកចាប់នេះ បានធ្វើអោយព្រះនាងសប្បាយរំសាយទុក្ខទៅវិញ។ព្រះនាងជ័យរាជទេវីនៅតែស្មោះត្រង់រង់ចាំការវិលត្រឡប់របស់ព្រះបាទជ័យវរ្ម័នជានិច្ច។
តស៊ូព្យាយាមរង់ចាំនៅគ.ស១១៦០ព្រះបាទជ័យវរ្ម័នទី៧កំពុងធ្វើចំបាំងប្រយុទ្ធជាមួយកងទ័ពចាមនៅមុខក្រុមពិជ័យ។គ្រានោះព្រះអង្គបានទទួលដំណឹងថាបិតាព្រះអង្គចូលទីវង្គតហើយព្រះបាទយសោវរ្ម័នទី២ បានឡើងសោយរាជ្យជំនួស។នៅចំពោះមុខស្ថានការណ៍ផ្លាស់ប្តូរនេះព្រះអង្គពុំបានផ្លាស់ប្តូរចិត្តគំនិតអ្វីទាំងអស់។ព្រះនៅតែបន្តធ្វើសង្គ្រាមវាយបប្រហារនគរចាមហើយគោរពស្មោះស្ម័គ្របំរើមហាក្សត្រថ្មី ដោយគ្មានវៀចវេរ។នៅពេលដែលព្រះអង្គទទួលដំណឹងថានៅព្រះរាជធានីមានមន្ត្រីក្បត់ចង់ធ្វើឃាតព្រះមហាក្សត្រព្រះអង្គបានធ្វើដំណើរយាងត្រលប់ចូលមកនគរវិញ ដើម្បីជួយជ្រោមជ្រែងព្រះរាជា។តែព្រះអង្គមកដល់យឺតពេល ហើយសោកនាដកម្មកន្លងហួសផុតរួចជាស្រេចបាត់ទៅហើយ។ព្រះបាទយសោវរ្ម័នត្រូវគេធ្វើឃាត ហើយព្រះរាជបុត្រព្រះអង្គព្រះស្រីឥន្ទ្រកុមារ ក៏ប្រហែលជាអស់សង្ខារក្នុងសម័យជាមួយគ្នានោះដែរ។
ក្នុងគ.ស១១៦៥ បើតាមសិលាចារឹកបន្ទាយឆ្មារ ស្តេចថ្មីព្រះបាទត្រីភុវ័នអាទិត្យបានរៀបចំធ្វើពិធីរាជាភិសេក ហើយប្រកាសខ្លួនជាព្រះមហាក្សត្រនគរកម្ពុជា។កាលនោះព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គមិនបានកេណ្ឌទ័ពចេញទៅធ្វើសង្គ្រាមតាំងរាំងជល់នឹងស្តេចជ្រែករាជ្យដើម្បីដណ្តើមរាជ្យបល្ល័ង្គមកវិញទេ។ព្រះនឹងនៅស្ងៀមមិនបណ្តែតបណ្តោយចិត្តគំនិតអារម្មណ៍ឲផ្លាស់ប្តូរ ហក់លោតទៅតាមមនោសញ្ចេតនា ភ្លើងកំហឹង ការប្រមាថឆេវឆាវនិងការលោភលន់ខ្វះពិចារណាឡើយ។ព្រះអង្គបានសម្ងំរស់នៅប្រាសាទព្រះខ័ន្ធក្នុងខេត្តកំពង់ស្វាយ យកពេលស្មឹងស្មាធត្រិះរិះស្រាវជ្រាវសិក្សាពិចារណាផ្លូវចំរើនរង់ចាំឳកាសល្អដើម្បីដាក់ខ្លួនចូលបំរើជាតិ។
លទ្ធផលនៃការតស៊ូព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គរង់ចាំអស់រយៈពេល១៧ឆ្នាំ (គ.ស១១៦០-១១៧៧)ទើបឳកាសល្អបានមកដល់ ។ ព្រឹត្តិការណ៍នគរចាម្ប៉ាវាយប្រហារចូលលុកប្រទេសកម្ពុជានិងការអស់ព្រះជន្មរបស់មហាក្សត្រជ្រែករាជ្យបានជំរុញអោយព្រះអង្គចេញមុខបង្កបង្កើតចលនាតស៊ូរំដោះជាតិ។ព្រះអង្គបានដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគមចាម្ប៉ាអស់រយៈពេល៤ឆ្នាំទើបទទួលបានលទ្ធផលល្អ។ នៅគ.ស១១៨១ព្រះអង្គបានតស៊ូរំដោះជាតិមាតុភូមិពីកណ្តាប់ដៃចាមហើយព្រះអង្គបានប្រកាសជាមហាក្សត្រនគរកម្ពុជាហើយទទួលរាជាភិសេកក្នុងឆ្នាំដដែល។កាលនោះតាមការប៉ាន់ស្មានព្រះបាទជ័យវរ្ម័នទី៧បានព្រះជន្មប្រហែលជាជាង៥០ព្រះវស្សា។ចំណែកខាងអគ្គមហេសីជ័យរាជទេវីព្រះអង្គវិញ ដើម្បីជាការអបអរ អរគុណដល់គុណបុណ្យបារមីព្រះរតនត្រ័យដែលបានជ័យព្រះនាងតាមការបន់ស្រន់បួងសួង ព្រះរាជាទេពីបានធ្វើបុណ្យចែកទានអំណោយគ្រប់បែបយ៉ាងដល់វត្តអារាម និងប្រជានុរាស្ត្រ។ក្រោយពីព្រះរាជអគ្គមហេសី