Saturday, April 1, 2017

ជីវប្រវត្តិលោក ឌឹក គាម


លោក ឌឹក គាម កើតនៅថ្ងៃទី០៥ ខែមករា ឆ្នាំ ១៩៣៦ នៅសង្កាត់ប្ញស្សីកែវ ស្រុកឆ្លូង ខេត្ត ក្រចេះ។
* ស្នាដៃរបស់លោករួមមាន៖
+ វេយ្យាករណ៍ដោយរូបភាព
+ រឿងព្រះនាងឥន្រ្ទទេវី
+ រឿងចៅពញាហុក
+ រឿងភូមិតិរិច្ឆាន ( ១៩៦៤- ១៩៦៥)
 ប្រភព៖  http://www.chanbokeo.com

Friday, March 31, 2017

ប្រវត្តិជីវិតអ្នកនិពន្ធ នូ​ ហាច ម្ចាស់រឿង ផ្កាស្រពោន

លោក​នូ ហាច កើត​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​១៩១៦ នៅ​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត បាត់ដំបង ។ ឪពុក​នាម​ឃួ​ន នៅ និង​ម្តាយ​នាម​ឱរ មួ​ច ពួក​គាត់​ជា​កសិករ ។ លោក​នូ ហាច ជា​កូនច្បង និង​មាន ប្អូន​ៗ​ច្រើន​នាក់​ទៀត ក្នុង​នោះ​មាន​ប្អូនស្រី​៣​នាក់ ។ 

អ្នក​ស្រាវជ្រាវ​និង​ចងក្រង​ឯកសារ​លើក​ឡើង​ឱ្យ​ដឹង​ថា កាលពី​កុមារភាព​លោក​នូ ហាច សិក្សា​នៅ​សាលា​បឋម​សិក្សា​វត្ត​កំពង់ព្រះ ដែល​មាន​គ្រូ​ជា​ព្រះសង្ឃ ។ នៅ​សាលា​នេះ​ហើយ ដែល​លោក​ចេះ​អាន​សាស្ត្រា​ស្លឹករឹត​យ៉ាង​ស្ទាត់ជំនាញ ។ ឆ្នាំ​១៩៣២ លោក​នូ ហាច បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ រាជធានី​ភ្នំពេញ ហើយ​លោក​តស៊ូ​រៀនសូត្រ​រហូត​បាន​ទទួល​សញ្ញាបត្រ​កម្រិត​មធ្យមសិក្សា ។ 

លោក​នូ ហាច បាន​រៀប​ការ​ជាមួយ​អ្នកស្រី​តាន់ រ៉េ​ម និង​មានកូន​ចំនួន​៨​នាក់ ។ បច្ចុប្បន្ន កូន​ៗ​របស់​លោក​មួយ​ចំនួន​រស់នៅ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី ។

ខ្មែរក្រហម​បាន​សម្លាប់​លោក ​នូ ហាច ​ប្រហែល​នៅ​ឆ្នាំ​១៩៧៥ ។ លោក​នូ ហាច ត្រូវ​បាន​គេ​ស្គាល់​បំផុត តាម​រយៈ​ស្នាដៃ​ប្រលោមលោក​របស់​លោក រឿង​«​ផ្កា​ស្រពោន​» ។

រឿង​«​ផ្កា​ស្រពោន​» បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​មធ្យមសិក្សា​នា​ឆ្នាំ​១៩៥៨ ហើយ​បច្ចុប្បន្ន​រឿង​នេះ​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​ទី​៨ ។ នៅ​ឆ្នាំ​២០០២ នាម​របស់​អ្នកនិពន្ធ នូ ហាច ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ជា​ឈ្មោះ​សមាគម​អក្សរសិល្ប៍ ដែល​មានឈ្មោះ​ថា «​សមាគម​អក្សរសិល្ប៍​នូ ហាច​» និង​សមូហកម្ម​អក្សរសិល្ប៍ ឈ្មោះ​ថា «​សមូហកម្ម​អក្សរសិល្ប៍​នូ ហាច​» ។ សមាគម​អក្សរសិល្ប៍​នូ ហាច បញ្ជាក់​ថា «​សមាគម​អក្សរសិល្ប៍​នូ ហាច យកឈ្មោះ​អ្នកនិពន្ធ​រៀមច្បង​ជាទី​គោរព​មក​ដាក់​ជា​ឈ្មោះ​របស់​ខ្លួន ក្នុង​បំណង​លើក​ស្ទួយ​វិស័យ​អក្សរសាស្ត្រ​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន ជឿនលឿន​ទាន់សម័យ ។ អ្នកនិពន្ធ នូ ហាច បាន​ឈាន​ចេញពី​អក្សរសិល្ប៍​ខ្មែរ​បុរាណ​ដែល​សរសេរ​រឿង​សោកនាដកម្ម​តាម​ទ្រឹស្តី​ពុទ្ធសាសនា ជា​ពាក្យកាព្យ​ឱ្យទៅ​ជា​ការ​ពិពណ៌នា និង​ការ​និទាន​ប្រកបដោយ​មនោសញ្ចេតនា » ។ ប្រលោមលោក​រឿង «​ផ្កា​ស្រពោន​» របស់​លោក​នូ ហាច ទោះជា​មាន​អាយុកាល​កន្លះ​សតវត្សរ៍​ហើយ​ក្តី ក៏​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ព្រលឹង​ខ្មែរ​និង​ប្រិ​យ​មិត្ត​អ្នក​អាន​នៅឡើយ​។ ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​១៩១៦ នៅ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់តំបង លោក​ឃួ​ន នៅ និង អ្នកស្រី​ឱរ មួ​ច បាន​ផ្តល់​កំណើត​ឱ្យ​ទារក​ម្នាក់ ដែល​ក្រោយមក​ត្រូវ​បាន​ចារឹក​ទុក​នៅ​ក្នុង​ប្រវត្តិ​អក្សរសាស្ត្រ​ជាតិខ្មែរ​ឈ្មោះ​នូ ហាច ។ លោក​មាន​បងប្អូន​ប្រុស​៥​នាក់ និង​ស្រី​៣​នាក់ ហើយ​លោក​គឺជា​កូនប្រុស​ច្បង​ក្នុង​គ្រួសារ​កសិករ​មួយ​នេះ ។ កាលពី​នៅ​កុមារភាព​លោក​នូ ហាច ស្នាក់​រៀន​នៅ​ក្នុង​វត្ត​កំពង់ព្រះ ដែល​បង្រៀន​ដោយ​ព្រះសង្ឃ ហើយ​សិក្សា​ចេះ​អាន​សាស្ត្រា​ស្លឹករឹត​យ៉ាង​ស្ទាត់ ។ លោក​នូ ហាច​បាន​ប្រឡង​ជាប់​ចូល​សិក្សា​នៅ​អនុ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ក្រុងភ្នំពេញ​នា​ឆ្នាំ​១៩៣២ ។ សៀវភៅ​អក្សរសិល្ប៍​ខ្មែរ​សតវត្សរ៍​ទី​២០ របស់​បណ្ឌិត​ឃី​ង ហុ​ក​ឌី អះអាង​ថា លោក​នូ ហាច បាន​ចូល​បម្រើ​ការងារ​ជា​ចៅក្រម​នៅ​ឆ្នាំ​១៩៣៩​បន្ទាប់​ពី​បាន​ប្រឡង​មធ្យមសិក្សា​ប​ត្រ​ភាគ​ទី​១ ហើយ​បាន​ផ្លាស់​មក​ភ្នំពេញ​បន្ទាប់​ពី​បាន​រៀប​អាពាហ៍ពិពាហ៍ ។ ទស្សនាវដ្ដី សង្គម​សាស្ត្រ​-​មនុស្ស​សាស្ត្រ អះអាង​ថា «​ឆ្នាំ​១៩៣២ លោក​នូ ហាច បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​វិទ្យាល័យ​ស៊ី​សុវត្ថិ​ភ្នំពេញ ហើយ​លោក​បាន​បន្ត​ការ​សិក្សា​រហូត​ទទួល​បាន​សញ្ញាប័ត្រ​មធ្យមសិក្សា ហើយ​លោក​ចាប់ផ្តើម​អាជីព​របស់​លោក​ជា​មេធាវី​យុត្តិធម៌​មួយ​រូប​បំពេញ ការងារ​នៅ​ក្នុង​ខេត្តសៀមរាប ។ លោក​នូ ហាច បាន​រៀប​ការ​ជាមួយ​អ្នកស្រី​តាន់ រ៉េ​ម បន្ទាប់​ពី​លោក​បាន​ផ្លាស់​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ ។ អ្នក​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​បន្ត​ថា អ្វី​ដែល​ខុស​គ្នា​បន្តិច​នៅ​ទី​នេះ​គឺថា សៀវភៅ​របស់​លោក​ឃី​ង ហុ​ក​ឌី​លើក​ឡើង​ថា លោក​ធ្វើ​ជា​ចៅក្រម និង​បាន​រៀប​ការ​រួច​ទើប​ត្រឡប់​ចូល​ភ្នំពេញ ។ ចំណែក​សមាគម​អក្សរសិល្ប៍​នូ ហាច ថា​លោក​បាន​ធ្វើ​ជា​មេធាវី​យុត្តិធម៌ ហើយ​បាន​រៀប​អាពាហ៍ពិពាហ៍​បន្ទាប់​ពី​វិល​ចូល​ភ្នំពេញ​។ ទោះ​យ៉ាងណា​ក្តី ឯកសារ​របស់​សមាគម​អក្សរសិល្ប៍​នូ ហាច មាន​ភាព​ច្បាស់លាស់​ជាង ។ លោក​នូ ហាច បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួង​ឃោសនាការ​ទទួល​បន្ទុក​ខាង​ការ​ផ្សាយ​កាសែត​កម្ពុជា នៅ​ឆ្នាំ​១៩៤៧ ។ មួយ​ឆ្នាំ​ក្រោយមក គឺ​នៅ​ឆ្នាំ​១៩៤៨ លោក​នូ ហាច​បាន​ធ្វើ​ជា​លេខាធិកា​ផ្ទាល់​របស់​ទ្រង់​យុ​ត្តិ​វង្ស កាលដែល​ព្រះ​អង្គជា​នាយក​រដ្ឋមន្ត្រី ។ បន្ទាប់​ពី​ទ្រង់ យុ​ត្តិ​វង្ស សុគត​ទៅ លោក​នូ ហាច បាន​វិល​ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​ឃោសនាការ​វិញ​មាន​ឋានៈ​ជា​ប្រធាន​នាយកដ្ឋាន ។ ឆ្នាំ​១៩៥២ លោក​នូ ហាច បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួងការបរទេស​ដែល​នៅ​ជាប់​មុខងារ​ជា​មន្ត្រី​ការទូត ។ ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​១៩៥២​ដល់​ថ្ងៃ​ទី​២៣ មក​រា ឆ្នាំ​១៩៥៣ លោក​នូ ហាច​ត្រូវ​បាន​សម្តេច​នរោត្តម សីហ​នុ តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​គមនាគមន៍ ។ សៀវភៅ អក្សរសិល្ប៍​ខ្មែរ​សតវត្សរ៍​ទី​២០ របស់​បណ្ឌិត​ឃី​ង ហុ​ក​ឌី បាន​កត់ចំណាំ​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៦៩ ក្នុង​ពេល​ដែល​លោក​បម្រើ​ការងារ​នៅ​ក្រសួងការបរទេស​នោះ លោក​នូ ហាច បាន​ទទួល​តំណែង​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ នេះ​ជា​តំណែង​ចុង​ក្រោយ​របស់​លោក ។ សៀវភៅ​ដដែល​នេះ​អះអាង​ទៀត​ថា លោក​នូ ហាច​បាន​វិល​មក​ភ្នំពេញ​ប្រហែលជា​នៅ​ឆ្នាំ​១៩៧២ ហើយ​បាន​បាត់​ខ្លួន​នៅ​ក្នុង​អំឡុង​របប​ខ្មែរ​ប្រ​ហម​១៩៧៥-១៩៧៩ ។ ទស្សនាវដ្ដី សង្គម​សាស្ត្រ​-​មនុស្ស​សាស្ត្រ មាន​ភាព​ជាក់លាក់​ជាង​ថា «​ឆ្នាំ​១៩៥២ លោក​នូ ហាច បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​ក្រសួងការបរទេស​នៅ​ភ្នំពេញ ។ ក្នុងអំឡុងពេល​នោះ លោក​នូ ហាច ត្រូវ​បាន​គេ​តែងតាំង​ឱ្យទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ថៃ និង​យូ​ហ្គោ​ស្លា​វី ។ លោក​នូ ហាច ត្រូវ​បាន​គេ​ដំឡើង​ឋានន្តរសក្តិ​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ប្រទេស​វៀតណាម និង​ជា​អ្នកតំណាង​ពិសេស​ប្រចាំ​អង្គការសហប្រជាជាតិ ។ ឯកសារ​ដដែល​នេះ​បន្ត​ទៀត​ថា លោក​នូ ហាច បាន​វិល​ត្រឡប់​មក​ភ្នំពេញ​វិញ​នៅ​ឆ្នាំ​១៩៧៤ ហើយ​លោក​ត្រូវ​បាន​ពួក​ខ្មែរក្រហម​សម្លាប់់​នៅ​ខែមេសា​ឆ្នាំ​១៩៧៥ ។ លោក​នូ ហាច បាន​ចូល​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ នៅ​ថ្ងៃ​ទី​១៧ មក​រា ឆ្នាំ​១៩៥៨​។ ប៉ុន្តែ​ឯកសារ​របស់​សមាគម​អក្សរសិល្ប៍​នូ ហាច ថា​លោក​នូ ហាច​ចូល​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​១៩៤៨ ។ ចំណុច​នេះ​គឺ​មាន​ភាព​ខុស​គ្នា​១០​ឆ្នាំ​គត់ ។

