Sunday, May 24, 2015
របាំរាំវង់ ជាកេតនភណ្ឌរបស់បុព្វបុរសខ្មែរ
របាំរាំវង់នៅប្រទេសកម្ពុជា មានដើមកំណើតតាំងពីយូរយារណាស់មក ហើយជារបាំដែលជាប់នឹងពិធីប្រពៃណីរបស់ខ្មែរយើងផងដែ។ តែលុះមកដល់ពេលចុងក្រោយនេះ ទើបបានក្លាយជារបាំប្រជាប្រិយដែលមានការនិយមចូលចិត្តពីគ្រប់ មជ្ឈដ្ឋានក្នុងសង្គមជាតិកម្ពុជាទាំងមូល ។ ហើយក្រោយមកទៀតក្នុងពេលដែលប្រទេសជិតខាងមាន សៀម និងឡាវ បានចាប់កំណើតឡើង របាំរាំវង់នេះ ក៏ដូចទម្រង់សិល្បៈឯទៀតដែរ ដោយសារតែឥទ្ធិពលឆ្លងគ្នាទៅ វិញទៅមករវាង ខ្មែរ និងលាវ ខ្មែរ និងសៀម ពិសេសគ្រប់តំបន់ជាយដែន និងតំបន់ដែលមានប្រជាជនខ្មែរលាវ ឫខ្មែរសៀមរស់ នៅលាយឡំគ្នាច្រើននោះ។ដើម្បីយល់កាន់តែច្បាស់ពីរបាំរាំវង់ប្រពៃណីរបស់ខ្មែរយើងមួយនេះ ជាបន្តសូមស្តាប់គួន សំបូរពណ៌នា ដូចតទៅ៖ មិនខុសអ្វីពីល្បែងប្រជាប្រិយចោលឈូង លាក់កន្សែង ចាប់កូនខ្លែង បោះអង្គញ់ ស្ដេចចង់ ឫល្បែងឯទៀតដែលខ្មែរនិយមកម្សាន្តក្នុងពិធីបុណ្យនានា ពិសេសគឺបុណ្យចូលឆ្នាំប្រពៃណីជាតិនោះឡើយ។ របាំប្រជាប្រិយ រាំវង់ រាំក្បាច់ គឺជាប្រភេទរបាំដែលមានការនិយមជាទូទៅនៅក្នុងទូទាំងប្រទេសកម្ពុជា ទោះនៅទីក្រុង ក៏ដូចជាជនបទ នៅតំបន់ភ្នំ នៅវាលទំនាប ឫក៏តំបន់មាត់សមុទ្រ ។ របាំប្រជាប្រិយ ខ្មែរនេះជាប្រភេទរបាំដែលងាយចាំងាយចេះ ហើយងាយក្នុងការរៀបចំសម្ដែងទៀតផង ។ អាស្រ័យហេតុនេះទើបគេសង្កេតឃើញប្រជាជនខ្មែរ តាំងពីព្រះរាជានាម៉ឺនសព្វមន្ត្រីរហូតដល់ប្រជារាស្ត្រ ទាំងក្មេង ទាំងចាស់ប្រុសស្រីចេះរាំរបាំនេះគ្រប់ៗគ្នា។ឯពាក្យថា “រាំវង់” គឺជាលក្ខណៈពិសេសសម្រាប់សំគាល់រូបភាពនៃរបាំនេះ ពោលគឺពេលរាំគេនាំគ្នារាំបន្តគ្នាជារង្វង់មូល ។ ហើយជារបាំសម្រាប់រាំលេងកម្សាន្ត ឫក៏រាំដើម្បីបំបាត់ការនឿយហត់ ក្រោយពីការបំពេញពលកម្មនានារួច ។
ចំពោះប្រវត្តិកំណើតនៃរបាំ រាំវង់នេះវិញ បើយើងពឹងផ្អែក លើឯកសារសរសេរដែលមានបន្តិចបន្តួច និងផ្អែកលើភាពជាក់ស្ដែងក្នុងជីវិតដែលបានប្រព្រឹត្តដល់យើង សព្វថ្ងៃនេះយើងជឿថា៖ សិល្បៈរាំវង់នេះមានអាយុច្រើនសតវត្សរ៍ណាស់មកហើយ នៅលើទឹកដីនៃមាតុភូមិកម្ពុជានេះ។ ព្រោះតាំងពីបុព្វេដ៏យូរលង់ ទាំងជនជាតិខ្មែរ និងជនជាតិឯទៀត ដែលស្ថិតក្នុងអំបូរជាមួយគ្នាដូចជាព្នង