ជ័យទេវីចូលទីវង្គតព្រះនាងឥន្ទ្រទេវីជាបងត្រូវបានព្រះបាទជ័យវរ្ម័នទី៧អភិសេកតែងតាំងជាព្រះអគ្គមហេសី។ព្រះនាងជាស្ត្រីម្នាក់ដែលមានវិជ្ជាខ្ពង់ខ្ពស់ មានប្រាជ្ញាភឺ្លថ្លាមោះមុតឈ្លាសវៃពូកែល្បីល្បាញខាងវិជ្ជាអក្សរសាស្ត្រ មានធ៌មមេត្តាសន្តោសហើយគោរពបូជាព្រះពុទ្ធសាសនា។ ព្រះនាងជ័យរាជទេវី និងព្រះនាងឥន្ទ្រទេវីដែលជាមហេសីព្រះបាទជ័យវរ្ម័នទី៧សុទ្ធតែធ្លាប់ជួយផ្តល់យោបល់តូចធំដល់ព្រះស្វាមី តាមព្រះពុទ្ធឳវាទ។
ព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាក្សត្រខ្មែរព្រះអង្គគោរពបូជានិងមានជំនឿទៅលើព្រះពុទ្ធសាសនាមហាយាន។ព្រះរាជបុត្រព្រះអង្គជាច្រើន សុទ្ធតែមានជំនឿ ជឿនិងធ្វើសក្ការៈបូជាថ្វាយចំពោះព្ឬះពុទ្ធសាសនា។បុត្រព្រះអង្គព្រះនាមតមលិន្ទបានបួសជាសង្ឃ ហើយបានទៅបន្តការសិក្សានៅកោះសិរីលង្កា។បុត្រមួយព្រះអង្គទៀតព្រះអង្គវីរកុមារ ដែលបាននិពន្ធចារអត្ថបទមួយយ៉ាងល្អវែកញែកអធិប្បាយពីព្រះពុទ្ធសាសនាលើផ្ទាំងថ្មនៅប្រាសាទព្រះខ័ណ្ឌ។កិត្យានុភាពព្រះបាទជ័យវរ្ម័នទី៧ ដោយសាការតស៊ូព្យាយាមព្រះអង្គបានទទួលជោគជ័យដែលគេអាចចាត់ទុកថា ជាជោគជ័យផ្ទាល់ខ្លួន។តែព្រះអង្គបានយកជោគជ័យនេះ ព្រមទាំងឥទ្ធិពលអំនាច ការចេះដឹង បទពិសោធន៍និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ មកកសាងប្រទេសជាតិផ្តល់នូវសេចក្តីសុខក្សេមក្សាន្ត សន្តិភាព វឌ្ឍនភាព ដល់ប្រជានុរាស្ត្រដោយគ្មានរើសអើងវណ្ណៈ។ការកសាងរបស់ព្រះអង្គមិនមែនតែប្រាងប្រាសាទដ៏ធំស្កឹមស្កៃនោះទេព្រះអង្គបានកសាងទំនុកបំរុងសាសនាក៏ដូចជាក្នុងផ្នែកសង្គមជាតិដែរ។ក្នុងរជ្ជកាលព្រះអង្គនគរចាម្ប៉ាបានក្លាយជាអាណាខេត្តខ័ណ្ឌខ្មែរ។ទឹកដីខ្មេរក៏បានលាតសន្ធឹងវែងឆ្ងាយជាមហាអំណាចមួយយ៉ាងធំដែរនៅក្នុងអាស៊ីអាគ្នេយ៍។ចក្រភពខ្មែរក្នុងរាជ្យជ័យវរ្ម័នទី៧ មានចាម្ប៉ា បច្ចុប្បន្នលាវ សៀមនិងទឹកដីមួយភាគធំនៃប្រទេសភូមា និងម៉ាឡេស៊ី។ ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គបានចូលទីវង្គតក្នុងគ.ស១២០២ ៕
Subscribe to:
Post Comments (Atom)
ជីវប្រវត្តិលោក ឌឹក គាម
លោក ឌឹក គាម កើតនៅថ្ងៃទី០៥ ខែមករា ឆ្នាំ ១៩៣៦ នៅសង្កាត់ប្ញស្សីកែវ ស្រុកឆ្លូង ខេត្ត ក្រចេះ។ * ស្នាដៃរបស់លោករួមមាន៖ + វេយ្យាករណ៍ដោយរូបភ...

-
លោក ឌឹក គាម កើតនៅថ្ងៃទី០៥ ខែមករា ឆ្នាំ ១៩៣៦ នៅសង្កាត់ប្ញស្សីកែវ ស្រុកឆ្លូង ខេត្ត ក្រចេះ។ * ស្នាដៃរបស់លោករួមមាន៖ + វេយ្យាករណ៍ដោយរូបភ...
-
ដើម្បីធ្វើអ្វីដែលថ្មីប្លែកពេលខ្លះ អាចជាការលែងម៉ូដសក់។ ការរចនាសក់ខាងក្រោមនេះ អ្នកនឹងឃើញពី ភាពក្លាហាន ការចូលចិត្តអ្វីដែលថ្មីហើយប្លែក របស់ពួកគ...
-
បើយោតាមក្រសួងវប្បធម៏ និងវិចិត្តសិល្បៈ បានឲ្យដឹងថា ល្ខោនបាសាក់សព្វថ្ងៃនេះមានប្រភពមកពីល្ខោនទ្រើងឃ្លោកហើយបានរីកចម្រើនឡើង...
No comments:
Post a Comment