នៅឆ្នាំ ១៤៣១ ព្រះបាទពញាយ៉ាត ទ្រង់បានលើករាជធានីពីអង្គរ ទៅតាំងនៅ ទួលបាសាន ក្នុង ខេត្តស្រីសឈរ (កំពង់ចាម) វិញ។ តែដោយតំបន់នោះរងគ្រោះដោយទឹកជំនន់ ព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពី ទួលបាសាន ទៅតាំងនៅចតុមុខវិញ។ ក្រោយពីការកសាងរាជធានីរួចរាល់ ព្រះរាជាទ្រង់តាំងប្រទាននាមឲ្យព្រះនគរថា ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ។ដើម្បីយល់កាន់តែច្បាស់ប្រវត្តនៃការការកសាងរាជធានីចតុមុខនេះ ជាបន្តសូមស្តាប់គួន សំបូរពណ៌នា ដូចតទៅ៖
ព្រះបាទបរមរាជាចៅពញាយ៉ាត ទ្រង់បានលើករាជធានីទៅតាំងនៅទួលបាសានក្នុងខេត្ត ស្រីសឈរ(កំពង់ចាម) វិញតែគង់នៅទីនោះបានតែ ១ឆ្នាំ (ក្បួនខ្លះថាដល់៩ឆ្នាំ)ដោយមានទឹកជំនន់ធំខុសធម្មតាព្រះអង្គក៏បញ្ជាអោយលើករាជធានីពីទួលបាសានទៅតាំងនៅក្រុងភ្នំពេញវិញនៅលើត្រើយខាងលិចនៃទន្លេច្រាបឈាម។ ព្រះអង្គទ្រង់ត្រាស់បង្គាប់អោយ សម្ដេចចៅពញាកែ និង ឧកញ៉ាហោរាធិបតីខៀវ ព្រមដោយមន្ត្រីឯទៀតខ្លះផងអោយទៅពិនិត្យមើលទីដីដែលស្ថិតនៅជិតៗភ្នំដូនពេញ។លុះទៅធ្វើការពិនិត្យក្បួនតម្រាសព្វគ្រប់ហើយមន្ត្រីទាំងនោះក៏ថ្វាយដំណឹងទៅព្រះរាជាវិញថាតំបន់ដែលស្ថិតនៅទិសអាគ្នេយ៍នៃភ្នំដូនពេញ មានជ័យភូមិល្អល្មមស្ថាបនារាជធានីបាន។ ព្រះអង្គក៏ទ្រង់ត្រាស់អោយអស់ចៅហ្វាយស្រុកកែនរាស្ត្រមកជួយកសាងព្រះរាជធានី លើកដីធ្វើកំពែង សង់ប្រាសាទនិងតំណាក់តូចធំក្នុងរយៈពេលដ៏ខ្លីបំផុត ។លុះកិច្ចការបានបំពេញចប់សព្វគ្រប់ហើយ ព្រះអង្គក៏បានយាងមកគង់នៅរាជវាំងភ្នំដូនពេញតាមផ្លូវទឹកដោយមាននាម៉ឺនសព្វមុខមន្ត្រីដង្ហែមកផង ។ លុះយាងមកដល់ហើយ ព្រះអង្គក៏ទ្រង់ត្រាស់បង្គាប់ ចៅពញាតេជោ ចៅហ្វាយស្រុកខេត្តសំរោងទង អោយកែនរាស្ត្រលើកដីចាក់បំពេញតំបន់នៅជុំវិញវត្តភ្នំ និងក្នុងរាជវាំង។ដូច្នេះតំបន់នោះក៏បានរាបស្មើល្អ រហូតដល់មាត់ទន្លេដែលអ្នកផងនិយមហៅកំពង់រាបចាប់តាំងពីពេលនោះមក។ ឯទីដែលចៅពញាតេជោអោយរាស្ត្រជីកយកអាចម៍ដីនោះក៏ក្លាយទៅជាបឹងមួយធំជ្រៅទូលាយទើបបានគេអោយឈ្មោះហៅបឹងតេជោ តរៀងមក គឺទីដីត្រង់ផ្សារថ្មីសព្វថ្ងៃ។