គ្រឹង ទំពួន ព្រៅ មានការទាក់ទងនិងការ រាំវង់ ឫ ជារង្វង់មូលនេះជាច្រើន ។ បងប្អូន ជនជាតិខ្មែរលើ ភូមិភាគឦសាននៃប្រទេស ឫតំបន់ព្រៃភ្នំ នៃភូមិភាគដទៃទៀតនិយមរាំលេងកម្សាន្តនៅជុំវិញភ្នក់ភ្លើងនាពេលរាត្រី ។ ទម្លាប់រាំវង់ជុំវិញភ្នក់ភ្លើងនេះមានអាយុច្រើនពាន់ឆ្នាំមកហើយ ហើយក៏នៅមានសេសសល់រហូតដល់សព្វថ្ងៃនេះ ។
ក្នុងពិធីលៀង អារក្ខ ឫឡើងអ្នកតា (ជំនឿខ្មែរដើមមានតាំងពីយូរលង់ មុនសម័យដែលព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ហូរចូលមកក្នុងតំបន់ជ្រោយសុវណ្ណភូមិ ពោលគឺតាងពីមុន៣០៩ឆ្នាំមុន គ.ស ជនជាតិខ្មែរតែងតែនាំគ្នាសង់រោងតូចមួយដោយធ្វើរាជវត្តិព័ទ្ធ ជុំវិញ ហើយអ្នកចូលរូបតែងតែរាំ ជារង្វង់មូលជុំវិញរោងនោះ ក្នុងពេលប្រារព្ធពិធីលៀងអារក្ខនេះ។ ពិធីកាប់ក្របីថ្វាយអ្នកតារបស់បងប្អូនជនជាតិ ព្នង គ្រឹង ទំពូន ដែលមានអាយុច្រើនពាន់ឆ្នាំមកហើយនោះ ដែលគេឃើញមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន ដែលកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧(១១៨១-១២១៨) ហើយដែលបងប្អូនយើងថែរក្សាឲ្យគង់វង្សរហូតមកដល់សព្វថ្ងៃនេះ ក៏មានទម្លាប់រាំជាវង់ ឫជារង្វង់មូលផងដែរ។ លើសពីនេះទៅទៀត បងប្អូនជនជាតិ ព្រៅ ព្នង គ្រឹង ទំពូន នៅប្រកាន់ភ្ជាប់ទំនៀម “រាំវង់ភូមិថ្មី” ដែលភាសាជនជាតិនិយមថា ៖”រាំវង់ស្រ៊ុក ហាន់ទើម” ។ របាំរាំវង់ភូមិថ្មី គេមានទម្លាប់ធ្វើនៅក្នុងពេលប្ដូរភូមិ ពីភូមិចាស់ទៅរស់នៅក្នុងភូមិថ្មី ។ តាមធម្មតាក្នុងរយៈពេលពីបីទៅប្រាំពីរឆ្នាំមុននឹងប្ដូរភូមិ ឫចាកចេញពីភូមិចាស់ មេកន្ទ្រាញ និងចាស់ទុំ ក្នុងភូមិតែងនាំគ្នាធ្វើពិធីផ្សងទៅតាមជំនឿរបស់ខ្លួន ដើម្បីរកកន្លែងដីថ្មីដែលមានលក្ខណៈភូមិសាស្ត្រល្អមានទឹក គ្រប់គ្រាន់ និងជាកន្លែងដែលអាចការពារសន្តិសុខជូនញាតិមិត្តក្នុងស្រុកភូមិបានល្អ ។ ពេលផ្សងរើសរកដីថ្មីបានហើយ ទើបគេនាំគ្នាធ្វើពិធីកំណត់ឆ្នាំសម្រាប់រស់នៅ គឺឲ្យដឹងថា តើពួកគេអាចរស់នៅបានប៉ុន្មានឆ្នាំ នៅនឹងភូមិថ្មីនោះ ? ពិធីកំណត់ឆ្នាំសម្រាប់រស់នៅនេះ ប្រព្រឹត្តទៅដោយមកកន្ទ្រាញ និងចាស់ទុំ ភូមិធ្វើពិធីផ្សងដោយយកប្រទាលមកចិតទម្លាក់មកលើដីចំនួនប្រាំពីរ ចំណិត ។ បើប្រទាលនោះក្រឡាប់ប៉ុន្មាន ចំណិតនោះគេជឿថា គេអាចរស់នៅក្នុងភូមិថ្មីនោះបានប៉ុណ្ណឹងឆ្នាំដែរពោលគឺតាម ចំនួនចំណិត ប្រទាលដែលក្រឡាប់នោះ ។ ដូចជាបើប្រទាលក្រឡាប់បី ឫប្រាំចំណិតនោះ គេអាចរស់នៅទីនោះបានបី ឫប្រាំឆ្នាំដែរ ។ ហើយជំនឿនេះមានរៀងរហូតតាំងពីបុព្វេយូរលង់ណាស់មកហើយរហូតដល់ សព្វថ្ងៃនេះ ។ ពេលធ្វើពិធីផ្សងរកដីថ្មីបាន ហើយមេកន្ទ្រាញក៏ប្រកាសឲ្យអ្នកស្រុកអ្នកភូមិរុះរើពីភូមិថ្មី នេះមុនគេបង្អស់ ។ អ្នកស្រុកអ្នកភូមិមានស្រី មានប្រុសនាំគ្នារាំជាគូ (តាមប្រពៃណីដូនតា តៗគ្នារហូតដល់បច្ចុប្បន្ននេះ) ដែលមានជំនឿថា៖ នឹងនាំឲ្យគេគ្រប់ៗគ្នាបានសេចក្ដីសុខចម្រើន ។
ការរៀបរាប់ ខាងលើនេះបញ្ជាក់ថា របាំរាំវង់នៅប្រទេសកម្ពុជា មានតាំងពីយូរយារណាស់មកហើយជារបាំដែលជាប់នឹងពិធីប្រពៃណី តែលុះមកដល់ពេលចុងក្រោយនេះ ទើបបានក្លាយជារបាំប្រជាប្រិយដែលមានការនិយមចូលចិត្តពីគ្រប់ មជ្ឈដ្ឋានក្នុងសង្គមជាតិកម្ពុជាទាំងមូល ។ ហើយក្រោយមកទៀតក្នុងពេលដែលប្រទេសជិតខាងមាន សៀម និងឡាវ បានចាប់កំណើតឡើង របាំរាំវង់នេះ ក៏ដូចទម្រង់សិល្បៈឯទៀតដែរ បានហូរចុះហូរឡើង ឫក៏ជះឥទ្ធិពលឆ្លងគ្នាទៅ វិញទៅមករវាង ខ្មែរ និងលាវ ខ្មែរ និងសៀម ពិសេសគ្រប់តំបន់ជាយដែន និងតំបន់ដែលមានប្រជាជនខ្មែរលាវ ឫខ្មែរសៀមរស់ នៅលាយឡំគ្នាច្រើននោះ ។
បើតាមឯកសារខ្លះៗដែលនៅសល់ និងតាមព័ត៌មាន ដែលយើងទទួលបានពីចាស់ទុំជាច្រើនបានបញ្ជាក់ថា៖ នៅប្រទេសកម្ពុជារបាំប្រជាប្រិយរាំវង់រាំក្បាច់នេះ បានរីកចម្រើនយ៉ាងខ្លាំងនៅសតវត្សរ៍ទី២០នេះ ។ ពិសេសគឺតាំងពីពេលដែលចលនា ខ្មែរឥស្សរៈដែលកើតមាននៅគ្រប់តំបន់ក្នុងប្រទេស និងជីវពលនារីក្លាហានក្រោកឡើងបណ្ដេញអាណានិគមបារាំង ដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិនោះមក ហើយដែលគេអាចឃើញមានសល់នូវបទចម្រៀងរាំវង់មួយចំនួនដែលអាច ជាតិកតាង ឫជាអនុស្សាវរីយ៍ នៃសម័យកាលនោះផង ។ ហើយក៏ប្រហែលនៅក្នុងពេលនោះដែរ ដែលឥទ្ធិពលនៃពាក្យបរទេសដូចជាពាក្យថា៖ រាំ”ឡាំថូន” ឫឡក”ឡាំថូន” (ថូនគឺស្គរ) ត្រូវខ្មែរយកមកប្រើព្រោះពេលនោះកងទ័ពខ្មែរឥស្សរៈដែលបោះទីតាំង ក្នុងព្រៃជ្រៅៗតំបន់ភ្នំដងរែក តំបន់ជ្រាវឱរ៉ាល់ ភ្នំក្រវាញ តំបន់ភាគឦសាននៃប្រទេស ឫតំបន់មាត់សមុទ្រក្ដី ច្រើននាំគ្នាលេងរាំវង់ ដោយប្រើស្គរដៃមួយប៉ុណ្ណោះ និងចម្រៀងដែលមានលក្ខណៈងាយស្រួលក្នុងការកម្សាន្តទៅតាមកាលៈទេសៈ នៃការតស៊ូ និងការរស់ដោយយកព្រៃជ្រៅជាមូលដ្ឋានបង្អែក ។