ប្រវត្តិ​ការងារ 
អ្នក​ស្រាវជ្រាវ​និង​ចងក្រង​ឯកសារ​លើក​ឡើង​ថា បន្ទាប់​ពី​ទទួល​បាន​សញ្ញាបត្រ​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​មក លោក​នូ ហាច បាន​ចេញ​ទៅ បំពេញការងារ​នៅ​ខេត្តសៀមរាប​ជា​ចៅក្រម​។ ឆ្នាំ​១៩៤៧ លោក​នូ ហាច​បាន​បាន​ធ្វើការ​ជា​អ្នក​បោះពុម្ពផ្សាយ​ឱ្យ​កាសែត​កម្ពុជា ក្នុង​ក្រសួង​ព័ត៌មាន ។ «​ឆ្នាំ​១៩៤៨ លោក​នូ ហាច​បាន​ក្លាយជា​លេខា​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី (​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ យុ​ត្តិ​វង្ស​) ។ បន្តា​ប់​មក លោក​បាន​វិល​មក​ធ្វើការ​ឱ្យ​ក្រសួងពត៌មាន​វិញ មាន​ឋានៈ​ជា ប្រធាន​នាយកដ្ឋាន ។ ឆ្នាំ​១៩៥២​លោក​នូ ហាច​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​ក្រសួងការបរទេស ជា​ប្រធាន​ផ្នែក​កិច្ចការ នយោបាយ​ការ​បរទេស ។ ក្នុង​ការងារ​ថ្មី​នេះ លោក​នូ ហាច​ត្រូវ​បាន​តែងតាំង​ឱ្យទៅ​បំពេញបេសកកម្ម ផ្សេង​ៗ​នៅ​បរទេស ដូច​ជា​ទៅ​ប្រទេស​សៀម និង​យូ​ហ្គោ​ស្លា​វី​ជាដើម​។ ក្រោយមក​ដោយសារ​លោក​នូ ហាច មាន​ស្នាដៃ​ក្នុង​ការងារ រាជរដ្ឋាភិបាល​បាន​ដំឡើង​ឋានៈ​ឱ្យ​លោក​ក្លាយជា​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ប្រទេស​វៀតណាម និង​ជា​អ្នកតំណាង​ពិសេស​ប្រចាំ អង្គការសហប្រជាជាតិ​។ ឆ្នាំ​១៩៥២ នាយក​រដ្ឋមន្ត្រី សម្តេចព្រះ​នរោត្តម សីហ​នុ បាន​តែងតាំង​លោក​នូ ហាច ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​គមនាគមន៍ ដោយ​ព្រះរាជក្រឹត្យ លេខ​២៥២ ។ ថ្ងៃ​ទី​១៧ មក​រា ឆ្នាំ​១៩៥៨ លោក​នូ ហាច បាន​ចូល​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ (​ទស្សនាវដ្តី​អ្នកនិពន្ធ​ខ្មែរ ឆ្នាំ​ទី​២ លេខ​៣ ខែកុម្ភៈ ឆ្នាំ​១៩៩៦ ទំព័រ​១៣) (​សមាគម​អ្នកនិពន្ធ​ខ្មែរ​កើតឡើង​នៅ​ឆ្នាំ ១៩៥៤ ដោយ​លោក​រី​ម គី​ន​)​។ លោក​នូ ហាច ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​ពិសេស​ក្នុង​ស្នាដៃ​ប្រលោមលោក​មនោសញ្ចេតនា​ដែល មាន​ចំណងជើង​ថា​«​ផ្កា​ស្រពោន​» ។ លោក​មាន​ស្នាដៃ ផ្សេង​ៗ​ទៀត ដូច​ជា​រឿង​ខ្លី កំណាព្យ (​លោក​សរសេរ​កំណាព្យ​ជា​កាព្យ​បែប​បារាំង​) លោក​នូ ហាចជា​អ្នកនិពន្ធ ដែល​សរសេរ ឱ្យ​ទស្សនាវដ្តី រាត្រី​ថ្ងៃ​សៅរ៍​, ទស្សនាវដ្តី​នារី​, ទស្សនាវដ្តី​រួម​មិត្ត​ជាដើម​ចំណងជើង​អត្ថបទ​នានា​ដែល​ប្រមូល​បាន​មាន ៖
 ១-​រឿង ផ្កា​ស្រពោន ឆ្នាំ​១៩៤៩ ។ 
២-​រឿង​មាលាដួងចិត្ត ឆ្នាំ​១៩៧២ ។ ៣-​រឿង​ត្រួយ​ជីវិត ឆ្នាំ​១៩៧៣ ។ 
៤-​មធុរស​ជាតិ សិក្សា​អត្ថបទ ដកស្រង់​ពី​ទស្សនាវដ្តី​នារី​លេខ​១0 ទំព័រ​៣៥៣ ដល់ ៣៥៦ ខែតុលា ឆ្នាំ​១៩៥១ ។ 
៥-​រឿង​ខ្លី កូនក្រក ផ្សាយ​ដោយ​ទស្សនាវដ្តី​រួម​មិត្ត​លេខ​៨ ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​១៩៥៣ ទំព័រ​១៥ និង​១៦​។ 
៦-​ដំណើរ​ចេញ​ទៅ​ប្រទេស​បារាំង កាព្យ​បែប​បារាំង ផ្សាយ​ដោយ​ទស្សនាវដ្តី​នារី លេខ​១៥ ឆ្នាំ​១៩៥២​។ 
៧-​ខ្ទីង កាព្យ​បែប​បារាំង ផ្សាយ​ដោយ​ទស្សនាវដ្តី​នារី​លេខ​១១ ខែវិច្ឆិកា ឆ្នាំ​១៩៥១ ទំព័រ​៣៩៦ ។ 
៨-​រឿង​នារី​ជាទី​ស្នេហា ឆ្នាំ​១៩៥៣ ។ 
៩-​លាវ័ណ្យ និង​រវិន្ទ ឆ្នាំ​១៩៥៣ បោះពុម្ព​ភាគ​១ ឆ្នាំ​១៩៥៥ បោះពុម្ព​ភាគ​២ ។ 
១០-​រឿង​ខ្លី ល្បាត​គយ​ក្នុង​គ្រាមួយ​នៅ​ទន្លេសាប ដកស្រង់​ពី​ទស្សនាវដ្តី​រាត្រី​ថ្ងៃ​សៅរ៍ លេខ ១0 ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​១៩៥២ ទំព័រ​២៩ ដល់​៣១ ។ 
១១-​ថូ​បែក កាព្យ​បែប​បារាំង លោក​នូ ហាច ដកស្រង់​ពី​ទស្សនាវដ្តី​នារី​លេខ​១៣ ខែមករា ឆ្នាំ​១៩៥២ ទំព័រ​១១ ៕ 

ប្រភព៖ http://everyday.com.kh/article/49270.html?clear=1

Sunday, May 24, 2015

ព្រះ​បាទ​​ជ័យ​វរ្ម័ន​​ទី​​៧​​ជា​​ស្តេច​​មាន​​កិ​ត្តិនាម​​ល្បី​ល្បាញ​​ក្នុង​​ប្រ​វត្ថិ​សា​ស្ត្រ​​កម្ពុជា