តមកទៀតព្រះរាជាទ្រង់ត្រាស់បង្គាប់ ឧកញ៉ាវង្សាអនុជិតផ្លុង ចៅហ្វាយស្រុកខេត្តបាទីអោយជីកព្រែកបង្ហូរទឹកទន្លេចូលទៅក្នុងបារាយណ៍មួយ នៅក្នុងរាជធានីសម្រាប់យកទឹកប្រើប្រាស់ដល់ប្រជារាស្ត្រទាំងអស់គ្នា ព្រែកនោះគេហៅថា ព្រែកឧកញ៉ាផ្លុង។ បើតាមស្រាវជ្រាវទៅឃើញថាពីដើមព្រែកនេះស្ថិតនៅតាមបណ្ដោយសួនច្បារនៅមុខស្ថានីយកណ្ដាលនៃអយស្ម័យយាន គឺស្របនឹងវិថីឧកញ៉ាផ្លុងសព្វថ្ងៃនេះឯង។ ដើម្បីជាកិច្ចការពារ ព្រះរាជាទ្រង់បញ្ជាអោយជីកគូ និងលើកដីកំពែង ជាបន្ទាយព័ទ្ធជុំវិញរាជធានី។ ដូច្នេះ នៅទិសខាងត្បូងគឺ ព្រែកតាកែវ ខាងលិច ព្រែកអូគរ ខាងជើង ព្រែកពោងពាយ ឬ ព្រែកចិនដំដែក ព្រោះនៅកន្លែងនោះមានជនជាតិចិនរកស៊ីរបរដំដែក។
ក្រៅពីមុខងារការពារក្រុងព្រែកទាំងនោះនៅមានមុខងារសំខាន់ម្យ៉ាងទៀតគឺយកទឹកសម្រាប់អោយរាស្ត្រធ្វើស្រែនៅទិសខាងលិច ។ ពួកនាម៉ឺនសព្វមុខមន្ត្រីនិងពួកប្រជារាស្ត្របានសង់គេហដ្ឋានរៀងៗខ្លួនក្នុងបរិវេណនៃរាជធានី ។លុះសម្រេចការកសាងហើយ ព្រះរាជាទ្រង់តាំងប្រទាននាមព្រះនគរថា ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរ ឥន្ទបត្តបុរី រដ្ឋរាជ សីមា មហានគរ ។ ចំណែកឯទន្លេច្រាបឈាម ក៏ត្រូវបានប្រសិទ្ធិនាមថ្មីថា ទន្លេចតុមុខ វិញដែរ។ ក្រោយបន្តិចមក ព្រះរាជបុត្រច្បងព្រះនាម នរាយណ៍រាជា ទ្រង់បានតែងតាំងជាឧបរាជ ហើយយាងទៅគង់ក្នុងព្រះតំណាក់នៅជ្រោយរលួស។ ឯព្រះរាជបុត្រទីពីរព្រះនាម ស្រីរាជា យាងទៅគង់នៅខាងលិច ត្រង់ដីទួលមួយកន្លែងដែលតមកគេហៅថា ទួលព្រះស្រី (ម្ដុំវត្តព្រះពុទ្ធមានបុណ្យសព្វថ្ងៃ)។ នៅគ្រានោះ ព្រះវិហារកសាងឡើងដោយដូនពេញក៏បានទ្រុឌទ្រោមខ្លះទៅតាមកាលវេលា។ ព្រះបាទបរមរាជាចៅពញាយ៉ាតទ្រង់បានកសាងវិហារនោះជាថ្មីឡើងវិញដោយពង្រីក និងពូនភ្នំដីអោយកាន់តែខ្ពស់ជាងដើមហើយទ្រង់ចាត់អោយក្រាលថ្មនៅកំពូលខាងលើនិងកសាងចេតិយមួយយ៉ាងធំពីខាងក្រោយព្រះវិហារ។រួចព្រះអង្គទ្រង់បញ្ជាអោយទៅយកព្រះពុទ្ធបដិមាលង្ហិនដែលសេសសល់នៅនគរវត្ត