សូមបញ្ជាក់ថា៖ ស្គរដៃនេះជាស្គរនៃវង់ភ្លេងអារក្ស ឫវង់ភ្លេងប្រពៃណីភ្លេងការរបស់ជនជាតិខ្មែរដែលមានកំណើតរាប់ពាន់ ឆ្នាំមកហើយ ។គឺតាំងពីពេលស្រុកខ្មែរបានឯករាជ្យ ក្រោមព្រះរាជកិច្ចដឹកនាំ នៃព្រះករុណា ព្រះបាទនរោត្ដមសីហនុវរ្ម័ន នៅថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ មក ប្រទេសជាតិ និងប្រជារាស្ត្រ មានសេរីភាពគ្រប់គ្រាន់ ។ របាំប្រជាប្រិយ រាំវង់ រាំក្បាច់ ក៏បានរីកចម្រើនយ៉ាងខ្លាំងក្លា ពោលគឺនៅកន្លែងខ្លះ គេរាំជាមួយស្គរដៃពេលខ្លះ គេរាំជាមួយវង់ភ្លេងខ្មែរ ដែលមានឧបករណ៍ស្គរ ទ្រ រនាត និងឧបករណ៍ច្រើនផ្សេងៗទៀតរហូតដល់វង់តន្ត្រីសម័យយ៉ាងទំនើប ដែលយើងឃើញរហូតដល់សព្វថ្ងៃនេះផង ។
សូមជម្រាបថា៖ នៅក្នុងប្រភេទសិល្បៈរបាំប្រជាប្រិយនៅប្រទេសកម្ពុជាយើងនេះ ក្រៅពីរាំវង់ និងរាំក្បាច់ ដែលជារបាំមូលដ្ឋានរបស់ជនជាតិខ្មែរ មានចម្រៀង និងរបាំប្រឺន និងកន្ទ្រឹម ដែលមានប្រជា ប្រិយភាពដ៏ធំធេងនៅតំបន់ចំនៀរភ្នំដងរែកនោះ និងនៅមានរបាំ “ឡាំលាវ” និង “សារ៉ាវ៉ាន់” ថែមទៀតដែលមានប្រជាប្រិយភាពធំធេង ហើយមានការនិយមរាំឆ្លាក់គ្នាជាមួយរាំវង់ និងរាំក្បាច់ជានិច្ចនោះផង ។ ចំពោះរបាំឡាំលាវ ដែលមានចង្វាក់ញាប់រន្ថើន និងរបាំក្បាច់សារ៉ាវ៉ាន់នេះ យើងត្រូវតែទទួលស្គាល់ថា៖ នេះគឺពិតជាឥទ្ធិពលរបស់សិល្បៈលាវ ដែលបានហូរចូលមកប្រទេសកម្ពុជា ក្នុងឋានៈជាមិត្តភ័ក្ដិ និងជាបងប្អូន និងជាអ្នកភូមិផងរបងជាមួយ ហើយត្រូវបានជនជាតិ កម្ពុជានិយមរាប់អានយ៉ាងក្រៃលែង ។ ដូច្នេះគូរជ្រាបថា៖ ខ្មែររាំឡាំលាវនោះ គឺមានសេចក្ដីថា៖ ខ្មែររាំបែបលាវ ឫចំលងរបៀបរាំតាមជនជាតិលាវ ថ្វីត្បិតតែមិនបានចំលងឲ្យដូចគ្នាបេះបិទ ឬក៏ដូចលាវសុទ្ធសាធក្ដី ។ ចំណែករាំ សារ៉ាវ៉ាន់វិញគឺជាឈ្មោះខេត្តមួយ របស់ប្រទេសលាវជាប់និងខេត្តអាត់តៈពើ ហើយដែលស្ថិតមិនឆ្ងាយប៉ុន្មានពីខេត្តស្ទឹងត្រែងរបស់ប្រទេសកម្ពុជាយើងនេះឡើយ ។ ហើយក្បាច់សារ៉ាវ៉ាន់ នោះក៏ជាភស្តុតាងគូសបញ្ជាក់ថា៖ មានប្រភពដើមចេញមកពីខេត្តសារ៉ាវ៉ាន់នេះឯងពិតប្រាកដ ។