​​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺជា​ស្តេច​មួយ​អង្គ​ដែល​មាន​កិតិ្ត​នាម​ល្បីល្បាញ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ​។ ​ព្រះអង្គ​គឺជា​ព្រះរាជា​មួយអង្គ​ដែល​មាន​ចិត្ត​ស្ងៀម​មិន​បណ្តែតបណ្តោយ​ចិត្តគំនិត​អារម្មណ៍ឲ្យ​ផ្លាស់ប្តូរ ហក់​លោត​ទៅតាម​មនោសញ្ចេតនា ភ្លើងកំហឹង ការ​ប្រ​មាថ​​ឆេវ​ឆាវ​​និង​​ការ​លោភលន់​ខ្វះ​ពិចារណា​ឡើយ​។​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ព្រឹត្តិការណ៍​នគរ​ចាម្ប៉ា​វាយប្រហារ​ចូលលុក​ប្រទេស​កម្ពុជា​និង​ការ​អស់​​ព្រះជន្ម​របស់​មហាក្សត្រ​ជ្រែករាជ្យ​បាន​ជំរុញ​អោយ​ព្រះអង្គ​ចេញមុខ​បង្កបង្កើត​ចលនា​តស៊ូ​រំដោះជាតិ​។​ព្រះអង្គ​បាន​ដឹកនាំ​ការតស៊ូ​ប្រឆាំង​នឹង​អាណានិគម​ចាម្ប៉ា​​អស់​​​រយៈ​​ពេល​​​៤​​​ឆ្នាំ​​​ទើប​​​ទទួល​​បាន​​​ជោគ​ជ័យ​​។​​ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ពី​រឿង​រាវ​នេះ គួន សំបូរ និង​ចូលខ្លួន​មក​រៀបរាប​ដូចតទៅ​៖ ​ព្រះ​រាជវង្ស​និង​ជីវប្រវត្តិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​យើង​ស្គាល់​បាន​មួយ​ភាគ​ធំ​ដោយសារ​សិលាចារឹក​នៅ​ប្រាសាទ​ជ្រុង ក្នុង​រង្វង់​នគរធំ​សិលាចារឹក​នៅ​ប្រាសាទបន្ទាយឆ្មារ​ក្នុង​ខេត្ត​បាត់ដំបង សិលាចារឹក​នៅ​ប្រាសាទ​បាយ័ន​ប្រាសាទតាព្រហ្ម​និង​ជាពិសេស​ដោយសារ​សិលាចារឹក​នៅ​ប្រាសាទភិមានអាកាស​ដែល​ចងក្រង​តាក់តែង​ឡើង​ជា​កំណាព្យកាព្យឃ្លោង ដោយ​ព្រះ​អគ្គមហេសី​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​គឺ​ព្រះ​នាង​ឥន្ទ្រ​ទេវី​។​ ​ព្រះ​រាជវង្ស​បើ​តាម​ការស្រាវជ្រាវ​របស់លោក ហ្ស​ក សឺ​ដេស (George COEDES) ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ប្រហែល​ជា​ប្រសូត​យ៉ាង​យូរ​ណាស់ ក្នុង​គ​.​ស​១១២៥​។​ព្រះ​មាតា​ព្រះអង្គ​ព្រះនាម​ជ័យ​រាជា​ចូឌាមណី​ព្រះ​បិតា​ព្រះអង្គ​ព្រះនាម​ធរណិន្ទ្រ​វរ្ម័នទី​២​ដែល​សោយរាជ្យ​បន្ទាប់​ពី​ព្រះបាទ​សុរិយ​វរ្ម័នទី​២​។ ព្រះអង្គ​ត្រូវ​ជា​ចៅ​មីង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៦​។ ដូច្នេះ​យើង​ឃើញ​ថា​តាមរយៈ​មាតា​ព្រះអង្គ​ជាប់​ចុះ​មក​ពី​ព្រះរាជ​វង្ស​មហាក្សត្រ​ខ្មែរ​ជំនាន់​មុន​អង្គរ​(​ឬ​ក្នុង​សម័យ​នគរ​ហ្វូណន់​-​ចេនឡា​)​។​ចំណែក​ខ្សែស្រឡាយ​ព្រះ​រាជវង្ស​ឪពុក​ព្រះអង្គ​ចុះ​មក​ពី​ព្រះ​សន្នគិវង្ស​មហិធ​របុរៈ​។​តាមរយៈ​សិលាចារឹក​ដដែល​យើង​បានដឹងថា កាលបី​តា​ព្រះអង្គ​ព្រះបាទ​ធរណិន្ទ្រ​វរ្ម័នទី​២​នៅ​សោយរាជ្យ​ជា​មហាក្សត្រ​កម្ពុជា​ព្រះបាទ​ជ័យ​រ្ម័នទី​៧​បាន​ទទួ​តំណែង​ជា​មេទ័ព​ធំ​កំពូល​ដឹកនាំ​កងពល​សេនា​ខ្មែរ​ទៅ​ធ្វើ​សង្គ្រាម​ត​ទល់​នឹង​នគរ​ចាម្ប៉ា​។​កាល​នោះ​ព្រះអង្គ​បាន​ព្រះជន្ម​២៥ ព្រះវស្សា​។​បើ​តាម​សិលាចារឹក យើង​អាច​ស្មាន​បាន​ថា កាល​នោះ​ព្រះអង្គ​មាន​មហេសី​រួចស្រេច​ទៅ​ហើយ​គឺ​ព្រះ​នាង​ជ័យ​រាជ​ទេវី ប្រ​ហែល​ជា​ក្នុង​គ​.​ស​១១៤៥​ហើយ​ព្រះអង្គ​បាន​មាន​ព្រះរាជបុត្រ​មួយ​ព្រះអង្គ ព្រះនាម​ស្រី​ឥន្ទ្រ​កុមារ​។​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ត្រូវ​បែក​ព្រាត់ប្រាស់​ពី​ប្រពន្ធ កូន ដោយ​ក្តិវិយោគ​អួលណែន​ចុកចាប់​រៀង​រាល់ថែ្ង​ពុំ​ដែល​មាន​ល្ហែ​ល្ហើយ​​ឡើយ​​។​​ទុក្ខ​​សោក​សង្រេង​​ឈឺ​ខ្លោចផ្សា​រីងរៃ​ដោយ​ការព្រាត់ប្រាស់​នេះ ត្រូវបាន​ព្រះ​នាង​ឥន្ទ្រ​ទេវី​ជា​បងស្រី​បង្កើត​របស់​មហេសី​ព្រះអង្គ​សរសេរ​វិញ​ជា​ភួង​កំនាព្យ​លើ​ផ្ទាំងសិលា​ប្រា​សាទ​ភិមានអាកាស​។ ​ព្រះ​​​នាង​ឥន្ទ្រ​ទេវី​បាន​រៀបរាប់​អធិប្បាយ​ថា​៖ ព្រះ​មហេសី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះ​នាង​ជ័យ​រាជទេវី​ប្រៀប​បាន​ទៅ​ជា​ព្រះ​នាង​សិតា ដែល​កំពុង​ព្រាត់​ពី​ស្វាមី​គឺ​ព្រះរាម​។​ព្រះរាម​គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ឯ​ស្តេច​​​ចាម​ប្រៀបបាន​នឹងក្រុ​រាពណ៍​។​នៅពេល​ដែល​ព្រះ​ស្វាមី​យាង​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ខ្មាំង​ព្រះ​នាង​ជ័យ​រាជទេវី​បាន​ចូល​ទៅ​កាន់សីល កាន់​ត្រណម​គោរព​ទៅតាម​ក្បួន​ប្រពៃណី​មិន​ហ៊ាន​ធ្វេសប្រហែស​សោះឡើយ​។ ​ព្រះ​នាង​តែងតែ​ខិតខំ​សិក្សា​ស្វាធ្យាយ​ធ៌ម បួងសួង​បន់ស្រន់​សុំ​ឲ​ព្រះ​ស្វាមី​បាន​ជួប​តែ​សេចក្តីសុខ និង​ជ័យជំនះ​ឈ្នះ​អស់​លើ​សត្រូវ​។​ព្រះ​នាង​មាន​រូប​កាយ​ស្គាំងស្គម ហើយ​មិន​យក​ព្រះទ័យ​ទុកដាក់​នឹង​ព្រះកេសា​ព្រះ​នាង​ឡើយ​។​កាលណា​បើ​នឹកឃើញ​ដល់​ព្រះ​ស្វាមី​ម្តងៗ ព្រះ​នាង​តែងតែ​ឈឺ​ចុកចាប់​ពើត​ក្នុង​ទ្រូង​។​តែ​ការឈឺ​ចុកចាប់​នេះ បាន​ធ្វើ​អោយ​ព្រះ​នាង​សប្បាយ​រំសាយ​ទុក្ខ​ទៅវិញ​។​ព្រះ​នាង​ជ័យ​រាជទេវី​នៅតែ​ស្មោះត្រង់​រង់ចាំ​ការវិលត្រឡប់​របស់​ព្រះបាទ​ជ័យវរ្ម័ន​ជានិច្ច​។​ ​តស៊ូ​ព្យាយាម​រង់ចាំ​នៅ​គ​.​ស​១១៦០​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​កំពុង​ធ្វើ​ចំបាំង​ប្រយុទ្ធ​ជាមួយ​កងទ័ព​ចាម​នៅ​មុខ​ក្រុម​ពិជ័យ​។​គ្រា​នោះ​ព្រះអង្គ​បាន​ទទួលដំណឹង​ថា​បិតា​ព្រះអង្គ​ចូល​ទីវង្គត​ហើយ​ព្រះបាទយ​សោ​វរ្ម័នទី​២ បាន​ឡើង​សោយរាជ្យ​ជំនួស​។​នៅ​ចំពោះមុខ​ស្ថានការណ៍​ផ្លាស់ប្តូរ​នេះ​ព្រះអង្គ​ពុំ​បាន​ផ្លាស់ប្តូរ​ចិត្តគំនិត​អ្វី​ទាំងអស់​។​ព្រះ​នៅតែ​បន្ត​ធ្វើ​សង្គ្រាម​វាយ​ប​ប្រហារ​នគរ​ចាម​ហើយ​គោរព​ស្មោះស្ម័គ្រ​បំរើ​មហា​ក្សត្រ​ថ្មី ដោយ​គ្មាន​វៀច​វេរ​។​នៅពេលដែល​ព្រះអង្គ​ទទួលដំណឹង​ថា​នៅ​ព្រះ​រាជធានី​មាន​មន្ត្រី​ក្បត់​ចង់​ធ្វើឃាត​ព្រះមហាក្សត្រ​ព្រះអង្គ​បាន​ធ្វើ​ដំណើរ​យាង​ត្រលប់​ចូល​មក​នគរ​វិញ ដើម្បី​ជួយ​ជ្រោមជ្រែង​ព្រះ​រាជា​។​តែ​ព្រះអង្គ​មក​ដល់​យឺត​ពេល ហើយ​សោកនាដកម្ម​កន្លង​ហួស​ផុត​រួចជាស្រេច​បាត់ទៅហើយ​។​ព្រះបាទ​យ​សោ​វរ្ម័ន​ត្រូវគេ​ធ្វើឃាត ហើយ​ព្រះ​រាជ​បុត្រ​​ព្រះ​អង្គ​​ព្រះ​​ស្រី​​ឥន្ទ្រ​​កុ​មារ​ ក៏​ប្រហែលជា​អស់​សង្ខារ​ក្នុងសម័យ​ជាមួយគ្នា​នោះ​ដែរ​។ ​ក្នុង​គ​.​ស​១១៦៥ បើ​តាម​សិលាចារឹក​បន្ទា​យ​ឆ្មារ ស្តេច​ថ្មី​ព្រះបាទ​ត្រី​ភុវ័​ន​អាទិត្យ​បានរៀបចំ​ធ្វើ​ពិធី​រាជាភិសេក ហើយ​ប្រកាស​ខ្លួន​ជា​ព្រះមហាក្សត្រ​នគរ​កម្ពុជា​។​កាល​នោះ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះអង្គ​មិន​បាន​កេណ្ឌ​ទ័ព​ចេញ​ទៅ​ធ្វើ​សង្គ្រាម​តាំង​រាំងជល់​នឹង​ស្តេច​ជ្រែករាជ្យ​ដើម្បី​ដណ្តើម​រាជ្យ​បល្ល័ង្គ​មក​វិញ​ទេ​។​ព្រះ​នឹង​នៅ​ស្ងៀម​មិន​បណ្តែតបណ្តោយ​ចិត្តគំនិត​អារម្មណ៍ឲ​ផ្លាស់ប្តូរ ហក់​លោត​​ទៅ​តាម​​ម​នោ​ស​ញ្ចេត​នា​ ភ្លើងកំហឹង ការប្រមាថ​ឆេវឆាវ​និង​ការ​លោភលន់​ខ្វះ​ពិចារណា​ឡើយ​។​ព្រះអង្គ​បាន​សម្ងំ​រស់នៅ​ប្រាសាទ​ព្រះខ័​ន្ធក្នុង​ខេត្ត​កំពង់ស្វាយ យក​ពេល​ស្មឹង​ស្មា​ធ​ត្រិះរិះ​ស្រាវជ្រាវ​សិក្សា​ពិចារណា​ផ្លូវ​ចំរើន​រង់ចាំ​ឳ​កាស​ល្អ​ដើម្បី​ដាក់ខ្លួន​ចូល​បំរើ​ជាតិ​។ ​លទ្ធផល​នៃ​ការតស៊ូ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះអង្គ​រង់ចាំ​អស់​រយៈពេល​១៧​ឆ្នាំ (​គ​.​ស​១១៦០-១១៧៧)​ទើប​ឳ​កាស​ល្អ​បាន​មក​ដល់ ​​។ ​​ព្រឹត្តិ​ការណ៍​​នគរ​​ចាម្ប៉ា​វាយប្រហារ​ចូលលុក​ប្រទេស​កម្ពុជា​និង​ការ​អស់​ព្រះជន្ម​របស់​មហាក្សត្រ​ជ្រែករាជ្យ​បាន​ជំរុញ​អោយ​ព្រះអង្គ​ចេញមុខ​បង្កបង្កើត​ចលនា​តស៊ូ​រំដោះជាតិ​។​ព្រះអង្គ​បាន​ដឹកនាំ​ការតស៊ូ​ប្រឆាំង​នឹង​អាណានិគម​ចាម្ប៉ា​អស់​​រយៈ​ពេល​​៤​​ឆ្នាំ​​ទើប​​ទ​ទួល​បាន​​លទ្ធ​​ផល​​​ល្អ​។ នៅ​គ​.​ស​១១៨១​ព្រះអង្គ​បាន​តស៊ូ​រំដោះជាតិ​មាតុភូមិ​ពី​កណ្តាប់ដៃ​ចាម​ហើយ​ព្រះអង្គ​បាន​ប្រកាស​ជា​មហាក្សត្រ​នគរ​កម្ពុជា​ហើយ​ទទួល​រាជាភិសេក​ក្នុង​ឆ្នាំ​ដដែល​។​កាល​នោះ​តាម​ការ​ប៉ាន់​ស្មាន​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​ព្រះជន្ម​ប្រហែលជា​ជាង​៥០​ព្រះវស្សា​។​ចំណែក​ខាង​អគ្គមហេសី​ជ័យ​រាជទេវី​ព្រះអង្គ​វិញ ដើម្បី​ជា​ការអបអរ អរគុណ​ដល់​គុណបុណ្យ​បារមី​ព្រះ​រតនត្រ័យ​ដែល​បាន​ជ័យ​ព្រះ​នាង​តាម​ការ​បន់ស្រន់​បួងសួង ព្រះរាជា​ទេពី​បាន​ធ្វើ​បុណ្យ​ចែកទាន​អំណោយ​គ្រប់បែបយ៉ាង​ដល់​វត្ត​អារាម និង​ប្រជានុរាស្ត្រ​។​ក្រោយ​ពី​ព្រះរាជ​អគ្គមហេសី ជ័យ​ទេវី​ចូល​ទីវង្គត​ព្រះនាង​ឥន្ទ្រ​ទេវី​ជាបង​ត្រូវបាន​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​អភិសេក​តែងតាំង​ជា​ព្រះ​អគ្គមហេសី​។​ព្រះ​នាង​ជា​ស្ត្រី​ម្នាក់​ដែល​មាន​វិជ្ជា​ខ្ពង់ខ្ពស់ មាន​ប្រាជ្ញា​ភឺ្ល​ថ្លា​មោះមុត​ឈ្លាសវៃ​ពូកែ​ល្បីល្បាញ​ខាង​វិជ្ជា​អក្សរសាស្ត្រ មាន​ធ៌ម​មេត្តាស​ន្តោ​ស​ហើយ​គោរព​បូជា​ព្រះពុទ្ធសាសនា​។ ព្រះ​នាង​ជ័យ​រាជទេវី និង​ព្រះ​នាង​ឥន្ទ្រ​ទេវី​ដែល​ជា​មហេសី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​សុទ្ធតែ​ធ្លាប់​ជួយ​ផ្តល់​យោបល់​តូច​ធំ​ដល់​ព្រះ​ស្វាមី តាម​ព្រះពុទ្ធ​ឳ​វាទ​។​ ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះមហាក្សត្រ​ខ្មែរ​ព្រះអង្គ​គោរព​បូជា​និង​មាន​ជំនឿ​ទៅលើ​ព្រះពុទ្ធសាសនា​មហាយាន​។​ព្រះ​រាជ​បុត្រ​​ព្រះ​អង្គ​​ជា​​ច្រើន​ សុទ្ធតែ​មាន​ជំនឿ ជឿ​និង​ធ្វើ​សក្ការៈបូជា​ថ្វាយ​ចំពោះ​ព្ឬះពុទ្ធ​សា​ស​នា​​។​បុត្រ​ព្រះអង្គ​ព្រះនាម​តម​លិ​ន្ទបាន​បួស​ជា​សង្ឃ ហើយ​បាន​ទៅ​បន្ត​ការសិក្សា​នៅ​កោះ​សិរី​លង្កា​។​បុត្រ​មួយ​ព្រះ​អង្គ​ទៀត​ព្រះអង្គ​វីរ​កុមារ ដែល​បាន​និពន្ធ​ចារ​អត្ថបទ​មួយ​យ៉ាង​ល្អ​វែកញែក​អធិប្បាយ​ពី​ព្រះពុទ្ធសាសនា​លើ​ផ្ទាំង​ថ្ម​នៅ​ប្រាសាទ​ព្រះខ័ណ្ឌ​។​កិត្យានុភាព​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដោយសា​ការតស៊ូ​ព្យាយាម​ព្រះអង្គ​បាន​ទទួល​ជោគជ័យ​ដែល​គេ​អាច​ចាត់ទុកថា ជា​ជោគជ័យ​ផ្ទាល់ខ្លួន​។​តែ​ព្រះអង្គ​បាន​យក​ជោគជ័យ​នេះ ព្រមទាំង​ឥទ្ធិពល​អំនាច ការចេះដឹង បទពិសោធន៍​និង​ប្រាជ្ញា​ភ្លឺ​ថ្លា​ឈ្លាសវៃ​របស់​ព្រះអង្គ មក​កសាង​ប្រទេសជាតិ​ផ្តល់​នូវ​​សេច​ក្តី​សុខ​ក្សេម​ក្សាន្ត ​សន្តិ​ភាព​ វឌ្ឍន​ភាព​ ដល់​​ប្រ​ជានុ​​រាស្ត្រ​ដោយ​គ្មាន​រើសអើង​វណ្ណៈ​។​ការកសាង​របស់​ព្រះអង្គ​មិនមែន​តែ​ប្រា​ង​​ប្រា​សាទ​​ដ៏​​​ធំ​​​ស្កឹម​​ស្កៃ​​​នោះ​​ទេ​​​ព្រះ​អង្គ​​បាន​​កសាង​ទំនុកបំរុង​សាសនា​ក៏​ដូចជា​ក្នុង​ផ្នែក​សង្គម​ជាតិ​ដែរ​។​ក្នុង​រជ្ជកាល​ព្រះអង្គ​នគរ​ចា​ម្ប៉ា​បាន​ក្លាយជា​អាណាខេត្តខ័​ណ្ឌ​ខ្មែរ​។​ទឹកដី​ខ្មេរ​ក៏​បាន​លាតសន្ធឹង​វែងឆ្ងាយ​ជា​មហាអំណាច​មួយ​យ៉ាង​ធំ​ដែរ​នៅក្នុង​អាស៊ី​អា​គ្នេ​យ៍​​។​​ចក្រភព​ខ្មែរ​ក្នុង​រាជ្យ​ជ័យវរ្ម័ន​ទី​៧ មាន​ចាម្ប៉ា បច្ចុប្បន្ន​លាវ សៀម​និង​ទឹក​ដី​មួយ​ភាគ​ធំ​នៃ​ប្រទេស​ភូមា និង​ម៉ាឡេស៊ី​។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ព្រះអង្គ​បាន​ចូល​ទីវង្គត​ក្នុងគ​.​ស​១២០២ ៕