ព្រមទាំងរូបសិង្ហតោ មកតំកល់និងតាំងនៅលើភ្នំនោះ។ពិធីត្រូវធ្វើអស់រយៈពេលបីថ្ងៃគេយកព្រះពុទ្ធបដិមាដែលដូនពេញបានរកឃើញពីក្នុងដើមគគីរពីមុននោះទៅតម្កល់ក្នុងជាន់ខាងលើនៃចេតិយធំ ឯព្រះពុទ្ធបដិមាដែលយកពីនគរវត្តត្រូវបានតម្កល់នៅក្នុងជាន់ក្រោម។ វត្តភ្នំដូនពេញត្រូវប្រសិទ្ធិនាមថ្មីថា វត្តព្រះចេតិយបព៌ត វិញ។ ក្រៅពីនេះ ព្រះរាជាទ្រង់បានចាត់អោយកសាងវត្តអារាម នៅច្រើនកន្លែងក្នុងរាជធានី : វត្តពីរនៅខាងកើតវត្តភ្នំគឺ វត្តធម្មលង្កា និង វត្តកោះ វត្តមួយនៅខាងត្បូងអូរចិនដំដែកគឺ វត្តព្រះពុទ្ធឃោសា (សព្វថ្ងៃហៅ វត្តព្រះពុទ្ធឃោសារាម ឬវត្តចិនដំដែក នៅជាប់នឹងវត្ត ពិភទ្ទរង្សីមានវិថីឧកញ៉ាអ៊ុំខណ្ឌកណ្ដាល។នៅខាងមុខព្រះវិហារវត្តនេះសព្វថ្ងៃគេឃើញមានរូបទ្វារបាលពីរនាក់ជារូបចិនដែលគេអាចមើលស្គាល់យ៉ាងងាយដោយសារលក្ខណៈ មុខមាត់ សម្លៀកបំពាក់និងគ្រឿងអាវុធ)វត្តមួយនៅត្រង់មាត់ទន្លេក្បែរពាកព្រែកឧកញ៉ាផ្លុងគឺ វត្តពាមផ្លុង វត្តមួយនៅត្រង់ចេតិយធំ វត្តឧណ្ណាលោមហើយវត្តមួយទៀតហៅវត្តខ្ពបតាយ៉ង។
ជាការកត់សំគាល់ថាវត្តចុងក្រោយនេះ សព្វថ្ងៃស្ថិតនៅត្រង់វត្តបទុមវតី។ បើតាមអក្សរចារឹកតំកល់នៅទីនោះ ព្រះបាទបរមរាជាចៅពញាយ៉ាតបានសាងវត្តនេះនៅ គ.ស. ១៤៤២ លើទីមួយមានទំហំ ២០២ម X ២៦០ម។ វត្តនេះគេហៅថា វត្តខ្ពបតាយ៉ង ព្រោះនៅខាងត្បូងមាន ខ្ពបរបស់តាយ៉ង។ ព្រះវិហារវត្តនេះត្រូវបានកសាងថ្មីពីរលើកទៀត៖លើកទី១ នៅគ.ស. ១៨៦៥ ក្នុងរជ្ជកាលព្រះបាទសម្ដេចនរោត្តម លើកទី២ នៅគ.ស.១៩៣៧ ក្នុងរជ្ជកាលរបស់ព្រះស៊ីសុវត្ថិមុនីវង្ស។ គួរគប្បីជ្រាបម្យ៉ាងទៀតថា វត្តឧណ្ណាលោមនៅរក្សាឈ្មោះដដែលតាំងពីពេលកសាងរហូតមកដល់សព្វថ្ងៃហើយឈ្មោះនេះត្រូវបានប្រសិទ្ធឡើងដោយយកតាមឈ្មោះចេតិយដែលគេបញ្ចុះព្រះឧណ្ណាលោមគឺរៀមប្រជុំចិញ្ចើមនៃព្រះ អស្សជិតត្ថេរ។ នៅខាងមុខវត្តនេះ គឺនៅជិតមាត់ទន្លេ ព្រះរាជាទ្រង់អោយសាងឃ្លាំងមឿងមួយ (អ្នកតាចាំស្រុក)ឈ្មោះ អ្នកតាប្រាជ្ញ
៕
៕
No comments:
Post a Comment