ចំណែកខាង ពេលវេលា ឫ ពិធីដែលរបាំប្រជាប្រិយសម្ដែងវិញ គឺមានលក្ខណៈទូលំទូលាយណាស់ជាទូទៅគេច្រើនរាំ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅទូទាំងប្រទេស ហើយមានកន្លែងខ្លះ ឫស្រុកខ្លះរាំលេងសប្បាយរាប់ខែមុនពេលចូលឆ្នាំ និងរាំលេងរាប់ខែ ក្រោយពេលចូលឆ្នាំទៀតផង ដូចជានៅភូមិអន្លង់រមៀតក្នុង ខេត្តកណ្ដាល ស្ថិតមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញនេះជាដើម ។ គេរាំលេងកម្សាន្ត ក្នុងអាពាហ៍ពិពាហ៍ ឫរាំដើម្បីបំបាត់ការនឿយហត់ ក្រោយពេលបំពេញពលកម្មនានាថែមទៀតផង ។ រហូតមកដល់សព្វថ្ងៃនេះគេសង្កេត ឃើញរបាំប្រជាប្រិយ រាំវង់ រាំក្បាច់ ឡាំលាវ សារ៉ាវ៉ាន់ ត្រូវបានគេនិយមរាំលេងនៅតាមស្រុកទេសនានា លាយចម្រុះនិងក្បាច់របាំបរទេសនានាជារាល់រាត្រីផង ។
រីឯទស្សនៈយល់ដឹងអំពីសិល្បៈរបាំប្រជាប្រិយខ្មែរ ដែលរាំជារង្វង់មូល ហើយប្រើកាយវិការ និងក្បាច់ដៃ”ជើង” ពីក្រោម ហើយលើកឡើង “លា” នោះវិញ មានមតិភាគច្រើនយល់ថា៖ នោះជាការបង្កើតសាមគ្គី ភាពរវាងគ្នានិងគ្នាផង ការបង្ហាញពីសុភមង្គលក្នុងជីវិតខ្មែរផង និងជានិម្មិតរង្វង់នៃជីវិតដែលត្រូវតែមានពលកម្មដាំដុះផលដំណាំ សារចុះសារឡើង បន្តជានិរន្ត មិនចេះចប់ ដើម្បីទ្រទ្រង់ជីវិត និង ការចាំបាច់នៃការបន្តពូជពង្សវង្សត្រកូលនៃធម្មជាតិ និងមនុស្សពិសេស គឺពូជពង្សវង្សត្រកូលខ្មែរនេះតែម្ដង ៕
Subscribe to:
Post Comments (Atom)
ជីវប្រវត្តិលោក ឌឹក គាម
លោក ឌឹក គាម កើតនៅថ្ងៃទី០៥ ខែមករា ឆ្នាំ ១៩៣៦ នៅសង្កាត់ប្ញស្សីកែវ ស្រុកឆ្លូង ខេត្ត ក្រចេះ។ * ស្នាដៃរបស់លោករួមមាន៖ + វេយ្យាករណ៍ដោយរូបភ...

-
លោក ឌឹក គាម កើតនៅថ្ងៃទី០៥ ខែមករា ឆ្នាំ ១៩៣៦ នៅសង្កាត់ប្ញស្សីកែវ ស្រុកឆ្លូង ខេត្ត ក្រចេះ។ * ស្នាដៃរបស់លោករួមមាន៖ + វេយ្យាករណ៍ដោយរូបភ...
-
ដើម្បីធ្វើអ្វីដែលថ្មីប្លែកពេលខ្លះ អាចជាការលែងម៉ូដសក់។ ការរចនាសក់ខាងក្រោមនេះ អ្នកនឹងឃើញពី ភាពក្លាហាន ការចូលចិត្តអ្វីដែលថ្មីហើយប្លែក របស់ពួកគ...
-
បើយោតាមក្រសួងវប្បធម៏ និងវិចិត្តសិល្បៈ បានឲ្យដឹងថា ល្ខោនបាសាក់សព្វថ្ងៃនេះមានប្រភពមកពីល្ខោនទ្រើងឃ្លោកហើយបានរីកចម្រើនឡើង...
No comments:
Post a Comment