របាំ​​រាំ​វង់​ ជា​​កេ​ត​ន​ភណ្ឌ​​របស់បុព្វ​បុរស​ខ្មែរ

របាំ​រាំវង់​នៅ​ប្រទេស​កម្ពុជា មាន​ដើមកំណើត​តាំងពី​យូរយារ​ណាស់​មក ហើយ​ជា​របាំ​ដែល​ជាប់​នឹង​ពិធី​ប្រពៃណី​របស់​ខ្មែរ​យើង​ផងដែ​។ តែ​លុះ​មកដល់​ពេល​ចុង​ក្រោយ​នេះ ទើប​បាន​ក្លាយជា​របាំ​ប្រជាប្រិយ​ដែល​មាន​ការនិយម​ចូល​ចិត្ត​ពី​គ្រប់ មជ្ឈដ្ឋាន​ក្នុង​សង្គម​ជាតិ​កម្ពុជា​ទាំងមូល ។ ហើយ​ក្រោយមក​ទៀត​ក្នុងពេល​ដែល​ប្រទេស​ជិតខាង​មាន សៀម និង​ឡាវ បានចាប់កំណើត​ឡើង របាំ​រាំវង់​នេះ ក៏​ដូច​ទម្រង់​សិល្បៈ​ឯទៀត​ដែរ ដោយសារ​តែ​ឥទ្ធិពល​ឆ្លង​គ្នា​ទៅ វិញ​ទៅ​មក​រវាង ខ្មែរ និង​លាវ ខ្មែរ និង​សៀម ពិសេស​គ្រប់​តំបន់​ជាយដែន និង​តំបន់​ដែល​មាន​ប្រជាជន​ខ្មែរ​លាវ ឫ​ខ្មែរ​សៀម​រស់ នៅ​លាយឡំ​គ្នា​ច្រើន​នោះ​។​ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​របាំ​រាំវង់​ប្រពៃណី​របស់​ខ្មែរ​យើង​មួយ​នេះ ជា​បន្ត​សូម​ស្តាប់​គួន សំបូរ​ពណ៌នា ដូចតទៅ​៖ មិន​ខុស​អ្វី​ពី​ល្បែង​ប្រជាប្រិយ​ចោល​ឈូង លាក់​កន្សែង ចាប់​កូនខ្លែង បោះ​អង្គញ់ ស្ដេច​ចង់ ឫ​ល្បែង​ឯ​ទៀត​ដែល​ខ្មែរ​និយម​កម្សាន្ត​ក្នុង​ពិធីបុណ្យ​នានា ពិសេស​គឺ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នោះ​ឡើយ​។ របាំ​ប្រជាប្រិយ រាំវង់ រាំ​ក្បាច់ គឺជា​ប្រភេទ​របាំ​ដែល​មាន​ការនិយម​ជាទូទៅ​នៅ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ទោះ​នៅ​ទីក្រុង ក៏ដូចជា​ជនបទ នៅ​តំបន់​ភ្នំ នៅ​វាលទំនាប ឫ​ក៏​តំបន់​មាត់សមុទ្រ ។ របាំ​ប្រជាប្រិយ ខ្មែរ​នេះ​ជា​ប្រភេទ​របាំ​ដែល​ងាយ​ចាំ​ងាយ​ចេះ ហើយ​ងាយ​ក្នុង​ការរៀបចំ​សម្ដែង​ទៀតផង ។ អាស្រ័យ​ហេតុនេះ​ទើប​គេ​សង្កេតឃើញ​ប្រជាជន​ខ្មែរ តាំង​ពី​ព្រះរាជា​នាម៉ឺន​សព្វ​មន្ត្រី​រហូត​ដល់​ប្រជារាស្ត្រ ទាំង​ក្មេង ទាំង​ចាស់​ប្រុស​ស្រី​ចេះ​រាំ​របាំ​នេះ​គ្រប់ៗ​គ្នា​។​ឯ​ពាក្យ​ថា “​រាំវង់​” គឺជា​លក្ខណៈ​ពិសេស​សម្រាប់​សំគាល់​រូបភាព​នៃ​របាំ​នេះ ពោល​គឺ​ពេល​រាំ​គេ​នាំគ្នា​រាំ​បន្ត​គ្នា​ជា​រង្វង់​មូល ។ ហើយ​ជា​របាំ​សម្រាប់​រាំ​លេង​កម្សាន្ត ឫ​ក៏​រាំ​ដើម្បី​បំបាត់​ការនឿយហត់ ក្រោយ​ពី​ការបំពេញ​ពលកម្ម​នានា​រួច ។ ​ចំពោះ​ប្រវត្តិ​កំណើត​នៃ​របាំ រាំវង់​នេះ​វិញ បើ​យើង​ពឹងផ្អែក លើ​ឯកសារ​សរសេរ​ដែលមាន​បន្តិចបន្តួច និង​ផ្អែកលើ​ភាពជាក់ស្ដែង​ក្នុង​ជីវិត​ដែល​បាន​ប្រព្រឹត្ត​ដល់​យើង សព្វថ្ងៃនេះ​យើង​ជឿថា​៖ សិល្បៈ​រាំវង់​នេះ​មាន​អាយុ​ច្រើន​សតវត្សរ៍​ណាស់​មកហើយ នៅលើ​ទឹកដី​នៃ​មាតុភូមិ​កម្ពុជា​នេះ​។ ព្រោះ​តាំងពី​បុព្វេ​ដ៏​យូរលង់ ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​ឯទៀត ដែល​ស្ថិត​ក្នុង​អំបូរ​ជាមួយគ្នា​ដូចជា​ព្នង គ្រឹង ទំ​ពួន ព្រៅ មានការ​ទាក់ទង​និង​ការ រាំវង់ ឫ ជា​រង្វង់​មូល​នេះ​ជា​ច្រើន ។ ​បងប្អូន ជនជាតិ​ខ្មែរលើ ភូមិភាគ​ឦសាន​នៃ​ប្រទេស ឫ​តំបន់​ព្រៃភ្នំ នៃ​ភូមិភាគ​ដទៃ​ទៀត​និយម​រាំ​លេង​កម្សាន្ត​នៅ​ជុំវិញ​ភ្នក់ភ្លើង​នា​ពេល​រាត្រី ។ ទម្លាប់​រាំវង់​ជុំវិញ​ភ្នក់ភ្លើង​នេះ​មាន​អាយុ​ច្រើន​ពាន់​ឆ្នាំ​មកហើយ ហើយ​ក៏​នៅ​មាន​សេសសល់​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ ​ក្នុង​ពិធី​លៀង អារ​ក្ខ ឫ​ឡើងអ្នកតា (​ជំនឿ​ខ្មែរ​ដើម​មាន​តាំងពី​យូរលង់ មុន​សម័យ​ដែល​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា ហូរ​ចូល​មក​ក្នុង​តំបន់​ជ្រោយ​សុវណ្ណ​ភូមិ ពោល​គឺ​តាង​ពីមុន​៣០៩​ឆ្នាំមុន គ​.​ស ជនជាតិ​ខ្មែរ​តែងតែ​នាំគ្នា​សង់រោង​តូច​មួយ​ដោយ​ធ្វើ​រាជ​វត្តិ​ព័ទ្ធ ជុំវិញ ហើយ​អ្នក​ចូល​រូប​តែងតែ​រាំ ជា​រង្វង់​មូល​ជុំវិញ​រោង​នោះ ក្នុង​ពេល​ប្រារព្ធ​ពិធី​លៀង​អារក្ខ​នេះ​។​ ពិធី​កាប់​ក្របី​ថ្វាយ​អ្នកតា​របស់​បងប្អូន​ជនជាតិ ព្នង គ្រឹង ទំ​ពូន ដែល​មាន​អាយុ​ច្រើន​ពាន់​ឆ្នាំ​មកហើយ​នោះ ដែល​គេ​ឃើញ​មាន​រូបចម្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​បាយ័ន ដែល​កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧(១១៨១-១២១៨) ហើយ​ដែល​បងប្អូន​យើង​ថែរក្សា​ឲ្យ​គង់វង្ស​រហូតមកដល់​សព្វថ្ងៃនេះ ក៏​មាន​ទម្លាប់​រាំ​ជា​វង់ ឫ​ជា​រង្វង់​មូល​ផងដែរ​។​ ​លើសពីនេះទៅទៀត បងប្អូន​ជនជាតិ ព្រៅ ព្នង គ្រឹង ទំ​ពូន នៅ​ប្រកាន់​ភ្ជាប់​ទំនៀម “​រាំវង់​ភូមិ​ថ្មី​” ដែល​ភាសា​ជន​ជាតិនិយម​ថា ៖”​រាំវង់​ស្រ៊ុក ហាន់​ទើម​” ។ របាំ​រាំវង់​ភូមិ​ថ្មី គេ​មាន​ទម្លាប់​ធ្វើ​នៅក្នុង​ពេល​ប្ដូរ​ភូមិ ពី​ភូមិ​ចាស់​ទៅ​រស់នៅ​ក្នុងភូមិ​ថ្មី ។ តាម​ធម្មតា​ក្នុង​រយៈពេល​ពី​បី​ទៅ​ប្រាំពីរ​ឆ្នាំ​មុន​នឹង​ប្ដូរ​ភូមិ ឫ​ចាកចេញ​ពី​ភូមិ​ចាស់ មេ​កន្ទ្រាញ និង​ចាស់ទុំ ក្នុងភូមិ​តែង​នាំគ្នា​ធ្វើ​ពិធី​ផ្សង​ទៅ​តាម​ជំនឿ​របស់​ខ្លួន ដើម្បី​រក​កន្លែង​ដី​ថ្មី​ដែល​មាន​លក្ខណៈ​ភូមិសាស្ត្រ​ល្អ​មាន​ទឹក គ្រប់គ្រាន់ និង​ជា​កន្លែង​ដែល​អាច​ការពារ​សន្តិសុខ​ជូន​ញាតិ​មិត្ត​ក្នុង​ស្រុក​ភូមិ​បាន​ល្អ ។ ពេល​ផ្សង​រើស​រក​ដី​ថ្មី​បាន​ហើយ ទើប​គេ​នាំគ្នា​ធ្វើ​ពិធី​កំណត់​ឆ្នាំ​សម្រាប់​រស់នៅ គឺ​ឲ្យដឹងថា តើ​ពួកគេ​អាច​រស់នៅ​បាន​ប៉ុន្មាន​ឆ្នាំ នៅ​នឹង​ភូមិ​ថ្មី​នោះ ? ពិធី​កំណត់​ឆ្នាំ​សម្រាប់​រស់នៅ​នេះ ប្រព្រឹត្តទៅ​ដោយ​មក​កន្ទ្រាញ និង​ចាស់ទុំ ភូមិ​ធ្វើ​ពិធី​ផ្សង​ដោយ​យក​ប្រទាល​មក​ចិត​ទម្លាក់​មក​លើ​ដី​ចំនួន​ប្រាំពីរ ចំណិត ។ បើ​ប្រទាល​នោះ​ក្រឡាប់​ប៉ុន្មាន ចំណិត​នោះគេ​ជឿថា គេ​អាច​រស់នៅ​ក្នុងភូមិ​ថ្មី​នោះ​បាន​ប៉ុណ្ណឹង​ឆ្នាំ​ដែរ​ពោល​គឺ​តាម ចំនួន​ចំណិត ប្រទាល​ដែល​ក្រឡាប់​នោះ ។ ដូចជា​បើ​ប្រទាល​ក្រឡាប់​បី ឫ​ប្រាំ​ចំណិត​នោះ គេ​អាច​រស់នៅ​ទីនោះ​បាន​បី ឫ​ប្រាំ​ឆ្នាំ​ដែរ ។ ហើយ​ជំនឿ​នេះ​មាន​រៀង​រហូត​តាំង​ពី​បុព្វេ​យូរលង់​ណាស់​មក​ហើយ​រហូត​ដល់ សព្វថ្ងៃនេះ ។ ពេល​ធ្វើ​ពិធី​ផ្សង​រក​ដី​ថ្មី​បាន ហើយ​មេកន្ទ្រាញ​ក៏​ប្រកាស​ឲ្យ​អ្នកស្រុក​អ្នកភូមិ​រុះរើ​ពី​ភូមិ​ថ្មី នេះ​មុនគេ​បង្អស់ ។ អ្នកស្រុក​អ្នកភូមិ​មាន​ស្រី មាន​ប្រុស​នាំគ្នា​រាំ​ជា​គូ (​តាម​ប្រពៃណី​ដូនតា តៗ​គ្នា​រហូត​ដល់​បច្ចុប្បន្ន​នេះ​) ដែល​មាន​ជំនឿ​ថា​៖ នឹង​នាំឲ្យ​គេ​គ្រប់ៗ​គ្នា​បាន​សេចក្ដីសុខ​ចម្រើន ។ ​ការរៀបរាប់ ខាងលើ​នេះ​បញ្ជាក់ថា របាំ​រាំវង់​នៅ​ប្រទេស​កម្ពុជា មាន​តាំងពី​យូរយារ​ណាស់​មកហើយ​ជា​របាំ​ដែល​ជាប់​នឹង​ពិធី​ប្រពៃណី តែ​លុះ​មកដល់​ពេល​ចុង​ក្រោយ​នេះ ទើប​បាន​ក្លាយជា​របាំ​ប្រជាប្រិយ​ដែល​មាន​ការនិយម​ចូល​ចិត្ត​ពី​គ្រប់ មជ្ឈដ្ឋាន​ក្នុង​សង្គម​ជាតិ​កម្ពុជា​ទាំងមូល ។ ហើយ​ក្រោយមក​ទៀត​ក្នុងពេល​ដែល​ប្រទេស​ជិតខាង​មាន សៀម និង​ឡាវ បានចាប់កំណើត​ឡើង របាំ​រាំវង់​នេះ ក៏​ដូច​ទម្រង់​សិល្បៈ​ឯទៀត​ដែរ បាន​ហូរ​ចុះ​ហូរ​ឡើង ឫ​ក៏​ជះ​ឥទ្ធិពល​ឆ្លង​គ្នា​ទៅ វិញ​ទៅ​មក​រវាង ខ្មែរ និង​លាវ ខ្មែរ និង​សៀម ពិសេស​គ្រប់​តំបន់​ជាយដែន និង​តំបន់​ដែល​មាន​ប្រជាជន​ខ្មែរ​លាវ ឫ​ខ្មែរ​សៀម​រស់ នៅ​លាយឡំ​គ្នា​ច្រើន​នោះ ។ បើ​តាម​ឯកសារ​ខ្លះៗ​ដែល​នៅសល់ និង​តាម​ព័ត៌មាន ដែល​យើង​ទទួលបាន​ពី​ចាស់ទុំ​ជាច្រើន​បានបញ្ជាក់​ថា​៖ នៅ​ប្រទេស​កម្ពុជា​របាំ​ប្រជាប្រិយ​រាំវង់​រាំក្បាច់​នេះ បាន​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​សតវត្សរ៍​ទី​២០​នេះ ។ ពិសេស​គឺ​តាំងពី​ពេល​ដែល​ចលនា ខ្មែរ​ឥស្សរៈ​​ដែល​​កើត​មាន​​នៅ​​គ្រប់​​តំបន់​​ក្នុងប្រទេស និង​ជីវពល​នារីក្លាហាន​ក្រោក​ឡើង​បណ្ដេញ​អាណានិគម​បារាំង ដើម្បី​ទាមទារ​ឯករាជ្យ​ជូន​ជាតិ​មាតុភូមិ​នោះមក ហើយ​ដែល​គេ​អាច​ឃើញ​មាន​សល់​នូវ​បទ​ចម្រៀង​រាំវង់​មួយចំនួន​ដែល​អាច ជាតិ​ក​តាង ឫ​ជា​អនុស្សាវរីយ៍ នៃ​សម័យកាល​នោះ​ផង ។ ហើយ​ក៏​ប្រហែល​នៅក្នុង​ពេល​នោះ​ដែរ ដែល​ឥទ្ធិពល​នៃ​ពាក្យ​បរទេស​ដូចជា​ពាក្យ​ថា​៖ រាំ​”​ឡាំ​ថូន​” ឫ​ឡក​”​ឡាំ​ថូន​” (​ថូន​គឺ​ស្គរ​) ត្រូវ​ខ្មែរ​យកមកប្រើ​ព្រោះ​ពេលនោះ​កងទ័ព​ខ្មែរឥស្សរៈ​ដែល​បោះទីតាំង ក្នុង​ព្រៃ​ជ្រៅៗ​តំបន់​ភ្នំ​ដងរែក តំបន់​ជ្រាវ​ឱ​រ៉ា​ល់ ភ្នំក្រវាញ តំបន់​ភាគ​ឦសាន​នៃ​ប្រទេស ឫ​តំបន់​មាត់សមុទ្រ​ក្ដី ច្រើន​នាំគ្នា​លេង​រាំវង់ ដោយ​ប្រើ​ស្គរ​ដៃ​មួយ​ប៉ុណ្ណោះ និង​ចម្រៀង​ដែល​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការកម្សាន្ត​ទៅតាម​កាលៈទេសៈ នៃ​ការតស៊ូ និង​ការ​រស់​ដោយ​យក​ព្រៃ​ជ្រៅ​ជា​មូលដ្ឋាន​បង្អែក ។ ​សូមបញ្ជាក់​ថា​៖ ស្គរ​ដៃ​នេះ​ជា​ស្គរ​នៃ​វង់​ភ្លេងអារក្ស ឫ​វង់ភ្លេង​ប្រពៃណី​ភ្លេង​ការ​របស់​ជនជាតិ​ខ្មែរ​ដែល​មាន​កំណើត​រាប់ពាន់ ឆ្នាំ​មកហើយ ។​គឺ​តាំងពី​ពេល​ស្រុក​ខ្មែរ​បាន​ឯករាជ្យ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ នៃ​ព្រះករុណា ព្រះបាទ​នរោត្ដម​សីហនុ​វរ្ម័ន នៅ​ថ្ងៃ​ទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ មក ប្រទេសជាតិ និង​ប្រជារាស្ត្រ មាន​សេរីភាព​គ្រប់គ្រាន់ ។ របាំ​ប្រជាប្រិយ រាំវង់ រាំ​ក្បាច់ ក៏​បាន​រីកចម្រើន​យ៉ាង​ខ្លាំងក្លា ពោល​គឺ​នៅ​កន្លែង​ខ្លះ គេ​រាំ​ជាមួយ​ស្គរ​ដៃ​ពេល​ខ្លះ គេ​រាំ​ជាមួយ​វង់​ភ្លេងខ្មែរ ដែល​មាន​ឧបករណ៍​ស្គរ ទ្រ រនា​ត និង​ឧបករណ៍​ច្រើន​ផ្សេងៗ​ទៀត​រហូត​ដល់​វង់​តន្ត្រីសម័យ​យ៉ាង​ទំនើប ដែល​យើង​ឃើញ​រហូត​ដល់​សព្វថ្ងៃនេះ​ផង ។​ ​សូមជម្រាបថា​៖ នៅ​ក្នុង​ប្រភេទ​សិល្បៈ​របាំ​ប្រជាប្រិយ​នៅ​ប្រទេស​កម្ពុជា​យើង​នេះ ក្រៅពី​រាំវង់ និង​រាំក្បាច់ ដែល​ជា​របាំ​មូលដ្ឋាន​របស់​ជនជាតិ​ខ្មែរ មាន​ចម្រៀង និង​របាំ​ប្រឺន និង​កន្ទ្រឹ​ម ដែល​មាន​ប្រជា ប្រិយភាព​ដ៏​ធំធេង​នៅ​តំបន់​ចំនៀរ​ភ្នំ​ដងរែក​នោះ និង​នៅ​មាន​របាំ “​ឡាំ​លាវ​” និង “​សា​រ៉ា​វ៉ាន់​” ថែមទៀត​ដែល​មាន​ប្រជាប្រិយភាព​ធំធេង ហើយ​មាន​ការនិយម​រាំ​ឆ្លាក់​គ្នា​ជាមួយ​រាំវង់ និង​រាំក្បាច់​ជានិច្ច​នោះ​ផង ។ ចំពោះ​របាំ​ឡាំ​លា​វ ដែល​មាន​ចង្វាក់​ញាប់​រន្ថើន និង​របាំ​ក្បាច់​សា​រ៉ា​វ៉ាន់​នេះ យើង​ត្រូវតែ​ទទួលស្គាល់​ថា​៖ នេះ​គឺ​ពិតជា​ឥទ្ធិពល​របស់​សិល្បៈ​លា​វ ដែល​បាន​ហូរ​ចូល​មក​ប្រទេស​កម្ពុជា ក្នុងឋានៈ​ជា​មិត្ត​ភ័ក្ដិ និង​ជា​បងប្អូន និង​ជា​អ្នកភូមិផង​របង​ជាមួយ ហើយ​ត្រូវបាន​ជនជាតិ កម្ពុជា​និយម​រាប់អាន​យ៉ាង​ក្រៃលែង ។ ដូច្នេះ​គូរ​ជ្រាបថា​៖ ខ្មែរ​រាំ​ឡាំ​លាវ​នោះ គឺ​មាន​សេចក្ដី​ថា​៖ ខ្មែរ​រាំ​បែប​លាវ ឫ​ចំលង​របៀប​រាំ​តាម​ជនជាតិ​លា​វ ថ្វី​ត្បិត​តែ​មិន​បាន​ចំលង​ឲ្យ​ដូចគ្នា​បេះបិទ ឬ​ក៏​ដូច​លាវ​សុទ្ធសាធ​ក្ដី ។ ចំណែក​រាំ សា​រ៉ា​វ៉ាន់​វិញ​គឺជា​ឈ្មោះ​ខេត្ត​មួយ របស់​ប្រទេស​លាវ​ជាប់​និង​ខេត្ត​អាត់តៈ​ពើ ហើយ​ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខេត្ត​ស្ទឹងត្រែង​របស់​ប្រទេស​កម្ពុជា​យើង​នេះឡើយ ។ ហើយ​ក្បាច់​សា​រ៉ា​វ៉ាន់ នោះ​ក៏​ជា​ភស្តុតាង​គូសបញ្ជាក់ថា​៖ មាន​ប្រភព​ដើម​ចេញមក​ពី​ខេត្ត​សា​រ៉ា​វ៉ាន់​នេះឯង​ពិតប្រាកដ ។​ ​ចំណែក​ខាង ពេលវេលា ឫ ពិធី​ដែល​របាំ​ប្រជាប្រិយ​សម្ដែង​វិញ គឺ​មាន​លក្ខណៈ​ទូលំទូលាយ​ណាស់​ជា​ទូទៅ​គេ​ច្រើន​រាំ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ទូទាំង​ប្រទេស ហើយ​មាន​កន្លែង​ខ្លះ ឫ​ស្រុក​ខ្លះ​រាំលេង​សប្បាយ​រាប់​ខែ​មុន​ពេល​ចូលឆ្នាំ និង​រាំលេង​រាប់​ខែ ក្រោយពេល​ចូលឆ្នាំ​ទៀតផង ដូចជា​នៅ​ភូមិ​អន្លង់​រមៀត​ក្នុង ខេត្ត​កណ្ដាល ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​នេះ​ជាដើម ។ គេ​រាំ​លេង​កម្សាន្ត ក្នុង​អាពាហ៍ពិពាហ៍ ឫ​រាំ​ដើម្បី​បំបាត់​ការនឿយហត់ ក្រោយពេល​បំពេញ​ពលកម្ម​នានា​ថែមទៀត​ផង ។ រហូតមកដល់​សព្វថ្ងៃ​នេះ​គេ​សង្កេត ឃើញ​របាំ​ប្រជាប្រិយ រាំវង់ រាំ​ក្បាច់ ឡាំ​លាវ សា​រ៉ា​វ៉ាន់ ត្រូវបាន​គេ​និយម​រាំលេង​នៅតាម​ស្រុក​ទេស​នានា លាយ​ចម្រុះ​និង​ក្បាច់​របាំ​បរទេស​នានា​ជា​រាល់​រាត្រី​ផង ។ រីឯទស្សនៈ​យល់ដឹង​អំពី​សិល្បៈ​របាំ​ប្រជាប្រិយ​ខ្មែរ ដែល​រាំ​ជា​រង្វង់​មូល ហើយ​ប្រើ​កាយវិការ និង​ក្បាច់​ដៃ​”​ជើង​” ពីក្រោម ហើយ​លើក​ឡើង “​លា​” នោះ​វិញ មាន​មតិ​ភាគច្រើន​យល់ថា​៖ នោះ​ជា​ការបង្កើត​សាមគ្គី ភាព​រវាង​គ្នា​និង​គ្នា​ផង ការបង្ហាញ​ពី​សុ​ភ​មង្គល​​ក្នុង​​ជីវិត​​ខ្មែរ​​ផង ​និង​ជា​និម្មិត​រង្វង់​នៃ​ជីវិត​ដែល​ត្រូវតែ​មាន​ពលកម្ម​ដាំ​ដុះ​ផលដំណាំ សារ​ចុះ​សារ​ឡើង បន្ត​ជា​និរន្ត មិន​ចេះ​ចប់ ​ដើម្បី​​ទ្រ​ទ្រង់​​ជីវិត​ និង​ ការ​ចាំបាច់​នៃ​ការបន្ត​ពូជពង្សវង្សត្រកូល​នៃ​ធម្មជាតិ និង​មនុស្ស​ពិសេស គឺ​ពូជពង្សវង្សត្រកូល​ខ្មែរ​នេះ​តែម្ដង​ ៕

មូល​ហេតុ​​ចំនួន​​ពីរ​ ដែល​​​ខ្មែរ​​យើង​​ច្រើន​​តែ​​ហៅ​​មេ​មុនបា​​

​មូលហេតុ​ដែល​វ​ប្បធ​ម៏​ខ្មែរ​យើង​ច្រើន​តែ​ហៅ មេ មុន​បា ឬក៏​ម្តាយ មុន​ឪពុក ដោយសារ​តែ​កត្តា​ពីរ​យ៉ាង គឺ​ទីមួយ ទាក់ទង​និង​ប្រវត្តិ​នៃ​ការកកើត​ទឹកដី​ប្រទេស​កម្ពុជា ទី​ពីរ​ទាក់ទង​ទៅនឹង​វ​ប្បធ​ម៏​ប្រពៃណី​សាសនា ដែល​ក្នុង​ព្រះពុទ្ធសាសនា​បាន​ចាត់ទុកថា ម្តាយ​មាន​ចំណុច​សំខាន់​ជាង​ឪពុក​ចំនួន ៥​យ៉ាង​

វិស័យ​​ស្ថា​បត្យ​កម្ម​​ខ្មែរ​​ដ៏​​អស្ចារ្យ​​នា​​សម័យ​​បុរេ​ប្រ​វត្តិ​សា​ស្ត្រ

​​ស្ថាបត្យកម្ម​ថ្ម មានដូចជា ថ្ម​ធម្មជាតិ ដែល​គេ​បញ្ឈរ សម្រាប់​​សម្គាល់​ថា​ ជា​​ទី​​សក្ការៈ​បូជា ​ដ៏​​ស័ក្តិ​សិទ្ធិ​ ព្រមទាំង​ថ្ម​ដែក​ផង​នោះ គឺជា​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​អស្ចារ្យ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​តាំង​ពី​យូ​យារ​ណាស់​មកហើយ​។​ទន្ទឹមនឹងនេះ យើង​ក៏​បាន​ឃើញ​ដែរ​នូវ​រណ្តៅ​កប់​សព​ដែល​គេ​បាន​ចោះ​ក្នុង​ថ្ម និង​វត្តមាន​នៃ​ក្តា​មឈូស​ថ្ម និង​ឈើ​ជាដើម​។​ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​ភាព​អស្ចារ្យ​នេះ ជា​បន្ត​សូម​ស្តាប់​គួន សំបូរ​ពណ៌នា ដូចតទៅ​៖

​តាមរយៈ​របកគំហើញ​ខាង​បុរាណវិទ្យា​បុរេប្រវត្តិសាស្ត្រ​គួបផ្សំ​ទៅ​នឹង​ការវិភាគ​នៃ​កំណត់ហេតុ​ចិន​នា​សម័យ​ប្រវត្តិសាស្ត្រ​យើង​បានដឹង​អំពី​វិសាលភាព​នៃ​ទឹកដី​ខ្មែរ​នា​ដើម​ស​.​វ​ទី​១ នៃ​គ​.​ស​និង​កម្រិតវប្បធម៌​ដ៏​រុងរឿង​របស់​ជនជាតិ​ខ្មែរ​នៅ​លើ​ជ្រោយ​ឥណ្ឌូ​-​ចិន យើង​នេះ​។​ហើយ​ដោយសារ​យោងតាម​ទិន្នន័យ​វិទ្យាសាស្ត្រ​ទាំងនោះ ដែល​បុព្វការី​ជន​ខ្មែរ​បាន​បន្សល់​ទុក​ពាស​ពេញ​ទូទាំង​ភូមិភាគ​នេះ ជាពិសេស​នៅ​ប្រទេស​លាវ​/​ឡាវ វៀតណាម​កណ្តាល​និង​ត្បូង និង​ប្រទេស​ថៃ​បច្ចុប្បន្ន យើង​អាច​បញ្ជាក់បាន​ថា​ស្ថិត​ក្នុង​អម្បូរ​មន​-​ខ្មែរ ដូច​តា​ខ្មែរ​នា​សម័យមុន​ការបង្កើត​រដ្ឋ​ហ្វូ​-​ណន (​នគរ​ភ្នំ​) បាន​ស្គាល់​វិស័យ​ស្ថាបត្យកម្ម​ប្រចាំ​ជាតិ​របស់​ខ្លួន​រួច​ទៅ​ហើយ​។​

​ជា​រួម​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ក៏​ដូច​នៅលើ​ទឹកដី​កំណើត​របស់​ពូជសាសន៍​ខ្មែរ​ដែរ​មុន​ការ​លេចធ្លោ​ឡើង​នូវ​ប្រាង្គ​ប្រាសាទ និង​ទីក្រុង​បែប​ឥណ្ឌា ឬ​អ៊ឺ​រុប​វិស័យ​ស្ថាបត្យកម្ម​នា​សម័យ​បុរេប្រវត្តិ​សាស្ត្រ ត្រូវ​ចែក​ចេញជា​ពីរ​ប្រភេទ​ធំៗ​គឺ​ថ្ម និង ឈើ​។​ស្ថាបត្យកម្ម​ថ្ម មានដូចជា ថ្ម​ធម្មជាតិ ដែល​គេ​បញ្ឈរ សម្រាប់​សម្គាល់ថា ជា​ទី​សក្ការៈបូជា ដែល​មាន​លក្ខណៈ​ស័ក្តិសិទ្ធិ ព្រមទាំង​ថ្ម​ដេក​ដូចជា​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​លាវ​បច្ចុប្បន្ន​ដែល​តាមពិត​ទៅ​គឺ​គេ​ដាក់​គងលើគ្នា (​មួយ​ផ្ទាំង​នៅ​ពី​លើ និង​ពីរ​ទៀត​នៅ​​ខាង​ក្រោម​​ជា​​ទម្រង់​​)​​ដើម្បី​​បញ្ចុះ​សព​​។​ទន្ទឹមនឹងនេះ យើង​ក៏​បាន​ឃើញ​ដែរ​នូវ​រណ្តៅ​កប់​សព​ដែល​គេ​បាន​ចោះ​ក្នុង​ថ្ម និង​វត្តមាន​នៃ​ក្តា​មឈូស​ថ្ម និង​ឈើ​ដូច​ករណី​ក្តារ​មឈូស​នៅ​ស៊ុនឡុក (​កម្ពុជា​ក្រោម​) និង​ក្តារ​មឈូស​នៅ​ខេត្ត​កញ្ជនៈ​បុរី (​ប្រទេស​សៀម​)​។​

​ប្រភេទ​ស្ថាបត្យកម្ម​ទី​២ គឺ​ផ្ទះសម្បែង និង​ភូមិ​រាង​មូល ឬ​ដែល​មាន​រាង​ជា​ពងក្រពើ​ដែល​ជា​ទីប្រជុំជន ឬ​ទីក្រុង​បុរាណ ធ្វើ​អំពី​ដី​លើក ហើយ​មាន​គូរ​ទឹក​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ដែល​លោក​ភី​លិប ហ្គ្រោ​លី​យេ បាន​ឲ្យ​ឈ្មោះ​ថា វប្បធម៌​ភូមិ​មូល​នៅ​មេមត់​។​ដូចនេះ យើង​អាច​យល់​បាន​ថា ក្នុងសម័យ​បុរេប្រវត្តិសាស្ត្រ​យ៉ាងហោចណាស់​ក៏​ចាប់តាំងពី ១៥០០​ឆ្នាំ មុន​គ​.​ស​ពោលគឺ​ក្នុងដំណាក់កាល​បុព្វបុរស​ខ្មែរ បាន​ចេះ​ប្រើ​ផ្ទាំង​ថ្ម​ធម្មជាតិ​ធំៗ​ដើម្បី​ធ្វើ​ជា​និមិត្តសញ្ញា​ផ្សេងៗ និង​ដើម្បី​មូលហេតុ​ជំនឿ​សាសនា​។​ហើយ​​ទន្ទឹម​នឹង​នេះ ​ពួក​គេ​​ក៏​​ចេះ​​យក​​ថ្ម​​ធម្ម​ជាតិ​​ទាំង​នោះ​​មក​កែ​ច្នៃប្រឌិត​នូវ​សំណង់​ស្ថាបត្យកម្ម​ដំបូងបង្អស់​ដែរ​។ នៅទីនេះ​យើង​ចង់​និយាយ​ដល់​ថ្ម​បញ្ឈរ និង​ដេក ដែល​មាន​លក្ខណៈ​ជា​សកល​ហើយ​ដែល​ជា​សម្មិទ្ធផល​ឲ្យក្លាយ​ទៅ​ជា​របស់​មនុស្ស​សុទ្ធសាធ ខុស​ពី​ថ្ម​ធម្មជាតិ​ធំៗ​និង​ពើង ឬ​ពយ ដែល​ជា​ថ្ម​ធម្មជាតិ តែ​ផ្នែក​ខាងលើ​លយ​ចន្លោះ​មួយ​ល្មម​សមរម្យ​ធ្វើ​ជា​ជំរក​។​

​ទោះ​នៅ​ទី​ណាក៏ដោយ ក្នុង​ឧបទ្វីប​ឥ​ណ្ឌូ​-​ចិន​យើង​នេះ សម្មិទ្ធផល​ទាំង​នោះ​គឺជា​សញ្ញាណ​សំណង់​ស្ថាបត្យកម្ម​ដំបូងបង្អស់​របស់ ជាតិ​ខ្មែរ​ដែល​បាន​រីកដុះដាល​កាល​មុន​ការសាងសង់​នូវ​ប្រាង្គ​ប្រាសាទ​តាម​លំនាំ​ស្ថាបត្យកម្ម​ឥណ្ឌា​ដើម្បី​ឧទ្ទិស​ដល់​លទ្ធិ​ព្រហ្ម​ញ្ញ​សាស​នា​​មក​​ពី​​ឥណ្ឌា​​នា​​ដើម​​សម័យ​ ប្រវត្តិ​សា​ស្ត្រ​​។​​
​ខាងលើនេះ ស​ឲ្យឃើញ​ថា​សមត្ថភា​ពសា​ង​សង់​របស់​បុព្វការី​ជន​ខ្មែរ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​មាន​កម្រិត​ខ្ពស់​រួចទៅហើយ ហើយ​នា​សម័យ​នោះ​ពួកគេ​ក៏​ពិតជា​មាន​ទំនាក់ទំនង​ផ្នែក​វប្បធម៌​ជាមួយ​នឹង​តំបន់​ផ្សេងៗ​ឯ​ទៀត​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​។ បើ​យើង​ពិនិត្យមើល​សំណង់​ស្ថាបត្យកម្ម​ទាំងនោះ​ដែល​មាន​លក្ខណៈ​ស​ក​ល យើង​នឹង​ដឹងថា នៅ​ប្រទេស​អ៊ឺ​រុប គេ​ឲ្យឈ្មោះ​ថា វប្បធម៌​ថ្ម​។​

​សូម​រំលឹក​ថា មុន​ឆ្នាំ ១៩៨១ គ្មាន​ការសិក្សា​ស្រាវជ្រាវ​អំពី​វប្បធម៌​ថ្ម​ស៊ីជម្រៅ​ណាមួយ​នៅ​ប្រទេស​កម្ពុជា​នៅឡើយ ទោះ​ជា​គេ​ដឹង​ថា​មូលដ្ឋានគ្រឹះ​នៃ​ប្រព័ន្ធ​គំនិត​ខ្មែរ គឺ​ស្ថិត​លើ​ជំនឿ​បែប​ជី​វច​ល​និយម ជា​ពិ​សេស​ជំនឿ​លើ​ថ្ម​ធម្មធម្ម​ជាតិ ដូច​ជា​ការគោរព​បូជា​ថ្ម អ្នកតា ឬ​ភ្នំ​ជាដើម​ដែល​ដំណាង​ឲ្យ​បុព្វការី​ជន​។​​បើ​​​និយាយឲ្យចំ​ទៅ មិន​មែន​គេ​មិន​ទទួលស្គាល់​តួនាទី​យ៉ាង​សំខាន់​នៃ​ជំនឿ​លើ​ថ្ម​របស់​ជនជាតិ​ខ្មែរ ដែល​ជា​ជនជាតិ​ចាស់​នោះ​ទេ​។​កង្វះខាត​ផ្នែក​ទិន្នន័យ​បុរាណវិទ្យា​ចំពោះ​យើង​ប្រហែលជា​គេ​មិន​បាន​យក​ចិត្តទុកដាក់​លើ​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ​របស់​ជនជាតិ​ខ្មែរ ដែល​​បាន​​ផ្តល់​កំ​ណើត​​ឲ្យ​​ជន​ជាតិ​​នេះ​​។​​ត្បិត​​ទឹកដី​ទាំងនោះ​ត្រូវបាន​ផ្តាច់​បន្តិច​ម្តងៗ​ចេញពី​មាតុភូមិ​ខ្មែរ​ចាប់តាំងពី​ស​.​វ​ទី ១៣-១៤ ដោយ​ការកកើតឡើង​នូវ​រដ្ឋ​លាវ​និង​ថៃ​នៅលើ​សាកសព​នៃ​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​ចក្រភព​កម្ពុជទេស​។​បើ​ពិនិត្យ​ពី​សម័យមុន​ការ​លេចធ្លោ​រឿង​នៃ​រដ្ឋ​ទាំងពីរ​នេះ គេ​ពិតជា​យល់​ឃើញ​ថា​ការមកដល់​នៃ​ជនជាតិ​អម្បូរ​ថៃ​-​លា​វ ដែល​មាន​ប្រភព​ចេញពី​ភូមិ​ភាគខាងត្បូង​នៃ​ប្រ​ទេស​​ចិន​គឺ​ជា​បញ្ហា​ថ្មីថ្មោង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង នេះ​។​គឺ​ប្រការ​នេះ​ហើយ ដែល​ជម្រុញ​ឲ្យ​យើង​យល់​ឃើញ​ថា​គេ​ត្រូវតែ​បញ្ចូល​រាល់​ទិន្នន័យ​បុរាណវិទ្យា​ពាក់ព័ន្ធ​នឹង​វប្បធម៌​ថ្ម​ដែល​គេ​បាន​រកឃើញ​ក្នុង​ប្រទេស​ទាំង​ពីរ​ខាងលើ​នេះ ក្នុង​ខឿនវប្បធម៌​ខ្មែរ​បុរាណ​មុន​ការបង្កើត​រដ្ឋ​ហ្វូ​-​ណន ឬ​រដ្ឋ​ខ្មែរ​ដំបូងបង្អស់​។​

​អ្វី​ដែល​យើង​ទើប​លើកយក​មក​ជម្រាប​ខាងលើនេះ គឺ​នៅ​ធ្វើឡើង​ក្នុង​គំនិត​តែមួយ​គឺ​ការជៀសវាង​ការបកស្រាយ​ទិន្នន័យ បុរាណវិទ្យា​ខុស​។ ការបកស្រាយ​របៀបនេះ​ច្បាស់​ជា​នៅ​មាន​តាម​អត្ថបទ​មួយចំនួន ដែល​គេ​ចាត់ទុកថា សម្មិទ្ធផល​សង្គម​ទាំង​នោះ​គឺជា​សម្មិទ្ធផល​របស់​ម​នុស្ស​ចំណូល​ថ្មី​ក្នុង​តំបន់ ទោះបីជា​មាន​ការបំភ្លឺ​ឬ​ហាមប្រាម​របស់លោក ហ្ស​ក ស៊ឺ​ដេស ក៏ដោយ ។​
​ម្យ៉ាងវិញទៀត បើ​តាម​ការសង្កេត​របស់​យើង ការគោរព​បូជា​ថ្ម​បាន​បង្ហាញ​នូវ​និមិត្តរូប​ស៊ីជម្រៅ​របស់​ថ្ម​ធម្មជាតិ​ទាំងនោះ​ដែល​មាន​លក្ខណៈ​មិន​ខុស​គ្នា​អំពី​ជំនឿ​នៅ​អ៊ឺរ៉ុប​ប៉ុន្មាន​ដែរ​មុន​ការមកដល់​នៃ​គ្រិស្តសាសនា ដែល​មាន​ប្រភព​ចេញពី​ប្រទេស​អ៊ី​ស្រា​អែល​​តាម​រយៈ​​ប្រ​ទេស​​អ៊ី​តា​លី​​។ ​តែ​​ទោះ​ជា​​យ៉ាងណាក៏ដោយ​ក៏​យើង​បានឃើញ​វប្បធម៌​លើ​ថ្ម​នៅ​ឥ​ណ្ឌូ​-​ចិន​របស់​អម្បូរ​ខ្មែរ​មាន​លក្ខណៈ​ផ្ទាល់​របស់​វា​ដែរ​។​

​ដូចនេះ គេ​មិន​អាច​សរសេរ​អំពី​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​របស់​ខ្មែរ​ក្នុង​ដំណាក់កាល​ដំបូង ដោយ​មិន​ផ្អែក​លើ​ទិន្នន័យ​បុរាណវិទ្យា​ដែលជា​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ឡើយ​។ ត្រូវ​ជ្រាប​ថា សិល្បៈ​ស្ថាបត្យកម្ម​គឺ​អ្វីៗ​ដែល​បាន​បង្កបង្កើត​ស្ថាបនា​ឡើង ដោយ​ការកែ​ច្នៃប្រឌិត​របស់​ម​នុស្ស​ដែល​ប្រកប​ដោយ​គតិ និង​បញ្ញាញ្ញាណ ហើយ​តាម​ការ​តម្រូវការ​ប្រើប្រាស់​របស់​សង្គម​ទោះបីជា​វត្ថុ​ធាតុ​ដើម​​បាន​​ពី​​ធម្ម​ជាតិ​​ក្តី​​។

​យើង​សូម​ស្លេះ​តែប៉ុណេះ សប្តាហ៍​ក្រោយ​យើងខ្ញុំ​នឹង​លើកយក​វិស័យ​ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យ​បុរេប្រវត្តិ​សាស្ត្រ ម្តង់ទៀត ដោយ​លើកយក​ការផ្លាស់ប្តូរ​ទម្រង់ ឬ​ទំហំ​នៃ​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​ឬ​ប្រព័ន្ធ​ជំនឿ​សាសនា របស់​អតីត​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សារសំខាន់​នៃ​ស្ថាបត្យកម្ម​ខ្មែរ នេះ​ផង​ដែរ​

ភាសា​​​ខ្មែរ​មិន​មែន​​​កើត​ចេញ​មក​ពី​ ភា​​សា​​បាលី​​​-​​​សំ​​ស្ក្រឹត​​​​នៃ​​​នោះ​​​ទេ​​​

ភាសាបរទេស ដែល​នៅ​លាយឡំ ច្រើនជាងគេ ក្នុង​ភាសា​ខ្មែរ​យើង សព្វថ្ងៃ គឹ​ភាសាបាលី និង សំ​ស្ត្រឹត​។ ភាសាបាលី បាន​​ហូរ​​ចូល​មក​ ក្នុង​​ភា​សា​​ខ្មែរ ​តាម​រយៈ​​ពុទ្ធ​សាសនា​​ហីន​​យាន​​។​រីឯ​ភាសា សំស្ក្រឹត ហូរ​ចូល​តាមរយៈ ពុទ្ធ​សាស​នា​​ម​ហា​យាន​ និង​ ព្រា​​ហ្ម​ណ៏​​សាសនា ​។​ដោយសារតែ​ហេតុនេះហើយ​បានជា បានធ្វើ ឲ្យមាន​ជនមួយ​ចំនួនយល់​ខុស​ថា ភាសារ​ខ្មែរ មាន​ដើមកំណើត​ចេញពី​ភាសារ​ទាំងពីរ​ខាងលើនេះ​។​ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​ភាសារ​ទាំងនេះ ជា​បន្ត​សូម​ស្តាប់​ គួន សំបូរ​ ពណ៌នាដូចតទៅ​៖

​នៅលើ​ជ្រោយ​ឥណ្ឌូចិន​យើង​នេះ ជនជាតិ​ខ្មែរ​ដែល​ស្ថិតនៅ​ក្នុង​អម្បូរ​មន​-​ខ្មែរ ជា​ជនជាតិ​ចាស់​ជាងគេ ហើយ​ជនជាតិ​នេះ​មាន​វប្បធម៌​-​អារ្យធម៌​របស់​ខ្លួន​ផ្ទាល់​យ៉ាងហោចណាស់​ក៏​ពី​រវាង ១​លាន​ឆ្នាំ ឆ្នាំ មុន​គ​.​ស​មក​ហើយ​ដែរ ។ វប្បធម៌​នេះ មាន​ការវិវត្ត​ពី​សម័យ​មួយ​ទៅ​សម័យ មួយ ពី​ភាព សម្បូរ បែប ដល់​ភាព​លូតលាស់​រុងរឿង​លើ​គ្រប់​វិស័យ​។

​ដោយ​ផ្អែក​លើ​ព្រឹត្តិការណ៍​ធំៗ ដែល​ជា​សមិទ្ធផល​នៃ​សង្គម កាល​ប្រវត្តិសាស្ត្រ​កម្ពុជា ត្រូវ​គេ​បែងចែក​ជា​ពីរ​សម័យកាល គឺ​សម័យ​បុរេប្រវត្តិ​សាស្ត្រ និង​សម័យ​ប្រវត្តិសាស្ត្រ ។ គេ​អាច​ចែក​កាល ឬ​យុគ នី​មួយៗ​ខាងលើ​នេះ​ជា​ច្រើន​កង់​ថែម​ទៀត ដូចជា​សម័យ​ថ្ម​បរម​បុរាណ សម័យ​ថ្ម​ក្រួស​បំបែក សម័យ​លោហធាតុ សម័យ​ប្រវត្តិសាស្ត្រ​យុគ​បុរាណ យុគ​កណ្តាល និង​យុគ​ទំនើប ។ ក្នុងសម័យ​បុរេ​ប្រវត្តិ​សាស្ត្រ​​ដែល​បាន​កើតឡើង​ចាប់ពី​រវាង​ប្រមាណ ១ លាន​ឆ្នាំ រហូត​ដល់​ស​.​វ​ទី ១ មុន​គ​.​ស មនុស្ស​ខ្មែរ​ពុំទាន់ ចេះ​ប្រើ​តួ​អក្សរ កត់ត្រា​សម្រាប់ មនុស្ស​ជំនាន់ ក្រោយ នូវ​រឿងរ៉ាវ​សាសនា​សេដ្ឋកិច្ច និង​នយោបាយ​នៅ​ឡើយ​​ទេ​ ។​ គេ​​គ្រាន់​តែ​​ចង​ចាំ​​ដោយ​ការ​ទន្ទេញ​ចាំមាត់​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ សង្គម​គ្រួសារ​តែប៉ុណ្ណោះ ។ បរិបទ​វប្បធម៌​ខាងលើនេះ​គេ​អាច​ប្រៀប​នឹង​សហគមន៍​ខ្មែរលើ​ដូចជា​ព្នង ទំពួន​ជាដើម​ដែល​គ្មាន​ប្រវត្តិសាស្ត្រ សរសេរ​ដោយ​មាន​តែ​ការបញ្ជាក់​ពី​ថ្ងៃ​ខែ​របស់​ខ្លួន ។


​ប៉ុន្តែ​ការប្រើប្រាស់​តួរ​អក្សរ​នៅ​ពុំទាន់​បាន​ផ្សព្វផ្សាយ​ចូល​គ្រប់​ច្រកល្ហក​ពេញ​ប្រទេស​នៅ​ឡើយ​ទេ នា​សម័យ​ដើម​នោះ វា​ជា​បុព្វសិទ្ធិ​របស់​អ្នកដឹកនាំ​កំពូល ឬក៏​របស់​អ្នក​លក់ដូរ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ ។ ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រវត្តិសាស្ត្រ​ប្រចាំ​ជាតិ​របស់​ខ្លួន​ជាង ២០០០ ឆ្នាំ​មកហើយ ។

​រីឯ​ការប្រើប្រាស់​តួអក្សរ​ក៏មាន​ចំណាស់​ដូចគ្នា​ដែរ ទោះបីជា​នាគ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ ការអប់រំ​ការ​បង្រៀនអក្សរ ឬ​​ការ​ផ្សព្វ​ផ្សាយ​ និង​​ការ​ប្រើ​ប្រាស់​​តួអក្សរ​ពុំទាន់​មាន​លក្ខណៈ​ទូលំទូលាយ​ក៏ដោយ​។
​សូម​កុំ​ភ្លេច​ថា​អក្សរ​នេះហើយ មិន​គ្រាន់តែ​ជា​ឧបករណ៍​សម្រាប់​កត់ត្រា​ព្រឹត្តិការណ៍​ក្នុង​សង្គម​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ជា​យាន​សម្រាប់​ផ្សព្វផ្សាយ​នូវ​មនោគមន៍វិជ្ជា សាសនា និង​ជា​មធ្យោបាយ​សម្រាប់​ពង្រីក​អំណាច​កណ្តាល​របស់​ព្រះមហាក្សត្រ​ឬ​អ្នកដឹកនាំ​សង្គម​នៅពេល​នោះ​ផង​ដែរ​។

​នៅ​សម័យ​អាណានិគម​បារាំង​, វិវ​ឌ្ឍ​ន៏​នៃ​ភាសា​ខ្មែរ ត្រូវបាន​បន្ថយល្បឿន ហើយ​រត់​ទៅ​សំងំ​ក្នុង​វត្ត អារាម ដែល​មាន​ព្រះសង្ឃ ជួយ​ថែរក្សា​ទុក​អោយ ។​នៅពេល​នោះ​បារាំង​បាន​បង្ខំ​អោយ​ខ្មែរ រៀន​ភាសា​បារាំង ជា​យាន ជា​ផ្លូវការ​ដែល​ជា​បុព្វហេតុ​នាំអោយ​ខូច​ប្រយោជន៏​ដល់​ភាសា​ជាតិខ្មែរ​។

​ក្រោយ​ពី​ប្រទេស​កម្ពុជា​ទ​ទូល​បាន​ឯករាជ្យ ពី​ប្រទេស​បារាំង​នៅ​ក្នុង​ឆ្នាំ​១៩៥៣​រួចមក ភាសា​ខ្មែរ ត្រូវបាន​ប្រកាស​អោយប្រើ​ជា​ផ្លូវការ​។​កំនើត​គណះកម្មការ​វប្បធម៍ មហាវិទ្យាល័យ​គរុកោសល្យ (​អតីត​វ​ជ្ជា​ស្ថាន​​ជាតិ គរុកោសល្យ​) មហាវិទ្យាល័យ​អក្សរសាស្ត្រ វិជ្ជា​ស្ថាន ជាតិ​ខេ​មរ​នី​យាន​កម្ម ជំរុញអោយមាន​ការបង្កើត ពាក្យពេចន៏​ថ្មីៗ ជាច្រើន​ទៀត ដើម្បី​ប្រើការ អោយ​ទាន់​​សម័យ​និ​យម​​។​​ក្រៅ​​​​ពី​​កំនើត​​ពាក្យ​បង្កើត​ថ្មី គេ​ប្រទះឃើញ​ពាក្យ​បរទេស​ជាច្រើន ដែល​ត្រូវ​គេ​ប្រើ​លាយឡំ ក្នុង​ភាសា​ខ្មែរ ។ ឯ​ល្បាយ​ភាសា​នេះ កើត​ទ្បើង នៅពេល​ដែល​ខ្មែរ មាន​ទំនាក់ទំនង ជាមួយ​និង​បរទេស ដូចជា ទាក់ ទង​ក្នុង​កិច្ចការ​ទូត ទេសចរណ៏ ពាណិជ្ជកម្ម សិក្សា​អប់រំ ជំនឿ​សាសនា ។​ល​។ គេ​បានកត់សំគាល់ ឃើញថា ភាសា​ខ្មែរ មាន​អាយុ​វែង​កាលណា ល្បាយ​ភាសា​ក៏​កាន់តែ កើនឡើងៗ សឹងតែ រក​ពាក្យ​សុទ្ធ របស់​ខ្លួន​ពុំ​ឃើញ​។

​ឯ​ភាសាបរទេស ដែល​នៅ​លាយឡំ ច្រើនជាងគេ ក្នុង​ភាសា​ខ្មែរ​យើង សព្វថ្ងៃ គឹ​ភាសាបាលី និង សំ​ស្ត្រឹត​។ ភាសាបាលី បាន​ហូរ​ចូលមក ក្នុង​ភាសា​ខ្មែរ តាមរយៈ​ពុទ្ធសាសនា​ហីន​យាន​។ ឯ​ភាសា សំស្ក្រឹត ហូរ​ចូល​តាមរយៈ ពុទ្ធសាសនា​ម​ហា​យាន​ និង​ ព្រា​​ហ្ម​ណ៏​​សា​ស​នា ​។ ​ដោយ​ជនជាតិខ្មែរ និយម​គោរព​សាសនា មកពី​ប្រទេស​ឥណ្ឌា នេះហើយ បានជា បាលី​-​សំ​ស្ត្រឹត ព្រមទាំង​ក្បួន ខ្នាត វេយ​យ្យាក​រណ៏ របស់​ភាសា​នេះ មាន​ឥទ្ធិពល​ខ្លាំងក្លា មកលើ​ភាសា​ខ្មែរ​ទាំងមូល ហើយ​ចាក់ ឬ​ស ចាក់​គល់ រហូតមកដល់​សព្វថ្ងៃ ដែល​ជា​ហេតុ នាំ​អោយ​អ្នក​ខ្លះ លែង​មើលឃើញ លក្ខណៈ​ដើម នៃ ភាសា​ខ្មែរ រួច​ក៏​តាំង​ចោទថា ភាសា​ខ្មែរ មាន​ប្រភព​មក​ពី ភាសាបាលី​-​សំស្ក្រឹត ទៅវិញ​។ ការពិត ភាសា​ទាំងពីរ​នេះ ចូលមក​ដល់​ប្រទេស​ខ្មែរ ក្រោយពេល​ដែល​ខ្មែរ មាន​ភាសា​ផ្ទាល់ខ្លួន រួចស្រេច ទៅហើយ ។ ដូច្នេះ ភាសា​ខ្មែរ ពុំមែន​កើតចេញ មកពី ភាសាបាលី​សំស្ក្រឹត ឬក៏​ថា ភាសាបាលី​-​សំស្ក្រឹត ជា​ម្តាយ​នៃ​ភាសា​ខ្មែរ ដូច បាន​មាន​ប្រសាសន៍​របស់​ទស្សនៈ​មួយ​ចំនួន​នោះ​ឡើយ​។ ខ្មែរ​ប្រើ​ពាក្យ​បាលី​-​សំ​ស្ត្រឹត ជា​ពាក្យ​កំចី ដើម្បី​បង្គ្រប់ នូវ​កង្វះខាត តែប៉ុណ្ណោះ​។ រីឯ​ពាក្យ​បាលី​សំស្ក្រឹត ទាំងនេះ​សោត​ទៀត ក៏​ត្រូវ​កែប្រែ ទាំង​សៀង​ស័ព្ទ ទាំង​រូប​ស័ព្ទ ដើម្បី​អោយ​ស្របស្រួល មក​នឹង​សំដី​ខ្មែរ ចំណង់​ចំណូលចិត្ត​បែប​ខ្មែរ​។

​ខេ​មរ​នីយកម្ម​បែបនេះ ពុំមែន​ធ្វើ ចំពោះ​តែ​ពាក្យ​បាលី​-​សំស្ក្រឹត ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​គ្រប់​ភាសា បរទេស ​ដែល​​ជ្រាប​ចូល​មក​ក្នុង​​ភាសា​​ខ្មែរ​ គឺ​ត្រូវ ទទួល​ការផ្លាស់ប្តូរ អោយមាន​លក្ខណៈ ជា​ខ្មែរ​ដូចគ្នា ដែរ​។ ម្យ៉ាងវិញទៀត ភាសាបាលី​-​សំស្ក្រឹត ស្ថិតនៅ​ដាច់​អំពី​អំបូរ​ខ្មែរ​- មន ព្រោះ​មានវិ​ភតិ្ត នៅ​ក្នុង​អំបូរ ឥណ្ឌា​-​អឺរ៉ុប ឯណោះ​ទេ​។ ចំពោះ​ភាសា​ខ្មែរ ប្រសិនបើ​យើង​សិក្សា អោយ​ស៊ី​ជំរៅ ទៅលើ​ក្បួនខ្នាត វេយ្យាករ​ណ៏ យើង​នឹង​បានឃើញ អំពី​លក្ខណៈ​ខុសគ្នា រវាង​ពី​ភាសា​ខ្មែរ និង​​ភា​សា​បរ​ទេស​ ជាពិសេស ភាសាបាលី​សំស្ក្រឹត ។ ភាពខុស​គ្នា​នោះ អាស្រ័យ​ដោយ​ភាសា​ខ្មែរ មាន​លក្ខណៈ ពិសេស ធំៗ មួយចំនួន ដូចជា ការ​បន្លឺសំលេង ចំនួន​ព្យាង្គ​ស្រៈ ព្យាង្គ​ព្យ​ពា្ជ​នះ វិធី​កំលាយ​ពាក្យ លិង្គ វ​ចនះ និង ក្បួន​សម្ព័ន្ធ ។ លក្ខណៈ​ពិសេស​នេះ បង្ហាញអោយឃើញថា ភាសា​ខ្មែរ ជា​ភាសា ងាយ​សិក្សា ងាយ​យល់​ជាង​ពពួក​ភាសា​ឥណ្ឌូ​អឺរ៉ុប​ឆ្ងាយ​ណាស់​។


​ការ​លើកយក លក្ខណៈ​សំខាន់ៗ ខ្លះៗ នៃ​ភាសា​ខ្មែរ មក​ប្រៀបធៀប នឹង ភាសាបរទេស មាន​ភាសា បាលី​- សំ​ស្រឹ្កត​ជាដើម បាន​បញ្ជាក់​ឲ្យឃើញថា ប្លែក​គ្នា​ឆ្ងាយ​ណាស់ ទាំង​ផ្នែក​សួរ ផ្នែក​សព្ទ ផ្នែក​ស័ម្ពន្ធ ។ ភស្តុតាង ទាំងនេះ បានបញ្ជាក់​ថា ភាសា​ខ្មែរ មាន​លក្ខណៈ​ពិសេស របស់ខ្លួន ពោល​គឺ​ពុំមែន​កើតចេញ អំពី​ភាសា ដទៃ ណាមួយ​នោះ​ទ្បើយ ។ ទំនាក់ទំនង ជាមួយ​ភាសាបរទេស បាន​ធ្វើអោយ​មាន ល្បាយ​ភាសាបរទេស ក្នុង​ភាសា​ខ្មែរ ក៏ពិតមែន ហើយ ក៏ប៉ុន្តែ ការទទួល​ឥ​ទិ្ធ​ពល ភាសាបរទេស​នេះ តែង​ប្រព្រឹត្តទៅ ដោយ​ការ​ប្រែ​សំរួល អោយ ស្រប​ស្រួល ទៅ​នឹង​ភាសាជាតិ ជា​ដរាប តួយ៉ាង​ដូចជា កម្មវិធី ខេ​មរ​នីយកម្ម ចំពោះ​ភាសាបាលី​- សំស្ក្រឹត ដូច​បាន​ពោល នៅ​ខាងលើ រួចមកហើយ​។​
​ប្រសិនបើ​យើង បានដឹង បាន​យល់ អំពី​ដើមកំណើត និង ក្បួនខ្នាត ដ៏​ប្រពៃ នៃ​ភាសាជាតិ​របស់​យើង ហើយ តើ​យើង​ដែល​ជា​ខ្មែរ ត្រូវ​មាន​ករណីយកិច្ច​បែបណា​ដែរ​បន្តទៅទៀត​?​នេះ​ជា​សំនួរ​មួយ​សម្រាប់​ប្រជាជន​ជា​ពិសេស​យុវជន​កម្ពុជា​ទាំងអស់​ត្រូវតែ​យល់​ដឹង​។​

​ទោះបី​យើង មាន​ការលំបាក​ខ្លះៗ នៅក្នុង ការសរសេរ ឬ និយាយ ដោយសារ​ឥ​ទិ្ធ​ពលបរ​ទេស មក លើ ភាសា​យើង​យ៉ាងណា ក៏​យើង​គប្បី​ត្រូវមាន ស្មារតី​ជាតិនិយម ជាប់​ជានិច្ច ក្នុងការ​លើក​តំកើង ភាសា ជាតិ ដោយ​នាំគ្នា​និយម ប្រើ​ភាសាជាតិ ក្នុងករណី​ណា​ដែល​អាច ជៀសវាង ភាសាបរទេស​បាន ហើយ​ខំ​ការពារ ភាសា​ខ្មែរ កុំឲ្យ​បាត់បង់​នៅ​ពេល​ខាង​មុខ​​៕​

ជីវប្រវត្តិលោក ឌឹក គាម

លោក ឌឹក គាម កើតនៅថ្ងៃទី០៥ ខែមករា ឆ្នាំ ១៩៣៦ នៅសង្កាត់ប្ញស្សីកែវ ស្រុកឆ្លូង ខេត្ត ក្រចេះ។ * ស្នាដៃរបស់លោករួមមាន៖ + វេយ្យាករណ៍ដោយរូបភ...